Friday, November 17, 2017

ធម្មៈអប់រំចិត្ត រឿងឈប់…មិនបាន


ធម្មៈអប់រំចិត្ត រឿងឈប់មិនបាន

ពាក្យថា ឈប់ មានន័យច្រើនយ៉ាង ដូចជា ន័យថានៅនឹងទី ឬមិនអភិវឌ្ឍ  ឬមិនធ្វើអ្វីបន្តទៅទៀត  តួយ៉ាង ដូចជា រថយន្តឈប់ គឺឈប់នៅត្រង់ទី បេះដូងឈប់លោត គឺជាជីវីត្រូវចប់ ឈប់និយាយ ឈប់ធ្វើ ក៏មានន័យថា មិននិយាយ មិនធ្វើរឿងនោះទៀត  ឈប់ជក់បារី ឈប់ផឹកស្រី ឈប់លេងល្បែង គឺឈប់ផ្ដាច់ពីវត្ថុនោះចោល ។ ការឈប់ជាកិរិយាអាការៈ ដែលមានផលវិជ្ជមានផង និងផលអវិជ្ជមានផង ពោលគឺ បើសិនឈប់ក្នុងរឿងដែលគួរធ្វើ អាចបង្កឲ្យកើតមានគ្រោះមហន្តរាយ ឬសេចក្ដីវិនាស ច្រើនជាសេចក្ដីថ្កុំថ្កើងរុងរឿង ដូចជា វ័យក្មេង គួរខិតខំសិក្សាសូត្ររៀន ប៉ុន្តែឈប់រៀន ក៏ក្លាយទៅជាមនុស្សល្ងិតល្ងង់ គ្មានចំណេះវិជ្ជា ខ្វះភាពឆ្លាតវៃ ខ្វះឧបករណ៍ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ឈប់ធ្វើអំពើល្អ អំពើល្អគ្មានចម្រើនឡើង ឬក៏ឈប់សន្សំទ្រព្យ ក៏គ្មានទ្រព្យសម្បត្តិអ្វីកើនឡើង ។

ព្រោះថា ពុទ្ធសាសនាអប់រំឲ្យឈប់ធ្វើអាក្រក់តាមផ្លូវកាយ វាចា និងគិតអាក្រក់តាមផ្លូវចិត្ត ព្រោះអំពើអាក្រក់ មិនបង្កឲ្យកើតបានផលល្អតែប្រការណាទេ ប៉ុន្តែមានរឿងមួយដែលឈប់មិនបានគឺ ការឈប់ធ្វើអំពើល្អ ព្រោះអំពើល្អជារឿងលើកតម្កើងជីវិតឲ្យមានគុណតម្លៃជានិច្ច ។ មនុស្សល្អនោះ បូរាណពោលទុកថា ធ្លាក់ទឹកមិនហូរ ធ្លាក់ភ្លើងមិនឆេះមានន័យថា អំពើល្អដែលខ្លួនបានធ្វើទុកដល់ក្លាយជាសាច់សុទ្ធរបស់ជីវិត នឹងពិភ័ក្ដិរក្សាម្ចាស់នៃអំពើល្អ ឲ្យរួចទុក្ខផុតភ័យទាំងឡាយទាំងពួង និងខ្លួនឯងក៏មានមោទនភាព ចំពោះអំពើល្អរបស់ខ្លួនដោយហេតុនេះ ទើបលោកអប់រំឲ្យធ្វើអំពើល្អជារឿយៗ តាមរយៈផ្លូវកាយ វាចា និងគំនិតតាមផ្លូវចិត្ត ដោយវិធីសាស្ត្រផ្សេងៗ ដូចជាស្រោចស្រង់សង្គ្រោះអ្នកដទៃ ការប្រព្រឹត្តប្រតិបត្តិតាមច្បាប់របស់សង្គម និងការហ្វឹកហាត់ចិត្តខ្លួនឲ្យមានគុណធម៌ ដើម្បីបង្អោនខ្លួនឲ្យមានដំណើរការប្រព្រឹត្តល្អ ចូលទៅក្នុងសង្គមដោយកិត្តិយស និងសមតម្លៃនៃភាពជាមនុស្សជាដើម ។ ចំណែកមនុស្សដែលឈប់ធ្វើអំពើល្អនោះ ចាត់ទុកថា ជាមនុស្សខ្វះសេចក្ដីលូតលាស់រីកចម្រើន មិនបានអភិវឌ្ឍខ្លួន និងជាមនុស្សហួសសម័យនិយម ។

ដូចនោះ វត្ថុដែលគួរឈប់ គឺឈប់ការធ្វើនូវអំពើអាក្រក់គ្រប់ប្រភេទ ទាំងផ្លូវកាយ ទាំងផ្លូវវាចា ព្រមទាំងផ្លូវចិត្ត ព្រោះអំពើអាក្រក់ជារឿងដែលគួរឲ្យស្អប់ខ្ពើម ប៉ុន្តែអ្វីដែលឈប់មិនបានគឺការធ្វើអំពើល្អ ព្រោះបើសិនជាឈប់ធ្វើអំពើល្អពេលណា ជីវិតរមែងមិនលូតលាស់រីកចម្រើន មានតែថយចុះ ស្មើនឹងថា បានសាងភាពអស់សង្ឃឹម ឲ្យដល់ជីវិតរបស់ខ្លួនឯងដោយពិត ៕



Thursday, November 16, 2017

ធម្មៈមុនចូលដេកៈ រឿង ពិភពលោកនាពេលព្រឹក


ធម្មៈមុនចូលដេកៈ រឿង ពិភពលោកនាពេលព្រឹក

រឿងពិភពលោកនាពេលព្រឹកពិភពលោកក្នុងពេលព្រឹកស្វាងរស្មីនៃព្រះអរុណោទ័យ មិនថាគយគន់សម្លឹងមើលទៅទិសណា ក៏អាចមើលឃើញអ្វីគ្រប់យ៉ាងបានច្បាស់ៗ មិនចាំបាច់ទាយស្មានៗព្រាលៗ ឬមើលខុសភ្លាំងភ្លាត់ ដូចជាពេលយប់អាធ្រាត្រ ព្រមទាំងអាកាសធាតុក៏ត្រជាក់ស្រួលសប្បាយ ធ្វើឲ្យមានសភាពស្រស់បស់ដល់ជីវិតរុក្ខជាតិសត្វមនុស្សផងទាំងឡាយ ។ ពេលល្មមព្រះទិន្នករះឡើងនៅឯជើងមេឃ សោភ័ណភាពនៅលើផ្ទៃពិភពលោក ដែលយើងមើលឃើញនិងរីករាយក្នុងពេលព្រឹក ក៏ត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃរាត្រីកាល ទោះបីជាមានពន្លឺរស្មីនៃព្រះច័ន្ទ ឬផ្កាយជួយបញ្ចេញរស្មីឲ្យភ្លឺស្វាងខ្លះៗក៏ដោយ ក៏ប៉ុន្តែធ្វើឲ្យការមើលឃើញបានស្រពិចស្រពិល មិនច្បាស់ស្មើនឹងពន្លឺរស្មីព្រះអាទិត្យឡើយ ។

ខាងក្នុងចិត្តរបស់មនុស្សយើងក៏ដូចគ្នា ពេលណាមានភាពច្បាស់ស្រឡះល្អ គ្មានមន្ទិលសៅហ្មងល្អក់កករ ក៏ដូចជាពិភពលោកក្នុងពេលព្រឹក ដែលមានរស្មីចែងចាំង មានបរិយាកាសដ៏ស្រស់បស់ មនុស្សដែលមានអារម្មណ៍ ដូចជាពិភពលោកនាពេលព្រឹកដូចនេះ ទោះបីគេនៅក្នុងផ្ទះខ្ទម ឬនៅក្នុងសភាពដែលស្លៀកពាក់សំលៀកបំពាក់ដាច់ដាចចាស់ៗក៏ដោយ ក៏មានសេចក្ដីសប្បាយចិត្តរីករាយ ។ ចិត្តដែលសប្បាយរីករាយស្រស់ស្រាយនេះហើយ មានសភាពជាកុសល ជាផ្លូវនៃបញ្ញា និងចំពោះការចេះទទួលខុសត្រូវ ល្អអាក្រក់ មានការស្អប់ខ្ពើម ខ្មាសបាបខ្លាចបាបចំពោះអំពើអាក្រក់គ្រប់ប្រភេទ ។ បើដរាបណាចិត្តត្រូវបានគ្របដណ្ដប់ដោយភាពងងឹត ទៅដោយអំណាចរបស់កិលេស មានលោភៈ ជាដើម ក៏ជាចិត្តដែលខ្វះកម្លាំង ធ្វើឲ្យឃើញវត្ថុផ្សេងៗ បានស្រពិចស្រពិល ឬឃើញខុសឃ្លាតចាកពីសភាវៈពិត ដូចជា ឃើញវត្ថុស្មោគគ្រោកជាស្អាត ឃើញបាបជាបុណ្យ ឃើញគុណជាទោស ឃើញខុសជាត្រូវបាន ។

ដូចនោះ ទើបគួរសង្រួមខ្លួនឯងឲ្យបានគ្រប់ខណៈ ហើយព្យាយាមសម្រួលចិត្តឲ្យដូចជាពិភពលោកនាពេលព្រឹក ដើម្បីជីវិតនឹងបានជួបប្រទះជាមួយរឿងល្អៗរាល់ថ្ងៃ ៕



រណ្ដៅកប់សពរបស់មនុស្សរស់


រណ្ដៅកប់សពរបស់មនុស្សរស់

ធម្មៈនិងជីវិត ស្តីពី រណ្ដៅកប់សពរបស់មនុស្សរស់អ្នកប្រាជ្ញព្រឹទ្ធបណ្ឌិត ពោលទុកដាស់តឿនចិត្តទុកថា សេចក្ដីខ្ជិលច្រអូស គឺរណ្ដៅកប់សពរបស់មនុស្សរស់។ សេចក្ដីខ្ជិលច្រអូស ឬការស្ពឹកស្រពន់ មានន័យថា ការមិនចង់ធ្វើតួនាការងារអ្វី ដែលមានលក្ខណៈផ្ទុយគ្នាពីសេចក្ដីឧស្សាហ៍ព្យាយាម ។ សួរថា ហេតុអ្វីសេចក្ដីខ្ជិល ទើបបានជាចំណុចរណ្ដៅកប់សពរបស់មនុស្សរស់? តបថា ព្រោះបុគ្គលខ្ជិលច្រអូស ទោះជានឹងមានជីវិតរស់ ក៏លោកប្រៀបដូចជាមនុស្សដែលស្លាប់បាត់ទៅហើយ ពោលគឺ នឹងបរាជ័យក្នុងជីវិត  គិតល្អក្នុងជីវិត និងតួនាទីការងារអ្វីមិនបានឡើយ ។ បុគ្គលខ្ជិលច្រអូសទើបអស់តម្លៃ ជាទីស្អប់ខ្ពើម ជាស្នៀតរបស់សង្គម ដូចពាក្យមុតន័យជ្រៅពោលទុកថា ឈើកិតគូថគ្នាល្អជាងមនុស្សខ្ជិល មនុស្សខ្ជិលជាស្នៀតសង្គម, ភាពខ្ជិលជាសត្វរុយ ការព្យាយាមជាសត្វឃ្មុំ។ ដូចនោះ នៅក្នុងព្រះពុទ្ធសាសនា ទើបចាត់ទុកថា សេចក្ដីខ្ជិលច្រអូសជាអបាយមុខគឺជា ផ្លូវនៃសេចក្ដីវិនាសមួយប្រការ ។

លក្ខណៈរបស់មនុស្សខ្ជិល តាមទ្រឹស្តីទស្សនៈផ្នែកព្រះពុទ្ធសាសនាមាន ៤ ប្រការគឺ៖

១) ខ្ជិល គឺធ្ងន់មិនយក ស្រាលមិនស៊ូ ដូចជា បានទទួលមុខងារក្នុងកិច្ចការអ្វីមួយហើយ ក៏បណ្ដោយឲ្យវារបូតទៅវិញ  មិនធ្វើតួនាទីកិច្ចការងារនោះ ទាល់តែកើតមានផលវិបត្តិដល់តួនាទីការងារនោះៗ ។

២) ប្រព្រឹត្តអំពើទុច្ចរិត (ទុច្ចរិតៈ) គឺការប្រព្រឹត្តខូច សាងហេតុមិនល្អ  ប៉ុន្តែចង់បានទទួលផលល្អដូចអ្នកដទៃ ជាដើម ។

៣) ធ្វើការរួញរា (សិថិលៈ) គឺធ្វើអ្វីលេង ធ្វើសើរៗ មិនធ្វើឲ្យអស់ពីចិត្ត អស់ពីសមត្ថភាព ប៉ុន្តែចង់បានផលសម្រេច ។

៤) ធ្វើការងារគរទុកចោល គឺចូលចិត្តទុកសិនចាំថ្ងៃស្អែកសឹមធ្វើ រកលេសនេះ រកលេសនោះ ហើយធ្វើការងារអ្វីឡើយ ។

វិធីដោះស្រាយសេចក្ដីខ្ជិលគឺ៖
    
១) ធ្វើថ្ងៃនេះកុំចាំថ្ងៃស្អែកពេលបានទទួលកិច្ចការអ្វីហើយ គួរតែប្រញាប់ធ្វើវាភ្លាមៗ កុំបង្អែរបង្អង់ចាំថ្ងៃនេះថ្ងៃនោះ ដូចជា ចាំថ្ងៃស្អែកសឹមធ្វើ ជាដើម ។

២) ដឹងតួនាទីពេលបានទទួលនាទីកិច្ចការហើយ គួរសិក្សារៀនស្គាល់ឲ្យយល់ និងព្យាយាមធ្វើឲ្យសម្រេចរាបរយល្អបំផុត និងឲ្យទាន់តាមកាលកំណត់ទុក ។
    
៣) រលឹកដល់តួនាទីពេលបានទទួលនាទីកិច្ចការអ្វីហើយ គូរមានសេចក្ដីឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់ មានមនសិការថា យើងមានកិត្តិយស មានភព្វសំណាង មានចំណូលសម្រាប់ចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារ ក៏ព្រោះតែតួនាទីកិច្ចការនេះ ប្រៀបដូចប្រភពស្រូវប្រភពទឹករបស់យើងអ៊ីចឹងដែរ ។

ដូចនោះ បុគ្គលសង្ឃឹមសេចក្ដីសុខ សេចក្ដីចម្រើនរុងរឿងក្នុងជីវិត និងនាទីកិច្ចការ ទើបគួរលះបង់ទម្លាប់ខ្ជិល រួចហើយបណ្ដុះសេចក្ដីព្យាយាម ការទទួលខុសត្រូវក្នុងមុខតួនាទីចាប់ពីថ្ងៃនេះ ពេលនេះតទៅ ៕



Tuesday, November 14, 2017

រឿង សល់តែខ្លួន


រឿង សល់តែខ្លួន

និទានធម្មៈគតិអប់រំចិត្ត រឿងសល់តែខ្លួន មានរឿងដំណាលថា ឈ្មួញប្រុសម្នាក់ បានជួលសត្វលាដើម្បីដឹកឥវ៉ាន់ទៅលក់ស្រុកក្រៅ ខណៈដែលធ្វើដំណើរយ៉ាងវែងឆ្ងាយកណ្ដាលថ្ងៃត្រង់ ដែលមានកំដៅថ្ងៃខ្លាំង គេនិងម្ចាស់សត្វលាដែលរួមដំណើរជាមួយគ្នា ទើបឈប់សត្វលា រួចក៏អាស្រ័យស្រមោលសត្វលានោះជាទីបាំងកំដៅថ្ងៃ ។ មួយសន្ទុះ អ្នកជួលសត្វលាក៏និយាយថា លោកគ្មានសិទ្ធិដែលនឹងអាស្រ័យម្លប់ស្រមោលសត្វលាមួយក្បាលនេះទេ ព្រោះយើងបានជួលមកបង់លុយទៅឲ្យលោកអស់ហើយ ចូរចេញទៅ យើងនឹងបាំងស្រមោលសត្វលានេះតែម្នាក់ឯង។ ចំណែកខាងម្ចាស់សត្វលាក៏ប្រកែកឡើងថា លោកជួលតែសត្វលាទេ មិនបានជួលស្រមោលរបស់សត្វលាទេ បើសិនជួលទាំងអស់ ទាំងខ្លួន ទាំងស្រមោល តម្លៃជួលនឹងត្រូវឡើងខ្ពស់ជាងនេះ ។ ដូចនោះ ស្រមោលរបស់សត្វលានៅជារបស់យើង លោកទៅវិញទេ ដែលត្រូវចេញទៅឲ្យផុត។ ទាំងពីភាគីប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ចុងក្រោយក៏វាយតប់គ្នា ។ សត្វលាដែលឈរក្នុងទីនោះក៏ភ្ញាក់ផ្អើលពីការវាយតប់គ្នារបស់ពួកគេ វាទើបបោលរត់គេច ចោលទាំងមនុស្ស និងរបស់ទុកឲ្យនៅកណ្ដាលហាលថ្ងៃនោះទៅ ។

និទានធម្មៈគតិអប់រំចិត្ត ក្នុងរឿងនេះអប់រំថា មនុស្សដែលឃើញពីខ្លួនឯង (អាត្មានិយម) ដល់ទីបំផុតអាចនៅសល់តែខ្លួនបាន ដូចពាក្យថា៖
  
បរិវារមកព្រោះទឹកចិត្តមាន
បរិវារគេចព្រោះទឹកចិត្តធ្លាក់
បរិវារអស់ព្រោះទឹកចិត្តស្ងួត ។

 ក្នុងភាពជាក់ស្ដែង ទោះបីជាបរិវារនៅមិនទាន់គេច និងនៅមិនទាន់អស់ទៅភ្លាមៗ ប៉ុន្តែរឿងដែលគេច និងអស់ទៅមុនអ្វីទាំងអស់នោះគឺ អារម្មណ៍ដែលល្អចំពោះគ្នានិងគ្នា ព្រោះការសង្គ្រោះចេះចែករំលែក ដែលជាប្រភពដ៏សំខាន់ នៃការចង់គួចផ្លូវចិត្ត ដូចពាក្យឱវាទ ដែលព្រះពុទ្ធបរមគ្រូជាម្ចាស់ ទ្រង់ត្រាស់សំដែងថា បុគ្គលអ្នកឲ្យ រមែងជាទីស្រឡាញ់ បុគ្គលអ្នកឲ្យ រមែងចងមេត្រីភាពបាន ហើយក្នុងផ្លូវប្រតិបត្តិនោះ វត្ថុដែលត្រូវឲ្យខ្លះ ក៏មិនចាំបាច់បង់ខាតទុនអ្វីឡើយ ដូចជា ឲ្យឱកាស ឲ្យកម្លាំងកាយ កម្លាំងចិត្ត និងឲ្យពាក្យប្រឹក្សាយោបល់ ជាដើម ប៉ុន្តែផលដែលបានមកវិញហួសពីតម្លៃនោះទៅទៀត ។

ការមិនចេះសង្គ្រោះគ្នា មិនចេះចែករំលែកគ្នា ទោះបីមិនដល់ថ្នាក់ធ្វើឲ្យមនុស្សនៅក្បែរខ្លួនវាយដំគ្នា ប៉ុន្តែពេលមានកិច្ចធុរៈដែលខ្លួនត្រូវសុំពឹងពររកមនុស្សដទៃៗ ខ្លួននៅមានអារម្មណ៍ក្រែងរអាចិត្តខ្លះ ដែលខ្លួនត្រូវសំពះរកក៏ចាំគេចមុខ ឬមិនអ៊ីចឹងទេ ក៏បង្ខំចិត្តធ្វើ ក្នុងខណៈដែលបុគ្គលច្រើនតែប្រកបដោយទឹកចិត្តនោះ ត្រឹមតែដឹងថា មានកិច្ចធុរៈរបស់អ្នកដទៃក៏ពេញចិត្តមុននឹងសគេហាមាត់សុំផង ឱកាសដែលនឹងធ្លាក់ខ្លួនដុនដាបថ្នាក់សល់តែខ្លួន រមែងមិនកើតឡើងបានងាយៗឡើយ ៕


Sunday, November 12, 2017

ឆ្លាត និង ឆ្លៀវ


ឆ្លាត និង ឆ្លៀវ

នាយឆ្លាត និងនាយឆ្លៀវ ដែលជាមិត្តសម្លាញ់និងគ្នាយ៉ាងស្អិតរមួត ម្នាក់ៗបបួលគ្នាទៅផ្ញើខ្លួន ធ្វើជាសិស្សរៀនសូត្រវិជ្ជាការក្នុងសំណាក់គ្រូម្នាក់ដ៏ល្បីឈ្មោះ ។ គ្រូបង្រៀនវិជ្ជាការចំណេះចេះដឹងទាំងប៉ុន្មានដល់សិស្សទាំងពីរនេះស្មើគ្នា ដោយគ្មានការលាក់លៀមទុកអ្វីឡើយ ។ បន្តបន្ទាប់មកដល់ថ្ងៃមួយ សិស្សទាំងពីរបានសុំគ្រូអាចារ្យត្រឡប់ទៅលេងភូមិ ។ នៅតាមផ្លូវសិស្សទាំងពីប្រទះឃើញដានជើងធំៗរបស់សត្វមួយប្រភេទ ។ នាយឆ្លាតក៏ពោលឡើងថា ដានជើងដំរីនាយឆ្លៀវក៏ពោលបន្ថែមទៀតថា មែន! ដំរីមួយក្បាលនេះខ្វាក់ភ្នែកម្ខាង”  ។ ពេលធ្វើដំណើរទៅទៀត ពួកគេប្រទះឃើញស្នាមទឹកសើម ជោកលើដីក្បែរផ្លូវ នាយឆ្លាតពោលឡើងថា ស្នាមបន្ទោរបង់ទឹកមូត្រមនុស្សស្រីនាយឆ្លៀវក៏ពោលឡើងថា មែន! មនុស្សស្រីម្នាក់នេះមានគត៌ទៀតផង។ ក្រោយពីបន្តដំណើរទៅអស់មួយសន្ទុះធំ ក៏បានជួបដំរីខ្វាក់ភ្នែកម្ខាង និងចូលដល់ឧបចារៈនៃភូមិ ជួបជាមួយស្រ្តីមានគត៌ម្នាក់ ដូចអ្វីដែលនាយឆ្លៀវប្រាប់គ្រប់យ៉ាង ។

ពេលត្រឡប់មកកាន់សំណាក់របស់គ្រូអាចារ្យវិញ នាយឆ្លាតបាននិយាយរឿងដែលកើតឡើងឲ្យគ្រូអាចារ្យស្ដាប់ ក្នុងលក្ខណៈបែបរៀងអន់ចិត្តថា លោកគ្រូអគតិលំអៀងបង្រៀនវិជ្ជាការឲ្យនាយឆ្លៀវច្រើនជាង ។ គ្រូអាចារ្យទើបហៅនាយឆ្លៀវមកសាកសួរ ។ នាយឆ្លៀវប្រាប់បញ្ជាក់ឡើងថា ដែលខ្លួនដឹងថា ដំរីខ្វាក់ភ្នែកម្ខាង ព្រោះសង្កេតមើលពីដើមឈើស្មៅជុំវិញខាង ត្រូវដំរីទាញយឺតស៊ីតែម្ខាង និងដឹងថា ជាស្នាមបន្ទោរបង់ទឹកមូត្ររបស់ស្ត្រីមានគត៌ ក៏ព្រោះតែនៅក្បែរនោះ មានស្នាមបាតដៃទាំងពីរប្រាកដឡើង បញ្ជាក់ថា ស្រ្តីនោះប្រើដៃទាំងពីរច្រត់ទៅលើដី ជួយទប់ជ្រោងខ្លួន ខណៈដែលក្រោកឡើង ។   

និទានធម្មៈក្នុងរឿងនេះផ្តល់ជាគតិអប់រំថា ភាពឆ្លាតជាលទ្ធផលពីការអប់រំសិក្សា បង្កឲ្យកើតជាសញ្ញា គឺ ភាពចាំបាន ដឹងបានក្នុងរយៈខ្លីៗ ធ្វើឲ្យការមើលឃើញវត្ថុផ្សេងៗដោយចំៗត្រង់ៗ និងមានកំណត់ ប៉ុន្តែភាពឆ្លៀវ ជាលទ្ធផលមកពីការអភិឌ្ឍរឿងដែលអប់រំមកហើយ ធ្វើឲ្យកើតមានបញ្ញា ពុទ្ធិចំណេះដឹង ញាណស្ទាបស្ទង់ដឹងរយៈឆ្ងាយ អាចមើលឃើញអ្វីៗក្នុងការធ្វើវិភាគគិតថ្លឹងថ្លែងបានយ៉ាងល្អិតល្អន់ជ្រាលជ្រៅ និងគិតបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ ។ ភាពឆ្លាតប្រៀបបាននិងមានសតិបញ្ញាល្អ ប៉ុន្តែឆ្លៀវជាគ្រឿងដាស់តឿនសតិ និងជាតួអង្គទ្រទ្រង់ឲ្យសតិបញ្ញា ដំណើរទៅយ៉ាងត្រឹមត្រូវ ។ ភាពឆ្លាតអាចវ៉ាស់វែងអំពីកម្រិតបាន ដូចជា ឆ្លាតតិច ឆ្លាតខ្លាំង ប៉ុន្តែភាពឆ្លៀវមិនអាចវ៉ាស់ស្ទង់ពីកម្រិតលំដាប់បានទេ ដរាបណាដែលមានភាពឆ្លៀវ ក៏អាចជួយឲ្យកើតភាពឆ្លាតឡើងបានមិនច្រើន ក៏តិចដរាបនោះដែរ ។ 

ដូចនោះ មិនថាឆ្លៀវនឹងល្អជាងឆ្លាតក្នុងផ្នែកណាក៏ដោយ ចំណុចសំខាន់ស្ថិតនៅត្រង់ថា មនុស្សឆ្លាតមិនត្រូវខ្វះឆ្លៀវ ។ មនុស្សឆ្លៀវត្រូវចេះគិតវិភាគយ៉ាងឆ្លាត រឹតតែឆ្លាតខ្លាំង រឹតតែឆ្លៀវខ្លាំង ដូចពាក្យខ្មែរយើងពោលទុកថា អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ ដូចនេះ ជីវិតរបស់មនុស្សយើងនោះ រមែងចម្រើនរុងរឿងបានយូរអង្វែងយ៉ាងពិតប្រាកដ ៕ 

ប្រែ.គោលគំនិតល្អដើម្បីជីវិត

Saturday, November 11, 2017

និទានធម្មៈមុនចូលដេកៈ រឿងសត្រូវជីវិត


និទានធម្មៈមុនចូលដេកៈ រឿងសត្រូវជីវិត

និទានធម្មៈមុនចូលដេកៈ រឿងសត្រូវជីវិត… ពាក្យថា សត្រូវ មានន័យថាខ្មាំង បរបក្ស គូបដិបក្ស អ្នកចងកម្មពៀរ ព្យាបាទតាមអាឃាត បៀតបៀនតាមញាំញី មានតួនាទីក្នុងការបំផ្លាញ រំខានសេចក្ដីស្ងប់សុខរបស់អ្នកដទៃ ។ ពេលណាមានសត្រូវ ជីវិតនឹងជួបប្រទះនូវសេចក្ដីក្ដៅក្រហាយ រស់នៅគ្មានក្ដីសុខ ។ ការមានសត្រូវសូម្បីត្រឹមតែម្នាក់ ក៏ជារឿងធំដែរ ព្រោះអាចមកបៀតបៀនបំផ្លិចបំផ្លាញ ទាល់តែជីវិតត្រូវវិនាសសាបសូន្យបាន ឧបមាដូចជាអគ្គី(ភ្លើង) សូម្បីត្រឹមតែកើតឡើងតូចតាច ក៏អាចបំផ្លាញរបស់ធំធេងបាន ។ សត្រូវនេះលោកពោលទុកថា មាន ២ ប្រភេទគឺ៖

១) សត្រូវខាងក្រៅ បានដល់អ្នកសាងភាពក្ដៅក្រហាយ ដែលនៅក្រៅខ្លួនយើងគ្រប់ប្រភេទ មិនថានឹងជាមនុស្ស សត្វ ឬគ្រោះភ័យវិបត្តិបណ្ដាលមកពីធម្មជាតិ ជាសត្រូវដែលមកក្នុងរូបភាពរបស់សត្រូវ ដែលអាចឲ្យយើងមើលឃើញបានដោយភ្នែក ឮសំឡេងបានដោយត្រចៀក មានតួខ្លួនប៉ះពាល់ត្រូវបាន ទើបអាចរកផ្លូវលបគេច ឬដាក់ផែនការប្រយុទ្ធប្រឆាំងក្នុការការពារ ធ្វើឲ្យជីវិតមានសុវត្ថិភាព ឬយ៉ាងហោចណាស់ក៏បានទទួលភាពក្ដៅក្រហាយថយចុះខ្លះៗដែរ ។

 ២) សត្រូវខាងក្នុង បានដល់កិលេសដែលនៅដេកត្រាំក្នុងខន្ធសន្តានចិត្តរបស់យើង ដែលរង់ចាំអូសទាញឲ្យទៅធ្វើអំពើអាក្រក់ផ្សេងៗ ពោលដោយសង្ខេបមាន ៣ គឺ លោភៈ បានដល់សេចក្ដីលោភលន់ចង់បានវត្ថុរបស់ក្នុងផ្លូវទុច្ចរិត ទោសៈ បានដល់គំនិតប្រទូសរាយចងអាឃាតគំនុំគុំគួនអ្នកដទៃ និងមោហៈ បានដល់ការវង្វេងមិនដឹងការពិត ឃើញខុសជាត្រូវ ឃើញត្រូវជាខុស ឃើញខ្មៅថាស ឃើញសថាខ្មៅ ឃើញល្អថាអាក្រក់ ឃើញអាក្រក់ថាល្អ ជាដើម ។ សត្រូវប្រភេទនេះជាសត្រូវរបស់ជីវិត ដែលមកក្នុងរូបភាពជាមិត្ត គួរឲ្យខ្លាចខ្លាំងជាងសត្រូវណាៗ ទាំងអស់ ព្រោះអាចបោកបញ្ឆោតបញ្ចុះបញ្ចូលចិត្តឲ្យយើងនោះស្ម័គ្រចិត្ត នឹងបំផ្លិចបំផ្លាញខ្លួនឯងឲ្យវិនាស ។

 មនុស្សដែលយកឈ្នះសត្រូវខាងក្រៅ សូម្បីតែនឹងមានឈ្មោះថា ជាមនុស្សពូកែ ជាវីរបុរសវីរនារី ប៉ុន្តែបើតាមគតិធម៌វិញ មិនទាន់ប្រកាន់ថា ជាកំពូលអ្នកប្រយុទ្ធទេ  ដោយសារជ័យជំនះនោះអាចត្រឡប់ចាញ់វិញបាន ឈ្នះហើយក៏នៅជាទុក្ខ ។ ចំណែកខាងបុគ្គលដែលយកឈ្នះសត្រូវខាងក្នុង ដែលប្រកាន់ថា ជាសត្រូវជីវិតគឺ មិនត្រូវបាន លោភៈ ទោសៈ និងមោហៈគ្រប់សង្កត់ញាំញីហ្នឹងឯង ទើបជាកំពូលអ្នកចម្បាំងដ៏ពិតប្រាកដ ព្រោះតែគ្មានឱកាសត្រឡប់ចាញ់វិញបាន ជាជ័យជំនះដែលកំចាត់បង់នូវភ័យពៀរទាំងឡាយ ឲ្យស្ងប់ទ្រោមចុះរាបបាន ។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ ទើបទ្រង់សរសើរទុកថា អត្តា ហវេ ជិតំ សេយ្យោ” ប្រែជាសេចក្ដីថា “ការឈ្នះខ្លួនហ្នឹងហើយប្រសើរបំផុត” ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត



Friday, November 10, 2017

រឿង មនុស្សរបស់ពិភពលោក


រឿង មនុស្សរបស់ពិភពលោក

និទានធម្មៈជីវិតៈ រឿង មនុស្សរបស់ពិភពលោករឿងនេះមានសេចក្ដីដំណាលថា មានបុរសជរាម្នាក់កំពុងជីកអន្លុងយ៉ាងខ្នះខ្នែង ចំកណ្ដាលថ្ងៃត្រង់ចែស ក្នុងវេលារសៀលមួយ ។ ខណៈពេលនោះ មានក្មេងកម្លោះម្នាក់ដើរមកជួបឃើញ ទើបសួរថា តើតាកំពុងធ្វើអ្វី? បុរសជរាឆ្លើយតបថា តាកំពុងជីកអន្លុងដើម្បីដាំកូនស្វាយ ។ ចម្លើយនោះកាន់តែធ្វើឲ្យក្មេងកម្លោះនោះ កាន់តែចម្លែកចិត្តខ្លាំងឡើង ទើបសួរបន្តទៅទៀតថា តើនេះលោកតាមានអាយុប៉ុន្មានហើយ? ពេលជ្រួតជ្រាបថា បុរសជរាម្នាក់នោះមានអាយុ៨០ឆ្នាំហើយ ទើបនិយាយឡើងថា ស្វាយមួយដើមនេះត្រូវចំណាយពេលមិនតិចជាង ៥ ឆ្នាំទេ ទើបនឹងមានផ្លែផ្កា លោកតាអាចនឹងស្លាប់មុន  និងនឹងបានទទួលទានផ្លែស្វាយនេះ ។ បើកើតមានបែបនោះ វាមិនសក្ដិសមទំនងជាមួយការបណ្ដាក់ទុន ដោយការហត់នឿយលំបាកយ៉ាងនេះទេ ។

បុរសចាស់ជរាពន្យល់ថា ស្វាយដែលតាកំពុងដាំនេះ ទុកណាជាតាស្លាប់ទៅមុនមែនក្ដី ប៉ុន្តែប្រយោជន៍ផលរបស់ស្វាយនេះ នឹងធ្លាក់ទៅលើអ្នកដទៃជាបន្ត ដូចជាខ្លួនចៅប្រុសឯងផ្ទាល់ ពេលដែលខ្លួនឯងកើតមក ក៏មិនបានកើតក្នុងផ្ទះ ដែលខ្លួនឯងសាងទុកឯណា កើតមកហើយ ក៏នៅអាស្រ័យក្នុងផ្ទះដែលអ្នកដទៃកសាងឡើងទុកឲ្យដូចគ្នា ។ ការធ្វើរឿងអ្វីមួយ ទើបមិនគួរមើលឃើញត្រឹមតែប្រយោជន៍ខ្លួនត្រូវទទួលបានទេ ប៉ុន្តែត្រូវគិតដល់ប្រយោជន៍អ្នកដទៃផងដែរ ជាពិសេសអ្នកជំនាន់ក្រោយៗទៀត ។

ក្នុងរឿងនេះផ្ដល់ជាគំនិតអប់រំថា ការធ្វើអ្វីមួយមានបំណងគិតប្រយោជន៍ខ្លួន ទុកណាជារឿងនោះជារឿងត្រឹមត្រូវក្ដី តែជារឿងតូចចង្អៀតណាស់ ។ បើសិនជាពួកអ្នកវិទ្យាសាស្ត្រគិតថា យើងនឹងគិតស្វែងរកថាមពល និងឧបករណ៍អគ្គិសនីទៅធ្វើអ្វី ធន់ទ្រាំរស់នៅងងឹតសូន្យសុងទៅទៀត មិនប៉ុន្មានឆ្នាំយើងក៏ស្លាប់ចោលទៅហើយ អ្នកដទៃគេក៏អាចរស់នៅបានដូចគ្នា ពិភពលោកយើងនេះគង់ប្រហែលជាមិនមានថាមពលអគ្គិសនីប្រើប្រាស់ដូចសព្វថ្ងៃនេះទេ ទោះបីក្នុងករណីដោយឡែកទីទៃពីនេះក៏ដោយ ដែលបានឃើញជាទូទៅច្បាស់ថា ការណ៍ដែលយើងមានជីវិត នៅបានយ៉ាងសុខស្រួលសប្បាយដូចសព្វថ្ងៃនេះមួយភាគ ក៏ព្រោះបានសោយផលដែលអ្នកដទៃគិតស្រាវជ្រាវរាវរក និងកែច្នៃប្រឌិតឡើងទុកឲ្យនោះឯង ។ 

មនុស្សដែលគិតពីប្រយោជន៍របស់អ្នកដទៃ ឬប្រយោជន៍រួម ជាមនុស្សដែលពិភពលោកត្រូវការគ្រប់យុគសម័យកាល ព្រោះតែបានជួយស្ថាបនា អភិវឌ្ឍពិភពលោកឲ្យមានតម្លៃ ឲ្យមានសោភ័ណស្រស់ល្អល្អះ និងគួរឲ្យចង់រស់នៅ ទុកណាជាដាំដើមស្វាយមួយដើម ដែលជារឿងតូចតាចក៏ដោយ ប៉ុន្តែវិធីគិតមានក្ដីបំណងប្រាថ្នារបស់គាត់ធំធេង និងមានគុណតម្លៃ សក្ដិសមណាស់ដែលកើតមកជា មនុស្សរបស់ពិភពលោកយ៉ាងពិតប្រាកដ ៕

ប្រែ.គោលគំនិតល្អដើម្បីជីវិត


កិត្តិយសនៃជីវិត


កិត្តិយសនៃជីវិត

និទានធម្មៈ កិត្តិយសនៃជីវិតមានរឿងសេចក្ដីដំណាលថា មេស្វាមួយមានកូនពីរក្បាល កូនមួយជាកូនសំណព្វចិត្ត និងកូនមួយទៀតជាកូនសម្អប់ ។   មេស្វាបានចិញ្ចឹមមើលថែកូនដែលខ្លួនស្រឡាញ់ ទុកឲ្យជិះលើខ្នង ឲ្យអាហារដែលល្អៗដល់កូនសំណព្វចិត្តនេះស៊ីជានិច្ច ។ ចំណែកខាងកូនសម្អប់វិញ ចិញ្ចឹមទុកឲ្យនៅតែក្រោមពោះ ឲ្យអាហារគ្នាស៊ីវិញសុទ្ធតែអាក្រក់ៗ ។ ពេលដើរទៅណាឆ្ងាយៗ កូនដែលនៅលើខ្នងមេរបស់វា តែងតែទទួលបានភាពសុខស្រួល ខណៈដែលកូននៅក្រោមពោះមេរបស់វាវិញ ច្រើនតែត្រូវបោកប៉ះនឹងដី មែកព្រឹក្សាលតាវល្លិ៍ ឈ្លក់ទឹក បានទទួលសេចក្ដីទុក្ខវេទនាឈឺចាប់ គ្រប់ពេលវេលា ។ ពេលក្រោយមកទៀត មិនយូរ មេស្វាក៏ស្លាប់ចោលកូន ខណៈដែលកូនស្វាទាំងពីរនោះនៅតូចៗនៅឡើយ ។ ប្រាកដណាស់ថា កូនស្វាដែលបានទទួលការចិញ្ចឹមមើលថែយ៉ាងល្អនៅលើខ្នងម៉ែរបស់វានោះ មិនអាចរកស៊ីអ្វីដោយខ្លួនឯងបាន មិនយូរប៉ុន្មានក៏ស្លាប់ទៅតាមម៉ែរបស់វា ។ ចំណែកខាងកូនស្វាដែលត្រូវចិញ្ចឹមមើលថែនៅក្រោមពោះម៉ែរបស់វាមករហូត ត្រឡប់ជាអាចរកស៊ីចិញ្ចឹមជីវិតខ្លួនឯងបាន មិនស្លាប់ទៅតាមម៉ែរបស់វាឡើយ ។

កិត្តិយសនៃជីវិតៈ ក្នុងការទ្រទ្រង់ជីវិតឲ្យប្រព្រឹត្តទៅបានដោយស្រួលរហូតដល់ត្រើយនោះ ក្នុងខាងដើមគ្រប់ជីវិតច្រើនតែត្រូវពឹងពររកអ្នកដទៃជួយមុនជានិច្ច ក្រោយពីនោះត្រូវព្យាយាមពឹងពាក់លើខ្លួនឯងឲ្យបាន បើសិនជានៅចាំតែពឹងពាក់អ្នកដទៃ ឬចាំទទួលជំនួយពីអ្នកដទៃតែម្ខាងសុទ្ធនោះ ជីវិតរមែងជួបសេចក្ដីក្ដៅក្រហាយក្នុងពេលចុងក្រោយជាក់ជាមិនខានឡើយ ។ ការមិនពឹងពាក់លើខ្លួនឯង ឬធ្វើខ្លួនឯងឲ្យជាទីពឹងមិនបាននោះ មិនមែនតែចំពោះជីវិតរបស់គេប៉ុណ្ណោះទេ នឹងក្ដៅក្រហាយ ថែមទាំងបង្កភាពកង្វល់លំបាកដល់អ្នកដទៃផងដែរ ព្រោះអ្នកដែលត្រូវទទួលខុសត្រូវមនុស្សប្រភេទនេះ រមែងត្រូវការចំណាយកម្លាំងកាយ កម្លាំងចិត្ត កម្លាំងសតិបញ្ញាស្មារតីបន្ថែមឡើងទៀត តាមដែលអាច ដើម្បីពុនរែកបន្ទុកមនុស្សប្រភេទនេះបន្ត ។

ការទីពឹងខ្លួនឯងបាន អ្នកប្រាជ្ញប្រកាន់ថា ជាកិត្តិយសរបស់ជីវិត ។ កិត្តិយសនឹងត្រូវទាបចុះតម្លៃភ្លាមៗ កាលបើត្រូវសុំជំនួយសង្គ្រោះពីអ្នកផងទាំងឡាយ ឬត្រូវមានជីវិតនៅក្រោមការឧបត្ថម្ភរបស់អ្នកដទៃជារឿយៗ ។ លោកទើបអប់រំដំបូន្មានឲ្យលើកតម្កើងកិត្តិយសរបស់ខ្លួនឯង សូម្បីតែរឿងស្រេកឃ្លាន ដែលជាតម្រូវការចាំបាច់របស់រាងកាយពិតមែនក៏ដោយ ក៏លោកអប់រំឲ្យលើកតម្កើង ដូចពាក្យលោកពោលទុកថា ទោះក្រទ្រាំស៊ូខាំមាត់ ស៊ីអំបិលប្រហុក មិនដើរសំកុកលាដៃសុំគេឯង អត់ទ្រាំលំបាកតួយ៉ាងសត្វខ្លារក្សាស័ក្ដិ ស៊ូស្គមស្គាំងគ្មានអ្វីដាក់ រកចាប់សត្វស៊ីដោយខ្លួនឯង ៕


 ប្រែ.គោលគំនិតល្អដើម្បីជីវិត

រឿងភ្លើងឆេះព្រៃ


រឿងភ្លើងឆេះព្រៃ

និទានមុនចូលដេកៈ រឿង ភ្លើងឆេះព្រៃ មានសេចក្ដីដំណាលថា ក្នុងគ្រាមួយនោះកើតមានភ្លើងឆេះព្រៃឡើង បណ្ដាលសត្វតូចធំទាំងឡាយ ម្នាក់ៗក៏មានការភិតភ័យរត់គេចពីភ្លើងប្រសេចប្រសាច ប៉ុន្តែក្នុងពេលនោះដែរ មានមាន់ព្រៃមួយក្បាលមិនគេចដូចគេឯងទេ ត្រឡប់ជាហើរទៅឯកន្លែងមានទឹកទៅវិញ រួចយកចំពុះមាត់បៀមទឹក យកខ្លួនជ្រលក់ទឹកទាល់តែសើមជោក រួចហើរត្រឡប់មករកកន្លែងដើមវិញ ហាមាត់ រលាស់រោមដោយមានបំណង នឹងប្រោះទឹកពន្លត់ភ្លើងព្រៃនោះឲ្យរលត់ វាធ្វើយ៉ាងនេះម្ដងហើយម្ដងទៀត តែគ្មានបានប្រយោជន៍អ្វីឡើយ ។ ព្រះឥសូរសម្លឹងមើលឥរិយាបថរបស់មាន់ព្រៃនោះហើយ ក៏បានតែនឹកអស់សំណើច  ទើបនិយាយឡើងថា មាត់តូចៗ ស្លាបតូចៗប៉ុណ្ណេះមានដែរឬ អាចនឹងពន្លត់ភ្លើងឆេះព្រៃនេះបានហ្ន៎ អ្នកធ្វើទៅយ៉ាងនេះព្រោះអ្វី? “ មាន់ព្រៃឆ្លើយតបតថា រឿងដែលខ្ញុំធ្វើ ព្រោះជារឿងដែលគួរធ្វើព្រះឥសូរបានស្តាប់ក៏មានចិត្តខ្មាសអៀន ផ្លុំខ្យល់ចេញពីមាត់តែម្ដងទៅ ភ្លើងព្រៃក៏រលត់ទៅអស់ភ្លាមមួយរំពេច ។


ក្នុងរឿងនេះ អាចឆ្លុះបញ្ចាំងបង្ហាញឲ្យឃើញរឿងពិតថា គំនិតដែលនឹងជួយសង្គ្រោះអ្នកដទៃជាគំនិតដ៏ឧត្តមថ្លៃថ្លាខ្លាំងណាស់ ព្រោះជាការមើលឃើញទីរួចផុតចេញអំពីប្រយោជន៍ខ្លួន ។ ប្រយោជន៍ខ្លួននេះឯង ជាប្រយោជន៍ធំមាំជាងជញ្ជាំងថ្ម កំផែងដែក កម្រមានអ្នកណាអាចរំលាយឲ្យរាបស្មើបានណាស់ ហើយឈានទៅដល់ព្រំដែននៃការជួយសង្គ្រោះធ្វើប្រយោជន៍ដល់អ្នកដទៃ ហើយបើការជួយសង្គ្រោះប្រយោជន៍អ្នកដទៃនោះ ក៏ស្ថិតនៅលើមូលដ្ឋានភាពក្ដៅក្រហាយ នឹងអាចមកដល់ខ្លួនឯងផងដែរ រឹតតែពិបាកជាងជើងទាំងពីរ ។ គំនិតដែលជួយសង្គ្រោះអ្នកដទៃដោយសុចរិត ទើបជាគំនិតដ៏ឧត្តម មិនថា ស្ថិតនៅក្នុងក្រុមមនុស្សប្រភេទតូចទាប ថយថោក គ្មានយសស័ក្ដិដូចម្ដេចក្ដី ក៏អាចចាត់ទុកថា ខ្ពង់ខ្ពស់ថ្លៃថ្លាល្អប្រពៃបានដែរ ។

ក្នុងជីវិតជាក់ស្ដែង មិនថានឹងនៅផ្ទះ ឬនៅកន្លែងធ្វើការងារទេ បើសិនមានចិត្តជាសាធារណៈ គិតប្រយោជន៍រួម មិនថានឹងសម្លឹងមើលទៅទិសណាទេ រឿងដែលខ្លួនអាចជួយសង្រ្គោះអ្នកដទៃបាន រមែងមានពេញទាំងអស់ ចាប់ពីការជួយហុចនេះ ជួយចាប់នោះ ជួយមើល ជួយស្ដាប់ ជាដើម ។ បើសិនមានចិត្តចង្អៀតចង្អល់ មានគំនិតអាត្មានិយម គិតតែពីប្រយោជន៍សួនតួ មានភាពច្រណែនខ្លាចគេលើស ខ្លាចគេបានវិញនោះ ទោះបីដល់មានរឿងសំខាន់កើតឡើង ដែលខ្លួនរួមកម្លាំងកាយកម្លាំងចិត្ត ព្រួតដៃសហការគ្នាក្នុងពេលនោះ ក៏ខ្លួននឹកមិនឃើញ មិនដឹងថា ខ្លួនមានការពាក់ព័ន្ធអ្វីជាមួយទេ ។ គំនិតដូច្នេះ ទោះបីជានៅពេលធម្មតាក៏មិនធ្លាប់ធ្វើទៅ ដើម្បីសេចក្ដីរីកចម្រើនទាំងចំណែកផ្ទាល់ខ្លួន និងចំណែករួមឡើយ មិនចាំបាច់និយាយទៅដល់ករណីកើតក្ដីវិបត្តិដូចរឿងខាងលើថា តើអាចនឹងត្រូវរលាយអស់ទៅប៉ុនណាទេ? ផ្ទុយមកវិញ បើសិនម្នាក់ៗ មានសេចក្ដីសង្គ្រោះគិតបម្រុងនឹងជួយគ្នានិងគ្នា ក៏នឹងបានជាកម្លាំងដ៏មហាសាល លុបបំបាត់ភ័យវិបត្តិបានដោយមិនចាំបាច់អន្តរាគមពីព្រះឥសូ ឬព្រះអ្វីណាទាំងអស់ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

រឿងអេះខុសកន្លែងរមាស់


រឿង អេះខុសកន្លែងរមាស់

រឿងនេះ មានសេចក្ដីដំណាលថា មានសិស្សស្រីម្នាក់ មានសេចក្ដីកង្វល់ក្នុងចិត្តជាមួយការប្រឡងលើកទីពីររបស់ខ្លួន ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែក ទើបខ្លួនចូលទៅរកលោកមួយអង្គឯវត្ត ដើម្បីសុំឲ្យលោកចាក់ទឹកលើករាសី ឲ្យពរឲ្យជ័យ ឲ្យមានសំណាងល្អក្នុងការប្រឡងនេះ ។ លោកក៏មានក្ដីមេត្តាអាណិតក៏ជួយ ដោយគិតត្រឹមតែថា ប្រយោជន៍ដើម្បីឲ្យនាងបាត់អស់ភាពកង្វល់ក្នុងចិត្ត និងមានចិត្តស្វាហាប់មុនមាំរឹងប៉ឹងឡើង ក្នុងការប្រឡងរបស់ខ្លួន ។ ក្រោយពីថ្ងៃនោះមក សិស្សស្រីម្នាក់នោះក៏មិនធ្លាប់បានឈានជើងចូលក្នុងវត្តនោះទៀតឡើយ បានតែឮមិត្តភក្ដិរបស់នាងនិយាយប្រាប់ថា ក្រោយពីប្រឡងចប់សព្វគ្រប់ទៅ សិស្សស្រីម្នាក់នោះ ដើរទៅឃោសនាគ្រប់ទីកន្លែង ប្រាប់គេប្រាប់ឯងថា លោកវត្តនេះមិនពូកែទេ ស្រោចទឹកក៏មិនត្រូវក្បួនវិធី មិនសក្ដិសិទ្ធិ ធ្វើឲ្យនាងប្រឡងធ្លាក់ ។ ប៉ុន្តែតាមការពិតទៅ មិត្តភក្ដិរបស់នាងប្រាប់ថា នាងស្ទើរតែមិនបានមើលសៀវភៅបន្តិចឡើយ ចូលចិត្តដើរលេងច្រើនជាង មូលហេតុនេះឯង ដែលធ្វើឲ្យនាងប្រឡងធ្លាក់ ។ លោកអ្នកឆ្លៀសវៃប្រៀបធៀបឧបមាហេតុការណ៍ ដូចបានពោលខាងលើថា ការបន្ទោសអ្នកដទៃនោះ ដូចជាមនុស្សកើតរមាស់ឡើងនៅត្រង់ខ្នង ប៉ុន្តែយកដៃទៅអេះឯក្បាលទៅវិញ អាការៈរមាស់ទើបវាមិនបាត់ គេហៅថាអេះខុសកន្លែងរមាស់នោះឯង។

ការរវល់តែទៅពោលទោសអ្នកដទៃ កាលបើកើតមានការភ្លាំងភ្លាត់អ្វីមួយឡើងក្នុងជីវិត អាចនឹងធ្វើឲ្យមានអារម្មណ៍ប្រសើរឡើងខ្លះ ប៉ុន្តែនោះមិនមែនជាវិធីដោះស្រាយកំហុស ដែលបានកើតឡើងទេ ផ្ទុយទៅវិញ ត្រឡប់ជាធ្វើឲ្យកើតមានបញ្ហារីកកាន់តែខ្លាំងឡើង ដែលអាចសរុបលទ្ធផលបានជា ៤ ប្រការគឺ៖

១) បាត់បង់មិត្តភាព ការពោលបន្ទោសអ្នកដទៃ ជាការដៅកំហុសឲ្យដល់គ្នា ទុកណាគេមានចំណែកពាក់ព័ន្ធពិតក៏ដោយ ប៉ុន្តែវានាំឲ្យកើតនូវការមិនពេញចិត្ត ជាផ្លូវបង្កនូវកម្មពៀរវេរាឡើងបាន ។

២) បាត់បង់ភាពក្លាហាន បាត់បង់ការឧស្សាហ៍ កើតមានឡើងតែការបន្ទោសអ្នកដទៃ ឈ្មោះថា ជាអ្នកសន្សំទម្លាប់និស្ស័យភាពមនុស្សទន់ជ្រាយឡើងទុកក្នុងខ្លួន មិនក្លាហានហ៊ានព្រមទទួលយកកំហុស ឬព្យាយាមរកវិធីដោះស្រាយបញ្ហា ដែលបានកើតឡើងនោះឡើយ ។

៣) បាត់ចរិយាវាចា ការពោលទោសអ្នកនេះ អ្នកនោះជាការសាងទម្លាប់ភាពជាមនុស្សចាក់ចូចអុចអាលរករឿង ពូកែរអ៊ូ និងមានវាចាអាក្រក់ផ្សេងៗកើតឡើង ធ្វើឲ្យជាមនុស្សខ្វះនូវការទុកចិត្តលើ ក្នុងពាក្យសម្ដីរបស់ខ្លួន ។

៤) បង់ខាតពេលវេលា ការរវល់តែបន្ទោសអ្នកដទៃ ព្យាយាមរកកំហុសគេ មិនមែនជាវិធីដោះស្រាយបញ្ហា រឹតតែរវល់រកកំហុសគេ បន្ទោសអ្នកដទៃទៅយូរប៉ុនណា ក៏រឹតតែធ្វើឲ្យពេលវេលា ដែលនៅសល់ សម្រាប់ដោះស្រាយបញ្ហាអស់ឆាប់លឿនប៉ុណ្ណោះ ។

ដូចនោះ កាលណាកើតមានកំហុសភ្លាំងភ្លាត់ឡើងក្នុងជីវិត ឬកិច្ចការក្នុងសកម្មភាពណាមួយ ទើបមិនគួរបោះចោលការទទួលខុសត្រូវ ដោយការបន្ទោសអ្នកនេះ អ្នកនោះទេ ប៉ុន្តែគួរប្រញាប់ប្រញាល់ស្វែរកមូលហេតុពិត និងវិធីដោះស្រាយបញ្ហាក្នុងឱកាសដំបូង ជំនួសការដាក់បន្តុបបន្ថែមបញ្ហា ដែលគេហៅថា ដោះស្រាយឲ្យត្រូវចំណុចនៃបញ្ហា រួចហើយអាការៈដែលគេហៅថា អេះខុសកន្លែងរមាស់ ក៏នឹងមិនកើតមានឡើងយ៉ាងពិតប្រាកដ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

Thursday, November 9, 2017

រឿងកុំចេះត្រឹមតែធ្វើតាម


រឿងកុំចេះត្រឹមតែធ្វើតាម

គោលគតិធម៌ៈ រឿងកុំចេះត្រឹមតែធ្វើតាមក្នុងវិន័យសម្រាប់ព្រះភិក្ខុសង្ឃក្នុងសិក្ខាបទមួយបានបញ្ញត្តិទុកថា ភិក្ខុមានបាត្របែបស្រាំធ្លុះនៅមិនទាន់ដល់ដប់ធ្នាប់ទេ សុំបាត្រថ្មីពីគ្រហស្ថដែលមិនមែនជាញាតិ មិនបានបវារណា បានមក ត្រូវអាបត្តិនីស្សគ្គិយបាចិត្តិយ ធ្វើឲ្យព្រះថេរៈមួយអង្គ ពេលលោកឆាន់ហើយ លាងបាត្រ និងជូតបាត្រដល់ស្អាតស្ងួតល្អហើយ ក៏លើកឡើងឆ្លុះនឹងពន្លឺថ្ងៃដើម្បីពិនិត្យមើលថា តើមានស្នាមប្រេះស្រាំធ្លុះធ្លាយដែលមានស្រាប់ថា រីករាលដាលទៅដល់ដប់ធ្នាប់ហើយឬនៅ ពេលនៅមិនទាន់ដល់ ថ្ងៃបន្ទាប់មក ក៏ប្រតិបត្តិធ្វើដូច្នោះជារឿយៗ ។ ចំណែកខាងភិក្ខុកម្លោះ និងសាមណេរតូច ឃើញព្រះថេរៈជាមេខ្លួនប្រតិបត្តិធ្វើដូច្នោះជារៀងរាល់ថ្ងៃ ក៏គ្មានអង្គណាមួយសួរដេញដោលក្នុងរឿងនេះ ប៉ុន្តែក៏នាំគ្នាយល់ចូលចិត្តគិតតែខ្លួនឯងថា  ពេលសាមណេរឆាន់រួចហើយ ក៏ត្រូវលើកបាត្រឡើងឆ្លុះមើល ទើបនឹងត្រឹមត្រូវ ទើបនាំគ្នាលើកបាត្រឡើងឆ្លុះជាហូរជាហែ រហូតដល់មានពាក្យគេថា ព្រះថេរៈឆ្លុះបាត្រ

ការធ្វើតាមៗគ្នាទៅបែបនេះ ជាធម្មជាតិម្យ៉ាងរបស់មនុស្ស ព្រោះវាងាយស្រួលជាងការត្រូវប្រើប្រាស់គំនិត ប៉ុន្តែក៏មានភាពប្រថុយប្រថានណាស់ដែរ ព្រោះមិនដឹងពីទីទៅនិងមក ។ បើសិនតាមខុស ដូចជាដើរតាមក្រោយ អ្នកដែលកំពុងដើរខុសផ្លូវ  ឬទុកណាជាត្រូវមកតាំងពីដើមក្ដី ក៏គ្មានអ្វីហ៊ានធានាអះអាងថា វានឹងត្រឹមត្រូវគ្រប់ពេលដែរ ព្រោះកិច្ចការគ្រប់យ៉ាង គ្រប់រឿង មានការប្រែប្រួលទៅតាមកាលលំហជានិច្ច។ ពាក្យនិយាយត្រង់ថា មានគេប្រាប់ទុកមកយ៉ាងនេះ មានគេធ្វើមកយ៉ាងនេះ ទើបមិនអាចអារកាត់រកខុសត្រូវអ្វីបានឡើយ ។

យ៉ាងណាក៏ដោយ រឿងដែលធ្លាប់ធ្វើមកពីមុន មិនមែនថានឹងខុសទាំងអស់ ដែលគេប្រកាន់ប្រតិបត្តិតាមដោយតឹងរឹងរហូតដល់សព្វថ្ងៃនេះទេ  ព្រោះជារឿងល្អក៏មានច្រើនណាស់ដែរ ប្រការសំខាន់គឺត្រូវស្គាល់ហេតុផល និងវត្ថុបំណងឲ្យបានច្បាស់លាស់សិន ព្រោះបើដឹងហើយ នឹងធ្វើតាម ឬធ្វើផ្សេងពីហ្នឹងក៏មិនមែនជារឿងអ្វីត្រូវទាស់ខុស ខូចខាត ប៉ុន្តែបើធ្វើត្រឹមតែជឿថា គេប្រាប់មកយ៉ាងនេះ  គេធ្វើមកយ៉ាងនេះ ក៏ជារឿងមួយគួរឲ្យមានក្ដីបារម្ភច្រើន ព្រោះថាកិច្ចការ ឬមុខរបរអ្វីណានីមួយក៏ដោយ បើសិនពេលកើតមានភាពភ្លាំងភ្លាត់ហើយ លទ្ធផលដែលបានមក មិនមែនគ្រាន់តែជារឿងគួរឲ្យអស់សំណើច ដូចជារឿងព្រះថេរឆ្លុះមើលបាត្រខាងដើមជាឧទាហរណ៍ស្រាប់ប៉ុណ្ណោះទេ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

និទានធម្មៈ រឿងឈូករីងទឹក


និទានធម្មៈ រឿងឈូករីងទឹក

ពាក្យថា ឈូកជាឈ្មោះរុក្ខជាតិទឹកមួយប្រភេទ មានក្រអៅវែងមុជទៅក្នុងល្បាប់ភក់ ស្លឹកមានបន្ទះរាងមូលៗ ដើមស្លឹកនិងដើមផ្ការឹង មានបន្លាដុំពាស់ពេញដើម ស្លឹកនិងផ្កាដុះផុតចេញមកលើផ្ទៃទឹក ប្រពៃណីខ្មែរក៏ដូចជាប្រពៃណីអ្នករាប់អាន់ព្រះពុទ្ធសាសនាមានជំនឿជឿថា ផ្កាឈូកជាផ្កាវិសេសថ្លៃថ្លា ប្រើសម្រាប់បូជាព្រះរតនត្រៃ ជាសក្ការៈវត្ថុជាទីគោរពរាប់អាន សូម្បីតែក្នុងពេលមិនមានផ្កាឈូកក្នុងដៃ អ្នកកាន់ព្រះពុទ្ធាសាសនាតែងតែធ្វើដៃប្រណមក្រពុំជារូបផ្កាជំនួស ក្រៅពីនេះ ផ្កាឈូកក៏នៅមានន័យឧបមាជំនួសចិត្តបានទៀតផង ។

ធម្មជាតិរបស់ផ្កាឈូកនោះ នឹងរីកចម្រើនធំឡើងបែកចេញជាពន្លកស្លឹក និងមានផ្កាបាន ក៏ព្រោះតែមានទឹកចិញ្ចឹមវា បើគុម្ពឈូកណាមិនមានទឹកចិញ្ចឹមដើមទេ គុម្ពឈូកនោះក៏ស្វិតស្រពោនទៅម្ដងបន្តិចៗក្នុងរយៈពេលដំបូង បើខ្វះទឹកច្រើនថ្ងៃជាប់គ្នា ក៏ក្លាយទៅជាឈូកស្ងួតខះទឹក និងត្រូវស្ងួតស្លាប់ទៅក្នុងទីបំផុតយ៉ាងប្រាកដ ។

ចិត្តរបស់មនុស្សយើង ក៏មានលក្ខណៈប្រហាក់ប្រហែលគ្នានឹងឈូកនេះដែរ គឺនឹងនៅក្នុងសភាពថោកទាប សៅហ្មង ឃោឃៅ ឬអាត្មានិយម ។ ពេលមានមេត្តា យល់ចិត្តយល់ថ្លើម ដល់គ្នានិងគ្នា ម្យ៉ាងទៀត បើខ្វះមេត្តាធម៌ដែលបានពោលមកនេះ ជាទង្វើមួយដែលគ្មានអ្នកណាមួយ មកចង់សេពគប់រាប់អានខ្លួន បើសិនជាចាស់ទុំវិញ ប្រហែលជាគ្មានអ្នកណាគេចង់មកពឹងពររកខ្លួនឡើយ ព្រោះតែសភាពខ្វះទឹកចិត្តនេះឯង ។

ក្នុងអតីត មានឧបមាភាសិតមួយបទថា បក្សីគ្មានរោម មនុស្សគ្មានចំណេះ រមែងឡើងទៅកាន់ទីខ្ពស់មិនបានប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃនេះ មានចំណេះតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ល្មមទេ ចាំបាច់ត្រូវផ្ដល់ភាពសំខាន់ដល់ការទំនាក់ទំនង មានបក្សមានពួកជាបរិវារ បន្ថែមចូលទៅមួយទៀត ។  ដូចជាពាក្យមួយបទថា បក្សីគ្មានរោម មនុស្សគ្មានចំណេះ និងបរិវារ រមែងឡើងទៅកាន់ទីខ្ពស់មិនបាន។ បរិវារដូចបានពោលមកខាងដើម នឹងកើតនូវភាពនិយមចូលចិត្ត គោរពរាប់អាន លុះត្រាតែបុគ្គលនោះ មានមេត្តា សម្ដែងទឹកចិត្ត ចងស្ពានមេត្រីភាពជាមួយអ្នកដទៃសិន គេទើបមកទទួលក្ដីមេត្តា និងទឹកចិត្តមិត្តមេត្រីភាពតបមកវិញ ដូចពាក្យមួយឃ្លាពោលថា បរិវារមកព្រោះទឹកចិត្តមាន បរិវារគេចវៀងព្រោះទឹកចិត្តស្រុត បរិវារទៅអស់ព្រោះទឹកចិត្តស្ងួត

ព្រោះហេតុដូច្នេះ បុគ្គលសង្ឃឹមភាពរីកចម្រើនដល់ខ្លួនឯង ទើបគួរមានមេត្តា សំដែងទឹកចិត្តមេត្រីភាពចំពោះអ្នកដទៃជានិច្ច កុំមើលរំលងជាដាច់ខាត បើពុំដូច្នេះទេ អាការៈរបស់ឈូកស្ងួតទឹក នឹងរង់ចាំថ្ងៃស្វិតស្រពោនស្លាប់ទៅ ដោយមិនចាំបាច់សង្ស័យឡើយ ៕


ប្រែ.គោលគំនិតល្អដើម្បីជីវិត

ធម្មៈអប់រំចិត្តៈ រឿងបីសាចខ្នងវែង


ធម្មៈអប់រំចិត្តៈ រឿងបីសាចខ្នងវែង

បីសាចខ្នងវែង ជាបីសាចមួយពួក ក្នុងចំណោមបីសាចក្លែងកាយ ៦ពួកទៀត ។ ដើមហេតុដែលនាំឲ្យមានឈ្មោះថា បីសាចខ្នងវែង ដោយសារតែពេលបីសាចនេះចូលសណ្ឋិតក្នុងខ្លួនបុគ្គលណាហើយ បុគ្គលដែលត្រូវបីសាចនេះចូលសណ្ឋិត ក៏ក្លាយជាមនុស្សខ្ជិលច្រអូស ស្រពឹកស្រពន់ ដូចចាស់និយាយតគ្នាថា អាកំជិលខ្នងវែង ឬអាខ្នងវែងជំទែងស៊ីនោះឯង ។
                        
មនុស្សខ្ជិលច្រអូសនោះ ជាមនុស្សអភព្វជាមូល ពួកគេជាមនុស្សដែលមានសក្ដានុពលច្រើនយ៉ាងដូចជាមនុស្សផ្សេងៗដែរ ប៉ុន្តែដោយសារតែត្រូវសេចក្ដីខ្ជិលច្រអូសនេះមកគ្របសង្កត់ ចំណេះដឹង សមត្ថភាព  ដែលគប្បីមានគប្បីប្រើ ម្លោះហើយត្រូវពន្ធនាការចងទុកអស់ សូម្បីតែដៃនិងជើងដែលដូចជាយន្តការវិសេស ក៏បាក់ក្លបអស់កម្លាំងកំហែងរលីងរាល់ពេល សតិបញ្ញាទាំងពួង ក៏គិតលែងចេញវិលវល់ទាំងអស់ ប៉ុន្តែការគិតរកហេតុផលមកគាំទ្រ មិនចង់ធ្វើការមាន ដូចជា ថាពេលនេះក្ដៅពេក ត្រជាក់ពេក ព្រឹកពេក ល្ងាចពេក ហើយសម្រាកយករួចខ្លួនតែឯង ទៅរកសេចក្ដីសប្បាយដាក់មុខជារឿយៗ ។ គំនិតនេះ ពេលកើតឡើងហើយ ក៏ទៅជួយបន្ថែមភាពខ្ជិលច្រអូសដែលមាននៅស្រាប់ ក៏ឲ្យច្បាស់ឡើងថែមទៀត ។ តាមទំនងដូចគ្នានេះ សេចក្ដីខ្ជិលច្រអូសដែលបានកំពុងបន្ថែមនេះ ក៏វិលទៅរកកន្លែងដើមវិញ ឲ្យស្ទង់ចុះជ្រាលជ្រៅទៅទៀត មានចលនាវិលទៅយ៉ាងនេះ រកទីបញ្ចប់មិនឃើញ ។

បើយើងគិតពិចារណាឲ្យបានច្បាស់ទៅ សេចក្ដីសុខមិនមែនសេចក្ដីសប្បាយ ហើយសេចក្ដីសប្បាយ ក៏អាចមិនមែនជាសេចក្ដីសុខ ឃើញកើតមានពីមនុស្សដែលធ្វើការងារយកស្លាប់យករស់ ដែលត្រូវបោះបង់សេចក្ដីសប្បាយ ត្រូវហត់នឿយ ត្រូវត្រជាក់ក្ដៅ ប៉ុន្តែពួកគេមានសេចក្ដីសុខជាមួយការធ្វើការងារនោះបាន ។ ចំណែកមនុស្សដែលគិតតែពីស៊ីដេកៗតែម្យ៉ាង ធ្វើអ្វីមិនកើត ត្រូវប្រកាន់ថា សប្បាយ តែមិនមានសេចក្ដីសុខដូច្នោះទេ ។ មនុស្សដែលដៅលើការសប្បាយតែមួយមុខ មិនចង់ទទួលខុសត្រូវ មិនចង់ធ្វើការងារ ទើបត្រូវគិតសាជាថ្មីថា ការធ្វើយ៉ាងនេះ ជាការដើរចូលទៅរកផ្លូវនៃសេចក្ដីវិនាស មិនមែនសេចក្ដីសុខ តែមុខឆាកបិទបាំងសេចក្ដីសប្បាយខ្លះ ភាពស្រនុកស្រួលខ្លះ ភាពភ្លើតភ្លើនខ្លះ ជាគ្រឿងជន្លចិត្តតាមវិស័យល្បិចកលបីសាចខ្នងវែង ហើយបុគ្គលដែលមានសង្ឃឹមចង់រីកចំរើន ត្រូវតែប្រុងប្រយ័ត្នជាពិសេស

 ប្រែ.គោលគំនិតល្អដើម្បីជីវិត


Wednesday, November 8, 2017

ធម្មៈអប់រំចិត្តៈ រឿងបីសាចក្លែងកាយ វគ្គបីសាចកាមារម្មណ៍


ធម្មៈអប់រំចិត្តៈ រឿងបីសាចក្លែងកាយ វគ្គបីសាចកាមារម្មណ៍

ការដើរលេងយប់ព្រលប់នោះ ទោះជាធ្វើឲ្យជីវិតសប្បាយរីករាយ និងបន្ធូរបន្ថយអារម្មណ៍របស់វិស័យបុថុជ្ជនក៏ដោយ ប៉ុន្តែបើដើរលេងរហូតដល់ញៀនស្មៅជាប់ជើង នៅផ្ទះលែងបានហើយ ជាពិសេសក្នុងពេល និងទីកន្លែងដែលមិនសមគួរ ក៏នឹងក្លាយជាទម្លាប់ខុសភ្លាត់ម្យ៉ាងនៃជីវិត ព្រោះវាកាត់បន្ថយស្ថិរភាពទាំង ៣ផ្នែកធំៗគឺ៖

១) ផ្នែកគ្រួសារ  គ្រួសារជាមូលដ្ឋានដ៏សំខាន់របស់ជីវិត  ការចោលគ្រួសារទៅក្នុងពេលយប់អធ្រាត្រ ឈ្មោះថា បានតាំងនៅក្នុងសេចក្ដីប្រមាទ ។ មួយប្រការទៀត ជាការកាត់បន្ថយសេចក្ដីស្រឡាញ់ សម្ព័ន្ធមេត្រីភាពដែលអាចពឹងពំនាក់ចំពោះគ្នានិងគ្នា ធ្វើឲ្យខ្វះភាពកក់ក្ដៅ និងប្រឈមមុខក្នុងការបែកបាក់គ្នា ។

២) ផ្នែកសេដ្ឋកិច្ច ឈ្មោះថា មិនរក្សាទ្រព្យសម្បត្តិ ព្រោះត្រូវចាយវាយចោលទៅទទេៗដោយងាយៗ ភាពសប្បាយរីករាយ ដែលបានកើតឡើងពីការដើរហើរប៉ោឡែរ ក៏ជារឿងមួយម្ដងមួយកាល ជាសេចក្ដីសុខមាយាដែលកើតឡើងហើយ ក៏រលាយបាត់ទៅវិញ ប៉ុន្តែលុយដែលអស់នោះ អស់ពិត បំណុលដែលកើតឡើង ក៏កើតពិត ហើយត្រូវដោះស្រាយបង់រំលស់ ដោយការលំបាកផងដែរ ។

៣) ផ្នែកសុវត្ថិភាព ឈ្មោះថា មិនរក្សាខ្លួន ព្រោះការញៀនដើរលេង ជាការបើកច្រកឲ្យគ្រោះភ័យអាសន្នទាំងឡាយកើតឡើងបានងាយ មិនបានធ្វើអ្វីខុស ក៏បានជាឱកាសត្រូវគេរករឿងបង្កជាបញ្ហា ទម្លាក់កំហុសដាក់ឲ្យខ្លួនបានងាយ ក្រៅពីនោះសុខភាពរាងកាយ ក៏ត្រូវទ្រុឌទ្រោមថមថយលឿនជាងធម្មតា ។

ដោយទូទៅ  គ្មានអ្នកណាថាមិនស្រឡាញ់គ្រួសារ មិនស្រឡាញ់ទ្រព្យសម្បត្តិ មិនស្រឡាញ់ជីវិតខ្លួនទេ ប៉ុន្តែបើឈ្លក់វង្វេងងប់ក្នុងសេចក្ដីសប្បាយរីករាយដល់ភ្លេចខ្លួន ក៏នឹងរក្សាវត្ថុជាទីស្រឡាញ់នេះមិនបានដែរ ។ ការនៅពពាក់ពពួនសប្បាយភ្លើតភ្លើនជាមួយការដើរលេងយប់ ទើបជាផ្លូវនៃសេចក្ដីវិនាស ។ មួយប្រការទៀត ដែលចាស់បុរាណពោលទុកថា ធ្វើឲ្យភ្លេចអាត្មាដូចខ្មោចចូលសណ្ឋិតនោះដូច្នោះ ។ បើនឹងដើរលេង ក៏ត្រូវដើរដោយមានសតិ គឺសប្បាយយ៉ាងណាក៏ត្រូវគិតដល់ផ្ទះសម្បែង ត្រូវប្រមាណលុយកាក់ និងត្រូវគ្រប់គ្រងគ្រួសារខ្លួនឲ្យល្អប្រពៃ ទើបមានសុវត្ថិភាព ផុតទុក្ខផុតភ័យពីឥទ្ធិឫទ្ធិនៃបីសាចកំដររាត្រីបាន … ៕

ប្រែ.គោលគំនិតល្អដើម្បីជិវិត

       

រឿងនិទាន សត្វដំរីនិងអង្រ្កង


រឿងនិទាន សត្វដំរីនិងអង្រ្កង

រឿងនិទានដំណាលថា មានសត្វដំរីមួយក្បាល ប្រកាន់ខ្លួនថា ជាសត្វខ្លួនធំ និងមានកម្លាំងខ្លាំងជាងសត្វទាំងឡាយទាំងពួង ទើបច្រើនតែដើររុករានទន្រ្ទានសត្វតូចធំក្នុងព្រៃជានិច្ច ។ ថ្ងៃមួយ ខណៈដែលកំពុងស៊ីនោះ ទៅប៉ះសំបុកអង្រ្កងមួយសំបុក ទើបយកប្រមោយទាញកន្ត្រាក់ទម្លាក់ចុះមក បំណងនឹងញីឲ្យខ្ទេចខ្មុកទាំងសំបុក ។ ដោយសញ្ជាតញាណក្នុងស្មារតីការពារខ្លួន អង្រ្កងមួយសំបុកនោះ ទើបនាំគ្នាស្ទុះចូលទៅខាំប្រមោយដំរី ហើយខ្លះទៀតក៏ស្ទុះចូលទៅខាំក្នុងរន្ធច្រមុះ និងទីផ្សេងៗទៀត ធ្វើឲ្យដំរីក្បាលខូចមួយក្បាលនោះ បានទទួលរងនូវការឈឺចាប់រហូតដល់ទីបំផុត ។

ទុកណារឿងនេះ មានត្រឹមតែរឿងនិទានក៏ដោយ ប៉ុន្តែរឿងនេះពោរពេញទៅដោយសារៈសំខាន់ ព្រោះថាវាបញ្ជាក់ទៅលើមូលដ្ឋាននៃការយករួចខ្លួន សំដៅទៅលើភាពសាមគ្គីគ្នា ប្រមូលរួបរួមកម្លាំងគ្នា ដែលធ្វើឲ្យអង្ក្រងខ្លួនតូចៗ អាចយកឈ្នះដំរីខ្លួនធំបាន ។ ក្នុងក្រុមមនុស្ស ភាពសាមគ្គីនោះ រមែងកើតឡើងបាន ព្រោះទង្វើ ៣ យ៉ាងគឺ៖

ព្រះពុទ្ធឧទាន!


ព្រះពុទ្ធឧទាន!

និទានធម្មៈ ប្រចាំផេក ក៏ដូចជាគេហំទំព័រគោលគំនិតល្អដើម្បីជីវិត ប្រចាំថ្ងៃនេះ ត្រូវនឹងព.ស.២៥៦១ ដែលបានកំពុងសម្រិតសម្រាំងសរសេរឡើងនូវនិទានធម្មៈខ្លះៗ ដើម្បីបានជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន ទុកជាកម្លាំងចិត្ត ទុកជាគតិអប់រំចិត្ត ទ្រទ្រង់ជីវិតទៅតាមមាគ៌ាព្រះពុទ្ធសាសនា សម្រាប់ជាកំណប់ទ្រព្យវេចខ្ចប់ទុកដំណើរទៅផ្លូវឆ្ងាយ ពោលគឺបរលោកនាយ ព្រមទាំងបានឃើញពីតម្លៃដែលបានកើតមកជាមនុស្ស និងក្នុងនាមជាអ្នកបានយកព្រះពុទ្ធសាសនាធ្វើជាមាគ៌ាជីវិត ។ កុំឲ្យការនេះវែងឆ្ងាយ សូមទាញយកនិទានធម្មៈសម្រាប់ជីវិត មកសរសេរទុកដូចខាងក្រោម៖

Tuesday, November 7, 2017

ចេះរៀនមើលក្នុងផ្នែកទាំងពីរ


ចេះរៀនមើលក្នុងផ្នែកទាំងពីរ

និទានធម្មៈ ចេះរៀនមើលក្នុងផ្នែកទាំងពីរ អាននិទានខ្លីៗ ជានិទានក្មេងអាចអានបាន ចាស់ទុំអានក៏កាន់តែល្អ ព្រោះមិនមែនត្រឹមតែនិទានខ្លី ផ្ដល់ភាពសប្បាយៗ ប៉ុន្តែថែមទាំងមាននិទានធម្មៈអប់រំចិត្ត តាមពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធជាអង្គម្ចាស់នៃយើងផង ។ ការអាននិទានធម្មៈ គតិអប់រំចិត្តខ្លីៗ ជាមួយនឹងគោលគំនិតល្អដើម្បីជីវិត គ្រប់ពេល បានរាល់ថ្ងៃ ។

ធម្មៈអប់រំចិត្តៈ សសរនៃជីវិត


ធម្មៈអប់រំចិត្តៈ សសរនៃជីវិត

ក្នុងការសាងសង់អាគារ ផ្ទះសម្បែង ចាំបាច់មានសរសជាគោលទប់តួអាគារ ឬផ្ទះយ៉ាងណា ក្នុងការសាងអំពីល្អគ្រប់ប្រភេទ ក៏ចាំបាច់មានសេចក្ដីមិនប្រមាទជាខ្លឹម ជាគោល ជាចន្ទល់ ក៏យ៉ាងនោះដែរ ។ ការមិនប្រមាទ ទើបរាប់ថា ជាគោល ជាគ្រឹះធម្មៈដ៏សំខាន់ក្រៃលែង ក្នុងការគ្រប់គ្រងខ្លួន គ្រប់គ្រង់មនុស្ស និងគ្រប់គ្រងការងារ ឲ្យសម្រេចទៅតាមគោលដៅគ្រប់ផ្នែក ។ ការមិនប្រមាទ គឺ ការមានសតិគ្រប់គ្រងខ្លួនជានិច្ច មិនថាខ្លួននឹងគិត នឹងនិយាយ នឹងធ្វើអ្វីៗ មិនឲ្យផុងខ្លួនចូលទៅក្នុងហាយនៈ សេចក្ដីវិនាស ឬសេចក្ដីអាប់ឱនថោកទាប និងមិនឲ្យខកបាត់ឱកាសក្នុងការធ្វើអំពើល្អ ដឹងច្បាស់អំពីរឿងដែលខ្លួនត្រូវធ្វើ អំពីកម្មមិនល្អ ដែលខ្លួនត្រូវវៀរចាក យកចិត្តទុកដាក់គិតដល់តួនាទី ដែលខ្លួនត្រូវទទួលខុសត្រូវជានិច្ចថា បើខ្លួនមានសេចក្ដីប្រមាទគ្រប់រឿង ភាពរីកចម្រើនលូតលាស់ ក៏មិនអាចកើតមានឡើងបានដែរក្នុងបទប្រសូត្រ សំយុត្តនិកាយ មហាវារវគ្គ ព្រះពុទ្ធជាអង្គម្ចាស់នៃយើង ទ្រង់ត្រាស់សំដែងថា

និទានធម្មៈមុនចូលដេកៈ វិថីជីវិត


និទានធម្មៈមុនចូលដេកៈ វិថីជីវិត

សម័យមួយ ព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់សួរក្មេងស្រីម្នាក់ថា  ក្មេងតូច តើនាងមកពីទីណា? ក្មេងស្រីនោះឆ្លើយតបថា មិនដឹងទេ ។ ព្រះអង្គទ្រង់ត្រាស់សួរបន្តទៅទៀតថា ចុះនាងនឹងទៅកាន់ទីណា? នាងឆ្លើយថា មិនដឹងទៀត ។ អ្នកភូមិទាំងឡាងដែលនៅក្នុងបរិវេននោះ ក៏សម្ដែងឡើងនូវអាការៈមិនពេញ នាំគ្នាតិះទៀនមានប្រការផ្សេងៗថា និយាយមិនចេះស្គាល់ខ្ពស់ស្គាល់ទាប មិនដឹងកាលៈទេសៈ មិនមានការអប់រំទូន្មានប្រៀនប្រដៅ ជាដើម... ។ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវចម្លែកក្នុងចិត្តទៅតាមគ្នា នៅពេលដែលព្រះពុទ្ធជាអង្គម្ចាស់ទ្រង់ត្រាស់ថា នាងតូច នាងពិតជាមានបញ្ញាមុតស្រួចណាស់ ឆ្លើយសំនួរទាំងនេះបានល្អ ។