Thursday, August 22, 2019

ថែរក្សាអ្វីដែលយើងមាន



មានក្ដីស្រឡាញ់ ជីវិតក៏មានសោភ័ណ គ្មានក្ដីស្រឡាញ់ជីវិតក៏សោះកក្រោះ ។ ពេលខ្លះទឹកមួយថ្លុកដែលយើងបានផឹក វាអាចឆ្ងាញ់ជាងទឹកបរិសុទ្ធមួយដបទៅទៀត ។ មានសំណាងបានរួមដំណើរជាមួយមនុស្សច្បាស់លាស់ម្នាក់ វាប្រសើរជាងរួមដំណើរជាមួយមនុស្សមិនច្បាស់លាស់រាប់រយនាក់ ។ ពេលខ្លះបានផឹកទឹកឆ្ងាញ់មួយថ្លុក វាប្រសើរជាងបានផឹកទឹកមួយពាងដែលមិនមានសុវត្ថិភាព ។ មនុស្សម្នាក់ដែលពេញដោយភាពកក់ក្ដៅ ពេញដោយក្ដីស្រឡាញ់ ពេញដោយភក្ដីភាព គឺជាមនុស្សដែលពេញដោយគុណតម្លៃជីវិត ហើយគុណតម្លៃនេះ គឺត្រូវការតម្លៃរបស់យើងទៅប្ដូរ ។ មួយថ្ងៃនៃជីវិត ដ្បិតមានរយៈពេលវែង ប៉ុន្ដែរហូតមកដល់ពេលនេះយើងក៏នៅតែមានអារម្មណ៍ថា ពេលវេលាដើរលឿនណាស់ ។ មែនហើយវាពិតជាលឿនមែន ហើយចំពោះរឿងដែលយើងគួរយកចិត្តទុកដាក់បំផុតនោះ គឺទឹកមួយថ្លុកដែលយើងកំពុងផឹក ។ មនុស្សល្អម្នាក់ដែលកំពុងរួមដំណើរជីវិតជាមួយយើង ។ សុភមង្គលដែលនៅចំពោះមុខ ។ ក្ដីសុខដែលកំពុងមាន ។ មានសំណួរតែមួយគត់ ដែលយើងគួរតែឆ្លើយទៅកាន់និយមន័យជីវិត នោះគឺថាតើយើងនឹងថែរក្សាស្នាមញញឹមខ្លួនឯង ដោយរបៀបណា ? (យើងនឹងផឹកទឹកមួយថ្លុកនោះ នឹងថែរក្សាវាដោយរបៀបណា ? )។ ត្រូវឆ្លើយបែបណានោះ វាក៏អាស្រ័យលើវប្បធម៌នៃការរស់នៅរបស់យើងដែរ ៕

Cr. Sun Veasna

ពេលរីករាយមិនចេះតែមានរហូតទេ



យើងមិនអាចហាមដំណក់ភ្លៀងមិនឱ្យស្រក់បានទេ ប៉ុន្ដែយើងអាចរីករាយជាមួយដំណក់ទឹកភ្លៀង ។ ឆាកជីវិតមានរឿងខ្លះ យើងមិនអាចគ្រប់គ្រងបានទេ តែយើងអាចបន្សល់ពេលវេលាបន្ដិចដើម្បីភាពរីករាយ ។ ពេលកើតទុក្ខ គិតឱ្យឆ្អែត ពេលញ៉ាំបាយញ៉ាំឱ្យឆ្អែត ពេលរីករាយសប្បាយឱ្យអស់ចិត្ដទៅ ។ ពេលគេងកុំគិត ពេលសប្បាយកុំគិត ហើយពេលញ៉ាំបាយក៏មិនត្រូវគិតដែរ ព្រោះបើយើងច្របល់រឿងគ្រប់យ៉ាងចូលគ្នា នោះជីវិតយើងនឹងក្លាយជាធុងសំរាមហើយ ។ ជីវិតដើរទៅមុខរហូត ពេលសប្បាយមានតិចឬច្រើន អាស្រ័យលើយើងចេះស្រឡាញ់ខ្លួនឯងកម្រិតណា ។ ពេលវេលារីករាយសម្រាប់ជីវិត មិនចេះតែមានរហូតទេ គ្រប់យ៉ាងត្រូវចេះស្វែងរកដោយខ្លួនឯង ។ ខំធ្វើការហត់ហើយ មកគិតរឿងស្មុគស្មាញច្រើនពេកធ្វើអី ? ពេលចង់ដើរលេងក៏ទៅដើរលេងទៅ ពេលចង់ទៅញ៉ាំអីក៏ទៅៗ ចង់ធ្វើអីធ្វើហ្នឹងទៅ ព្រោះពេលវេលាមិនចេះតែចាំយើងទេ ហើយថ្ងៃស្អែកក៏មិនមានសម្រាប់យើងជានិរន្ដរ៍ដែរ ៕

Sun Veasna

Friday, August 9, 2019

កុំចាំតែបន្ទោស



អ្នកដែលជោគជ័យពិតប្រាកដមិនមែនជាជន ដែលដឹងច្រើននោះទេ​ តែជាបុគ្គលដែលធ្វើច្រើនទៅវិញទេ ។ បើអ្នករៀនច្រើន​ អានច្រើន​ ចេះច្រើន​ តែមិនបានយកវាទាំងនោះទៅអនុវត្តទេនោះ អ្នកនឹងមិនខុសពីជន ដែលបរាជ័យឡើយ

សព្វវិជ្ជាទាំងឡាយក្នុងលោក បង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហាជីវិត ។ ប៉ុន្តែ បើយើងចេះដឹងហើយ បែរជាមិនអាចប្រើការឱ្យចេញជាប្រយោជន៍បាន ប្រហែលជាមានបញ្ហាអ្វីមួយនៅពីខាងក្នុងនោះមិនខាន ។ ដូច្នេះឯងបានជា សូក្រាត ទូន្មានថា "ត្រូវមើលពីក្នុងមកក្រៅ ពីជិតទៅឆ្ងាយ ខ្លួនឯងមុនអ្នកដទៃ និង ត្រូវដុសសម្អាតចិត្តជាងរាងកាយ"

មនុស្សភាគច្រើន ពិសេសយុវជន ចូលចិត្តស្តីបន្ទោសដល់បញ្ហានានា ដែលកើតឡើងពីការមិនបានប្រុងប្រយ័ត្នតាំងពីដំបូងទីរបស់ខ្លួន ។ គេអាចនឹងបន្ទោសទៅលើសង្គមរបស់គេ គ្រួសាររបស់គេ ឬក៏អ្វីៗនៅជុំវិញខ្លួន ដែលគេអាចនឹងលើកយកមកបន្ទោសបាន ហើយសែស្រឡាយនៃការរិះគន់ស្តីបន្ទោស ជាការចំអកឡកឡឺយ និងចុះចាញ់អស់សង្ឃឹម ។ ។ ទម្លាប់អកម្មទាំងនេះ នឹងធ្វើឱ្យពួកគេកាន់តែក្លាយជាបន្ទុកនៃបញ្ហាសង្គម ហើយផ្នែកនៃដំណោះស្រាយនឹងកាន់តែចុះខ្សោយកម្លាំង ។

នៅពេលណានរណាម្នាក់ព្រមទទួលស្គាល់ថា គេជាជនរងគ្រោះនៃស្ថានការណ៍ ហើយព្រមឱនក្បាលចុះ នោះគេក៏នឹងគ្មានក្តីសង្ឃឹម រួចក៏បាក់ទឹកចិត្ត និង តក់ស្លុត បន្ទាប់មកក៏ព្រមចុះចាញ់ ។ Stephen R. Covey និយាយថា «ចូរបន្ថយក្តីរំពឹងទុកឱ្យទាបបន្តិចមក វានឹងមិនធ្វើឱ្យអ្នកដទៃ ឬ អ្វីផ្សេងទៀតមានការឈឺចាប់ អស់សង្ឃឹម» ។ បើយើងនៅតែបន្តស្តីបន្ទោស ដោយមិនព្រមចេញសកម្មភាព នោះអ្នកដទៃក៏នឹងក្លាយជាជនរងគ្រោះ ដោយសារតែយើង ។

ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួនឯង និង សង្គម យើងទាំងអស់គ្នា ពិសេសយុវជន គួរខិតខំធ្វើឱ្យច្រើន ដូចដែលយើងបានចំណាយពេលវេលាទៅអង្គុយចាំទម្លាក់កំហុស ឬ រិះគន់ស្តីបន្ទោសដល់អ្នកដទៃ និង អ្វីៗផ្សេងទៀត ។ នេះជាដំណោះស្រាយដ៏ល្អបំផុត មុនពេលដែលបញ្ហាទាំងនោះធ្លាក់មកលើខ្លួនយើង ។
____

ធ្វើជាកូនសិស្សជីវិត



សុភាសិតចិនមួយឃ្លា បានបង្រៀនថា "សត្រូវទី១ដែលរារាំងអ្នកទៅកាន់ភាពជោគជ័យ គឺភាពខ្ជិល" ។ លីក្វាន់យូ រដ្ឋបុរសប្រទេសសិង្ហបុរី បានបន្ថែមថា " យើងមិនអាចទៅដល់ជោគជ័យដោយគ្មានវិន័យត្រឹមត្រូវបានទេ " ។ ម៉ាកុស អរីលៀស (Marcus Aurelius) គឺជាទស្សនៈវិទូនិងជាអធិរាជ្យចក្រភពរ៉ូម៉ាំង ( ១៦១-១៨០ គ.ស ) បានបន្ដថា " ភាពរីករាយនិងសុភមង្គលក្នុងជីវិតរបស់អ្នកគឺពឹងផ្អែកទាំងស្រុងទៅលើគុណភាពនៃការគិតរបស់អ្នក "

តាមពិតជីវិតបង្រៀនយើងច្រើនណាស់ ។ រៀនយំរៀនសើច រៀនដើររៀនដួល រៀនខកចិត្ដរៀនឈឺចាប់ រៀនញញឹមរៀនដើរទៅមុខ ប៉ុន្ដែពេលខ្លះមនុស្សខ្លះបានបោះបង់ខ្លួនឯងចោលទាំងពុំទាន់បានឆ្លងកាត់វិញ្ញាសាជីវិតទាំងនោះទៅវិញ ។ តាមពិតយើងបានឆ្លងកាត់រឿងដំបូងច្រើនណាស់ ហើយរឿងប្លែកៗទាំងនោះបានបង្រៀនយើងពីអ្វីដែលហៅថាជីវិត ។ លំបាកតាមពេល សប្បាយតាមកាល គ្រប់យ៉ាងពុំរាបស្មើឡើយ ហើយក៏ពុំចេះតែដូចចិត្ដគ្រប់ពេលដែររៀនទទួល រៀនលះបង់ រៀនឈឺចាប់ រៀនរឹងមាំគ្រប់យ៉ាងត្រូវចាប់ផ្ដើមពីខ្លួនឯង ។ នឿយហត់ក៏ត្រូវទៅមុខ អស់កម្លាំងក៏ត្រូវទៅមុខ ឬទៅមុខទោះបីពេលខ្លះត្រូវននៀល ឬទៅបានប៉ុនណាយកប៉ុណ្ណឹង ។ មនុស្សម្នាក់ៗកើតមកពុំវេចសំណាងមកជាមួយទេ ប៉ុន្ដែពេលខ្លះពួកគេយកភាពរឹងមាំ ឬភាពខ្លាំងមកជាមួយ ។ មនុស្សទន់ខ្សោយបន្ដដេកពេលដួល មនុស្សខ្លាំងដួលងើបៗ ៕

Cr. Sun Veasna

ប្រឹងឱ្យខ្លាំងច្បាំងឱ្យឈ្នះ



អតីតប្រធានាធិបតីអាមេរិក ចន កេណ្ណឌី (John F. Kennedy) និយាយថា ចូរយើងកុំបន់ស្រន់សុំជីវិតដែលងាយស្រួល តែត្រូវបន់ស្រន់សុំឱ្យខ្លួនឯងក្លាយទៅជាមនុស្សខ្លាំង

ទស្សនវិទូចិន ខុង ជឺ បានឱ្យនិយមន័យ មនុស្សខ្លាំង គឺសំដៅដល់បុគ្គលទាំងឡាយដែលមានគំនិតចាស់ទុំ ក្នុងខណៈដែលខ្លួននៅមានអាយុក្មេងនៅឡើយ។ បញ្ហាជីវិតកើតឡើងលើគ្រប់មនុស្សទាំងអស់ មានមនុស្សខ្លះព្រមទទួលបញ្ហា សុខខ្លះ ទុក្ខខ្លះ ដោះស្រាយបានខ្លះ ដោះស្រាយមិនបានខ្លះ តែវាជាច្បាប់ធម្មជាតិ។ ដូច្នេះ យើងគួរតែទទួលស្គាល់នូវការផ្លាស់ប្តូររាល់បាតុភូត និងរឿងរ៉ាវជីវិតក្នុងធម្មជាតិ។ មនុស្សខ្លាចស្លាប់ មិនចង់បែក មិនចង់ឈឺចាប់ មិនចង់ចាស់ អ៊ីចឹងទាល់តែលែងកើត នោះទើបអត់មានបញ្ហាជីវិត។ នេះជាច្បាប់សកលនិងច្បាប់ធម្មជាតិដែលហៅថា សច្ចៈ

ធម្មជាតិបានបង្កើតមនុស្សផង ចិញ្ចឹមមនុស្សផង និងសម្លាប់មនុស្សផង តែសេចក្តីវិនាសមួយចំនួនធំ វាក៏កើតចេញពីស្នាដៃរបស់មនុស្សដោយខ្លួនឯងដែរ។ ដូចជាមនុស្សបំផ្លាញបរិស្ថាន កាប់បំផ្លាញព្រៃឈើ។ល។ គ្រប់យ៉ាងនឹងទៅជាល្អទាំងអស់នៅទីចុងបញ្ចប់ តែបើមិនទាន់ល្អនៅឡើយទេ គឺគ្រាន់តែមានន័យថាមិនទាន់ដល់ទីបញ្ចប់ប៉ុណ្ណោះ។ ដើម្បីជោគជ័យមានវិធី ១០យ៉ាងគឺ៖ ១ប្រឹង ២ប្រឹង ៣ប្រឹង ៤ប្រឹង ៥ប្រឹង ៦ប្រឹង ៧ប្រឹង ៨ប្រឹង ៩ប្រឹង ១០ប្រឹង ដោយកុំបោះបង់ឱ្យសោះ។ ចាប់ផ្តើមដោយការប្រឹងប្រែង ធ្វើដំណើរដោយការប្រឹងប្រែង ហើយបញ្ចប់ទៅវិញក៏ដោយការប្រឹងប្រែងដែរ។ សូមឱ្យការប្រឹងប្រែងស្ថិតក្នុងដួងចិត្តមនុស្សទាំងឡាយក្នុងសង្គមខ្មែរ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

ទទួលស្គាល់តម្លៃរបស់អ្នកដទៃ



មនុស្សម្នាក់អាចក្លាយជាមនុស្សទៅបាន លុះត្រាណាតែគេចេះទទួលស្គាល់អ្នកដទៃថាជាមនុស្សដូចខ្លួនដែរ។ មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ គឺងាយនឹងស្គាល់ពីធម្មជាតិមនុស្សទូទៅ ហើយមនុស្សដែលចេះផ្តល់តម្លៃឱ្យខ្លួនឯង ក៏នឹងយល់ថាអ្នកដទៃក៏មានតម្លៃដូចជាខ្លួនដែរ។

បើតាមទ្រឹស្តីអ្នកប្រាជ្ញឥណ្ឌាបុរាណ (សម័យអធិរាជអាឡិចសង់ ឌឺក្រង់ ឬ Alexander The Great ឈ្លានពានឥណ្ឌា) បាននិយាយថា ក្នុងលោកមានវត្ថុ ៣យ៉ាងដែលសំខាន់សម្រាប់មនុស្សជាតិ៖ ១. អាហារបរិភោគ, ២. ទឹកបរិភោគ, ៣. សម្តីសប្បុរសចំពោះមនុស្សទូទៅ។ ប៉ុន្តែរហូតដល់ ស.វ ក្រោយមកទៀត ចិត្តវិទូ អាប្រាហាម ម៉ាស្លូវ (Abraham Maslow) បានបែងចែកតម្រូវការរបស់មនុស្សរហូតដល់ ៥យ៉ាង។

បើតាមខ្ញុំយល់ មនុស្សដែលមានអាហារបរិភោគគ្រប់គ្រាន់ ឬតម្រូវការសរីរៈ (Physiological needs) និងមានសេចក្តីស្រឡាញ់ (Belonging and love needs) នោះក៏ល្មមគ្រាន់ឱ្យផែនដីមានសន្តិភាព និងរស់នៅយ៉ាងសុខដុមរមនានឹងគ្នាហើយដែរ។ បើស្រឡាញ់ តើយើងនឹងត្រូវការកាប់សម្លាប់គ្នាទៀតទេ (Safety needs)។ បើស្រឡាញ់ យើងនឹងចេះឱ្យម្លៃគ្នា (Self - Esteem)។ បើស្រឡាញ់ យើងនឹងចេះរួបរួមគ្នាសាមគ្គី ធ្វើការងារល្អៗដើម្បីសេចក្តីសុខរួមគ្នា (Self - Actualization)

មនុស្សដែលមានសេចក្តីស្រឡាញ់ ឥតត្រូវការអំណាចអ្វីទាំងអស់ តែមនុស្សដែលត្រូវការអំណាច គឺអាចមានគោលបំណងធ្វើបាបគាបសង្កត់អ្នកដទៃ ដោយក្តីស្អប់ខ្ពើមនិងចង់ឈ្នះចាញ់។ ពេលដែលអំណាចនៃសេចក្តីស្រឡាញ់ អាចបន្ទន់ចិត្តមនុស្សដែលស្រឡាញ់អំណាច គឺថាពិភពលោកនឹងស្គាល់សន្តិភាពពិតប្រាកដ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

បើកបេះដូងឱ្យទូលាយ



តាំងពីកើតមក ខ្ញុំមិនដែលស្ពាយគំនិតរើសអើងជាប់ខួរក្បាលទេ បើនិយាយគ្នាបានក៏និយាយ បើមិនបានក៏ដើរចេញ ។ អាចថាមកពីខ្ញុំមិនខ្ពង់ខ្ពស់ មិនលើលគេ ទើបមិនវាយឬកដូចគេ នោះប្រហែលជាច្រឡំធំហើយ ។ តាំងពីដើមមកដល់ពេលនេះ មានតែមនុស្សរើសអើងខ្ញុំ គ្មានទេមនុស្សដែលខ្ញុំរើសអើង ។ មិនមែនលើកខ្លួនឯងទេ ក៏មិនមានមិត្រច្រើន បក្ខពួកច្រើនដូចគេដែរ។ គ្រប់គ្នាយល់ថាមានមិត្ដច្រើនគឺជារឿងសប្បាយចិត្ដ តែខ្ញុំយល់ថាមានមិត្តច្រើនឬតិចមិនសំខាន់ទេ សំខាន់មានមិត្តល្អយល់ចិត្តគ្នា ចេះជួយគ្នា ទើបជារឿងសប្បាយចិត្ត ។

ជឿថានរណាៗក៏អាចក្លាយជាមិត្រយើងបានដែរ សំខាន់ឱ្យតែបេះដូងរបស់យើងទូលាយ ។ យើងរស់នៅលើលោកនេះស្គាល់មនុស្សច្រើនណាស់ អ្នកខ្លះចិត្តចង្អៀត អ្នកខ្លះចិត្ដទូលាយ អ្នកខ្លះផ្អែមក្រៅ អ្នកខ្លះផ្អែមក្នុង ហើយអ្នកខ្លះទៀតលេងចរិតតួឯក (មានតែអញ,រាប់តែគ្នាអញ) ។ ដ្បិតយើងមិនអាចទៅជជែកជាមួយមនុស្សមិនដែលស្គាល់ តែមនុស្សខ្លះស្គាល់ធ្វើមិនស្គាល់ ជួបធ្វើមិនឃើញ មិនដឹងថាគេធ្វើដើម្បីអ្វីទេ គ្រាន់តែថាមនុស្សប្រភេទនេះភាគច្រើនគឺឯកោ ។ ជីវិតដែលល្អប្រសើរ គួរផ្សាភ្ជាប់ខ្លួនឯងជាមួយសម្ពន្ធភាព ។ បើកបេះដូងឱ្យទូលាយទទួលយកមិត្រភាពថ្មីៗ ព្រោះមនុស្សក្នុងលោកមានច្រើនណាស់ ហើយពេលខ្លះពួកគេអាចក្លាយជាមិត្ដល្អរបស់យើង ហើយពេលខ្លះដោយសារតែវត្ដមានពួកគេ ទើបធ្វើឱ្យជីវិតយើងរីករាយ ។

Cr. ប្រាជ្ញាជីវិត

ស្ដីបន្ទោសស្ងាត់ៗ



ក្សត្រិយ៍នៃចក្រភពរុស្ស៊ីមួយអង្គ ព្រះនាម ខាធើរីនទី២ (១៧២៩-១៧៩៦) បានលើកឡើងនូវព្រះរាជទស្សនៈមួយឃ្លាថា «ខ្ញុំសរសើរខ្លាំងៗ តែស្ដីបន្ទោសស្ងាត់ៗ»

ប្រសិនបើសម្ដីរបស់យើងវាគ្មានសោភ័ណភាពទេ យើងគួរនិយាយគ្នាដោយស្ងាត់ៗ ។ មនុស្សម្នាក់ៗមិនចូលចិត្ដស្ដាប់ពាក្យស្ដីបន្ទោសទេ ប៉ុន្ដែពួកគេនឹងសប្បាយចិត្ត នៅពេលពួកគេទទួលបានការណែនាំប្រកបដោយកិត្តិយស ។ ក្នុងភាពជាអ្នកដឹកនាំ ការស្ដីបន្ទោសថ្នាក់ក្រោម គឺជៀសមិនផុតឡើយ ប៉ុន្ដែសិល្បៈនៃភាពជាអ្នកដឹកនាំ គឺបញ្ឆេះតាមពេល ពន្លត់តាមកាល គឺមានន័យថា ដឹងពេលស្ដី ដឹងពេលស្ងាត់ ។ សម្ដីដែលមានសោភ័ណ វាធ្វើឱ្យមនុស្សសប្បាយចិត្តនឹងស្ដាប់ សម្ដីដែលមិនពីរោះ វាបានធ្វើឱ្យមនុស្សបាក់ទឹកចិត្ត ។ អ្នកដឹកនាំល្អ ពុំដែលយកកំហឹងមកដាក់មុខទេ ដ្បិតគោលការណ៍នៃភាពជាអ្នកដឹកនាំ គឺដើម្បីប្រយោជន៍រួម ។ ហើយដើម្បីប្រយោជន៍រួម មេដឹកនាំត្រូវដើរតាមមាគ៌ាសន្ដិភាព ហើយដើម្បីទទួលបានសន្ដិភាពជាមួយថ្នាក់ក្រោម មេដឹកនាំគួរតែទទួលស្គាល់កិត្តិយសថ្នាក់ក្រោមជាមុន ។

លោកឧកញ្ញាបណ្ឌិត ម៉ុង រិទ្ធី មានប្រសាសន៍ថា " បុគ្គលិកប្រៀបដូចស្រូវក្នុងស្រែ " ត្រង់ន័យនេះគាត់ចង់រម្លឹកថា បើប្រើបច្ចេកទេសដឹកនាំត្រឹមត្រូវបុគ្គលិកនឹងធ្វើការបានល្អ តែបើប្រើបច្ចេកទេសខុស នោះប្រៀបដូចស្រូវក្នុងស្រែដែលគ្មានកសិករថែទាំ ដែលស្របទៅនឹងការទូន្មានរបស់ព្រះចៅអធិរាជ ណាប៉ូឡេអុង ត្រង់ន័យថា " អ្នកដឹកនាំគឺជាអ្នកដែលផ្ដល់ក្ដីសង្ឃឹម " អ្នកដឹកនាំជាគំរូភាព ជាក្ដីសង្ឃឹមរបស់អ្នកដើរតាម ៕

Cr. Sun Veasna

Sunday, August 4, 2019

យើងនៅមានឱកាស



ក្រោកពីព្រលឹម អ្វីដែលយើងអាចមើលឃើញមុនគេ គឺព្រះអាទិត្យ។ លិចរះៗហាក់គ្មានអ្វីប្លែកសោះ ប៉ុន្ដែពេលខ្លះភាពត្រចះត្រចង់របស់ព្រះអាទិត្យហាក់កំពុងប្រាប់យើងថា ពេលវេលាចាប់ផ្ដើមម្ដងទៀតមានរាល់ថ្ងៃ ។ ពីម្សិលមិញយើងបានស្លាប់ទៅជាមួយអតីតកាលម្សិលមិញទៅហើយ នៅពេលនេះ យើងគឺជាមនុស្សថ្មី! ។ ព្រះអាទិត្យរះឡើង គឺព្រះអាទិត្យថ្មី យើងក៏ត្រូវតែធ្វើជាមនុស្សថ្មីសម្រាប់ថ្ងៃថ្មីរបស់យើងដែរ ។ ម្សិលមិញបានកន្លងទៅជារៀងរហូតហើយ រឿងមិនល្អដែលយើងធ្លាប់ចួបកាលពីមុន វាក៏បានរសាត់ទៅកាន់តែឆ្ងាយហើយដែរ ដ្បិតយើងមិនអាចជួសជុលអតីតកាលបាន តែយ៉ាងហោចណាស់យើងនៅសល់ពេលវេលាថ្មីជាច្រើនទៀត ដើម្បីរស់នៅម្ដងទៀត ហើយយើងក៏មានឱកាសអាចធ្វើអ្វីដែលយើងចង់ធ្វើឱ្យបានប្រសើរជាងមុន ។ មនុស្សយើងគ្មាននរណាមិនធ្លាប់ខុសទេ សំខាន់ដឹងខុសចេះកែ ដឹងខុសទទួលកំហុស ហើយចាប់ផ្ដើមរស់សាជាថ្មី គឺរស់ដើម្បីក្ដីសង្ឃឹមថ្មី

Cr. Sun Veasna

គ្រាន់តែស្រឡាញ់



មនុស្សក្នុងលោកនេះមានច្រើនណាស់ ហើយមនុស្សដែលព្រមរួមដំណើរជីវិត រួមសុខរួមទុក្ខ សើចយំសព្វគ្រប់បែបយ៉ាងជាមួយយើងបាន។ តើអាចមានប៉ុន្មាននាក់ទៅ? ។ អ្នកខ្លះមានសំណាងបានចួបមនុស្សល្អហើយបែរជាមិនចេះថែរក្សា ហើយអ្នកខ្លះទៀត ខ្លួនឯងល្អគ្រប់គ្រាន់តែបែរជាស្រឡាញ់មនុស្សខុស បំផ្លាញឆាកជីវិតខ្លួនឯង ។

ជីវិតពិតជាមានរឿងប្រថុយច្រើនមែន តែការប្រថុយខ្លះបានធ្វើឱ្យយើងចាញ់អស់ពីខ្លួន គ្មានសូម្បីកម្លាំងដើរទៅមុខបន្ដ ។ ឆាកជីវិតពិតជាលេងសើចណាស់ ឱ្យយើងចួបអតីតកាលមិនល្អឈឺចាប់ហើយ ទើបឱ្យយើងចួបមនុស្សល្អតាមក្រោយ តែអ្នកខ្លះគ្មានកម្លាំងលេងសើចនឹងជីវិត ក៏បោះបង់ខ្លួនឯងចោលដោយគ្មានអាឡោះអាល័យ ។ មនុស្សម្នាក់ៗសំណាងមិនដូចគ្នាមែន ហើយអ្នកខ្លះគ្មានសូម្បីតែសំណាង ។ មនុស្សក្នុងលោកនេះគ្មាននរណាល្អលើសគេទេ ហើយមនុស្សខ្លះគ្មានសូម្បីតែសំណាងបានស្គាល់មនុស្សល្អ ។

ទម្រាំរកឃើញមនុស្សល្អម្នាក់ អ្នកខ្លះចាយពេលអស់ស្ទើរតែពាក់កណ្ដាលជីវិត ។ អ្នកខ្លះបានឆ្លងកាត់មនុស្សមិនល្អជាច្រើនចូលក្នុងជីវិត ហើយពេលខ្លះអតីតកាលទាំងនោះបានបន្សល់ស្នាមរបួសរហូតមិនហ៊ានសូម្បីតែគិតម្ដងទៀត ។ ស្រឡាញ់មនុស្សម្នាក់មិនបាច់ទាមទារច្រើនពេកទេ សំខាន់ឱ្យតែជីវិតគូ ចេះស្រឡាញ់គ្នា ចេះមេត្ដា ចេះតស៊ូ និងមានក្ដីសុខមានសុភមង្គលទៅបានហើយ

ក្ដីស្រឡាញ់គឺបរិសុទ្ធណាស់ ។ ស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ យើងពុំគួរខ្វល់នឹងអតីតកាលគេទេ ។ នរណាៗក៏ធ្លាប់មានអតីតកាលដែរ គ្រាន់តែវាល្អ និងមិនល្អប៉ុណ្ណោះ ប៉ុន្ដែវាមិនសំខាន់ទេ ដ្បិតយើងបានដើរចេញពីអតីតទាំងនោះទៅហើយ អ្វីដែលយើងគួរធ្វើ គឺធ្វើបច្ចុប្បន្នឱ្យបានល្អ សម្លឹងទៅមុខឱ្យបានឆ្ងាយ ។ មិនសំខាន់ថាពីមុនគេជាមនុស្សបែបណាទេ សំខាន់គឺបច្ចុប្បន្នរបស់គេល្អប្រសើរសម្រាប់យើងដែរឬយ៉ាងណា ? ជួនកាលយើងអាចជាមនុស្សចុងក្រោយនៃជីវិតគេក៏ថាបាន ។ ស្រឡាញ់មនុស្សខុសគួរឱ្យខ្លាច តែការដើររំលងមនុស្សល្អ ទើបជាសោកនាថកម្មជីវិត

Cr. Sun Veasna

ដាំគ្រាប់ពូជនៃសេចក្តីល្អ



ពេលដែលយើងងងឹត យើងតែងត្រូវការពន្លឺ ហើយពេលអ្នកដទៃងងឹត គេក៏ត្រូវការពន្លឺដូចយើងដែរ

យើងគួរតែរៀនធ្វើជាចង្កៀងបំភ្លឺភាពងងឹត ប្រសើរជាងធ្វើជាភាពងងឹត។ ភាពងងឹត មិនអាចលុបបំបាត់ដោយភាពងងឹតបានទេ តែមានតែពន្លឺប៉ុណ្ណោះ ទើបអាច។ សេចក្តីស្អប់គុំកួន មិនអាចលុបបំបាត់ដោយសេចក្តីស្អប់គុំកួនបានទេ តែមានតែសេចក្តីស្រឡាញ់ប៉ុណ្ណោះ ទើបអាច។

គ្មានមនុស្សខឹងណាដែលដឹងថាខ្លួនឯងកំពុងខឹងខ្លាំងទេ លុះត្រាណាតែគេឈប់ខឹង ទើបដឹងថាខ្លួនខឹង។ គ្មានមនុស្សល្ងង់ណា អាចដឹងថាខ្លួនកំពុងតែល្ងង់ទេ លុះត្រាណាតែខ្លួនបានចេះដឹង ទើបដឹងថាខ្លួនល្ងង់។ ការផ្តល់ឱកាសឱ្យអ្នកដែលបានសាងកំហុសនានា គឺជាការបង្កើតគ្រាប់ពូជថ្មីនៃសេចក្តីល្អ៕

យើងអាចមានពេលមិនច្រើនទេ



មិនចាំបាច់ល្អឥតខ្ចោះទេ សុំតែអាចរីករាយនឹងជីវិតខ្លួនឯងទៅបានហើយ ។ យើងពុំគួរខ្ចះខ្ជាយពេលវេលាពេកទេ ជាពិសេសការចំណាយទៅលើការគិតរបស់អ្នកដទៃចំពោះយើង ។ ប្រសិនបើយើងរវល់តែដើរតាមការរិះគន់ពីអ្នកដទៃ ខ្លាចបែបនេះខ្លាចបែបនោះ នោះមិនខុសពីរត់តាមបបូរមាត់អ្នកដទៃឡើយ ចុងក្រោយអ្នកដែលហត់ស្ទើរដាច់ខ្យល់ គឺយើងខ្លួនឯង

យើងអាចមិនល្អគ្រប់ដប់ តែក៏គ្មានអ្នកណាល្អលើសគេក្នុងលោកដែរ ។ រស់ជាមនុស្សលើសមួយថ្ងៃមិនចម្លែក ខ្វះមួយថ្ងៃក៏មិនឆាប់ ព្រោះមុននឹងក្រោយគង់តែទុំជ្រុសដដែល ។ យើងអាចមានពេលមិនច្រើនទេ ដើម្បីគិតពីវិថីជីវិតខ្លួនឯង យើងអាចមានពេលមិនច្រើនទេ ដើម្បីចែករំលែកស្នាមញញឹមជាមួយគ្នា ប៉ុន្ដែពេលខ្លះយើងបានយកពេលទាំងនោះទៅចាយយ៉ាងខ្ចះខ្ជាយ ហើយចំពោះរឿងដែលខ្ចះខ្ជាយខ្លាំងបំផុតនោះ គឺចំណាយទៅលើរឿងឥតតម្លៃជាមួយមនុស្សមិនសមតម្លៃ រហូតធ្វើឱ្យខ្លួនឯងរលត់តម្លៃ

យើងម្នាក់ៗកើតមកលើផែនដីនេះ គឺបានស្ពាយកំហុសជាប់ខ្លួនមិនតិចទេ ហើយប្រសិនបើបណ្ដែតបណ្ដោយខ្លួនទៀត នោះយើងនឹងបង្កើតកំហុសកាន់តែច្រើន ។ ជីវិតដែលមានតម្លៃ គឺជាការរស់នៅជាមួយបេះដូងសន្ដិភាព ប៉ុន្ដែមនុស្សដែលសមតម្លៃនឹងផ្ដល់សន្ដិភាពជាមួយ គឺមនុស្សមានតម្លៃ ។ រស់ថ្ងៃនេះឱ្យមានតម្លៃ ធ្វើអ្វីដែលយើងចង់ធ្វើ ចែករំលែកអ្វីដែលអាចចែក ទទួលយកអ្វីដែលគួរទទួល តែយើងពុំគួរធ្វើរឿងដែលយើងមិនចង់ចួបទៅលើអ្នកដទៃនោះទេ ។ ទស្សវិទូចិន ឡៅជឺ បានទូន្មានថា " ប្រសិនបើអ្នក​តែង​តែ​ខ្វាយខ្វល់​ពី​ការ​គិត​ដែល​អ្នកដទៃ​មាន​មក​លើ​អ្នក នោះ​អ្នក​នឹង​តែងតែ​ជា​ទាសករ​របស់​ពួកគេ​ជា​រៀង​រហូត"

Cr. ប្រាជ្ញាជីវិត


Friday, July 26, 2019

ហ៊ានប្រឈមមុខ



យើងមិនចូលចិត្ដលេបថ្នាំទេ ប៉ុន្ដែពេលយើងឈឺយើងត្រូវតែលេប ។ យើងមិនចូលចិត្ដម្ជុលទេ ប៉ុន្ដែពេលយើងឈឺ យើងត្រូវតែទទួលការចាក់ថ្នាំ ។ យើងមិនចូលចិត្ដការឈឺចាប់ទេ ប៉ុន្ដែបើយើងមិនព្រមលេបវា យើងនឹងឈឺលើសដើម។ របួសមិនអាចជាបានទេ ប្រសិនបើយើងមិនព្រមទទួលការព្យាបាល ។ រឿងគ្រប់យ៉ាងនៅក្នុងជីវិត វាមិនអាចកន្លងផុតបានឡើយ ប្រសិនបើយើងមិនបានឆ្លងកាត់ មិនព្រមទទួលស្គាល់។ ជីវិតតែងមានរឿងមិនសមបំណងខ្លះហើយ សំខាន់ត្រូវក្លាហានហ៊ានប្រឈមមុខ ហ៊ានទទួលខុសត្រូវលើជីវិតខ្លួនឯង ។

ពេលយើងឈឺ ទោះយើងមិនចូលចិត្ដថ្នាំពេទ្យ ក៏យើងត្រូវតែលេប ។ ពេលយើងចួបរឿងលំបាកក្នុងជីវិត ទោះយើងមិនចូលចិត្ដក៏ត្រូវតែទទួល ។ ពេលយើងព្យាយាមហាមឃាត់ព្រះអាទិត្យមិនឲ្យរះ ក៏ព្រះអាទិត្យនៅតែរះ ទោះយើងយំដល់ស្លាប់ ក៏គ្រប់យ៉ាងនៅតែដំណើរការធម្មតា ប៉ុន្ដែប្រសិនបើយើងយល់ព្រមទទួលស្គាល់ថាគ្រប់យ៉ាងត្រូវតែបែបនេះ នោះយើងនឹងលែងឆ្ងល់ថា ហេតុអ្វីបានជាជីវិតយើងទៅជាបែបនេះឬបែបនោះទៀតហើយ ។

បញ្ហាជីវិតប្រៀបដូចស្រមោល ទោះបីយើងរត់គេចទៅដល់ជើងមេឃណា ក៏បញ្ហានៅតែកើតមានដដែល មានតែការមិនរត់គេចប៉ុណ្ណោះ ទើបយើងរកឃើញភាពខ្លាំងពិតប្រាកដនៃជីវិត ។ ផ្អែមខ្លះ ល្វីងខ្លះ ជារឿងធម្មតាទេ ។ រឿងលំបាកៗ តែងតែមកដល់មុនរឿងសមបំណងទាំងឡាយជានិច្ច ។ នឿយមុនស្រណុកក្រោយ ។ ឆ្លងកាត់រសជាតិល្វីងនៃថ្នាំពេទ្យ ទើបយើងអាចជាសះស្បើយពីជំងឺ ។ ឆ្លងកាត់ភាពល្វីងជូរចត់នៃភាពតស៊ូ ទើបយើងអាចទទួលបានផ្លែផ្កាជីវិត ។ រឿងគ្រប់យ៉ាងដែលបានកើតឡើង គឺសុទ្ធតែជាអ្វីដែលយើងត្រូវឆ្លងកាត់ ហើយមានតែការឆ្លងកាត់ទេ ទើបយើងអាចទៅដល់គោលដៅដែលយើងចង់ទៅ ។ រៀនឆ្លងកាត់ រៀនប្រឈមមុខ រៀនដោះស្រាយ ៕

Cr. ប្រាជ្ញាជីវិត

ការបង្កាច់បង្ខូចអ្នកដទៃ



មនុស្សដែលនិយាយមិនឈ្នះអ្នកដទៃ នឹងយកការនិយាយបង្កាច់បង្ខូចវាយប្រហារអ្នកដទៃពីក្រោយខ្នង មកធ្វើជាឧបករណ៍យកឈ្នះអ្នកដទៃ

ក្នុងទ្រឹស្តីល្បែងខ្មែរពោលថា ឈ្នះមុខខ្លាញ់ ចាញ់មុខខ្លា។ មានន័យថាបើឈ្នះ គឺមានទឹកមុខស្រស់ថ្លា តែបើចាញ់វិញមុខគួរឱ្យខ្លាចដូចសត្វខ្លា។ មនុស្សល្អត្រឹមត្រូវ សុខចិត្តចាញ់អ្នកដទៃដោយកិត្តិយស ទទួលស្គាល់ការពិត និងសិក្សាពីប្រវត្តិបរាជ័យរបស់ខ្លួន ហើយពុំដោះសាយករួចខ្លួនឡើយ។ ប៉ុន្តែមនុស្សថោកទាបដែលគ្មានការទទួលខុសត្រូវខ្ពស់វិញ បើចាញ់គឺចូលចិត្តនិយាយបង្កាច់បង្ខូចអ្នកដទៃជានិច្ច។

អ្នកចាញ់នឹងរកហេតុផលដោះសាការពារខ្លួន ហើយមនុស្សដែលចូលចិត្តដោះសាការពារខ្លួន នឹងមិនអាចទទួលជ័យជម្នះទេ។ ពេលខ្លះ ការដោះសាជារឿងខាតពេលវេលា បើទោះជាហេតុផលនោះត្រឹមត្រូវតាមកាលៈទេសៈក៏ដោយ ពីព្រោះមនុស្សដែលយល់ពីសច្ចៈ គេនឹងប្រើពេលវេលាធ្វើសកម្មភាពកែតម្រូវខ្លួន ប្រសើរជាងបង្ខាតពេលនិយាយពីហេតុផលការពារឱ្យខ្លួនត្រូវ៕

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, July 24, 2019

នៅពេលដែលយើងចេះស្រឡាញ់គេ



នៅពេលដែលយើងចេះស្រឡាញ់មនុស្សម្នាក់ពិតប្រាកដ យើងប្រាកដជានឹកគេស្ទើរគ្រប់ដង្ហើមចេញចូល បារម្ភពីគេ ចង់ដឹងពីគេ ចង់មើលមុខគេ ចង់ឮសំឡេងគេស្ទើរគ្រប់ពេល ។ នៅពេលដែលវត្ដមានមនុស្សដែលយើងស្រឡាញ់បង្ហាញខ្លួនលើខ្សែជីវិត នោះយើងនឹងយល់រសជាតិនៃក្ដីមេត្ដាករុណា ការយកចិត្តទុកដាក់ ការព្រួយបារម្ភ ការមើលថែនោះថាផ្អែមប៉ុនណា។ យើងបានឱ្យតម្លៃលើមនុស្សដែលយើងស្រឡាញ់ខ្លាំងណាស់ ពេលខ្លះយើងក៏បានក្លាយជាមនុស្សថ្មី គឺមនុស្សដែលចេះរៀបឬកដើម្បីគេ ធ្វើរឿងដែលមិនធ្លាប់ធ្វើពីមុន ទទួលយកទម្លាប់ដែលមិនធ្លាប់មានពីមុន ។ ដើម្បីភាពចុះសម្រុង យើងបានព្យាយាមដើម្បីគេ ស្ទើរតែគ្មានចំណែកដើម្បីខ្លួនឯង ។ ប៉ុន្ដែតើការលះបង់នេះមានតម្លៃទេ ? សម្រាប់មនុស្សដែលព្រមលះបង់ គេគង់នឹងមិនស្ដាយក្រោយឡើយ ព្រោះអ្វីដែលគេចង់បាន គឺស្នាមញញឹមនៃមនុស្សដែលគេស្រឡាញ់ ហើយអ្វីដែលបានត្រឡប់មកវិញគឺអារម្មណ៍រំភើប ដែលគ្រប់គ្នាតែងហៅថាស្នេហា ។ មនុស្សដែលស្រឡាញ់យើងពិតប្រាកដ គេប្រាកដជាមិនខ្វល់ថាយើងជានរណា ឬមកពីណាទេ អ្វីដែលគេដឹងគឺវត្ដមានរបស់យើងក្នុងដំណើរជីវិតរបស់គេ ។ តើមនុស្សបែបនេះមានប៉ុន្មាននាក់ទៅ ប្រហែលជាច្រើនណាស់ គ្រាន់តែពេលខ្លះយើងមើលរំលងគេ ឬគ្មានសំណាងចួបគេប៉ុណ្ណោះ ៕

Cr. ប្រាជ្ញាជីវិត

អ្នកដំណើរ



យើងមិនអាចជ្រើសរើសការចាប់ផ្តើម ហើយយើងក៏មិនអាចជ្រើសរើសការបញ្ចប់ដូចគ្នាដែរ។ ប៉ុន្តែក្នុងចន្លោះពេលនៃការចាប់ផ្តើមនិងការបញ្ចប់ យើងអាចជ្រើសរើសយកថាយើងជានរណា

ជីវិតគឺជាដំណើរ។ សម្រាប់មាតុភូមិកម្ពុជារបស់យើង យើងគឺជាខ្មែរតែមួយ តែបើសម្រាប់ផែនដីនិងចក្រវាលដ៏ធំនេះ យើងគ្រាន់តែជាជនបរទេសប៉ុណ្ណោះ។ យើងជាជនបរទេស គឺពីព្រោះថាយើងគ្រប់ៗគ្នានឹងត្រឡប់ទៅស្រុកកំណើតរៀងខ្លួនវិញ។ ស្រុកកំណើតរបស់យើង គឺជាសេចក្តីមរណៈ។ ដូច្នេះហើយ ទើបបានជាខ្ញុំនិយាយថា ជីវិតគឺជាដំណើរ។ ដើរដល់គោលដៅ គឺមានន័យថាដើរដល់សេចក្តីស្លាប់។ យើងត្រូវសួរខ្លួនឯងថា តើយើងចង់បន្សល់ស្នាដៃ និងសមិទ្ធផលអ្វីខ្លះដល់សង្គមដែលយើងរស់នៅ? តើយើងចង់ធ្វើរឿងអ្វីខ្លះទុកសម្រាប់អ្នកជំនាន់ក្រោយ?

យើងមិនអាចធ្វើរឿងគ្រប់យ៉ាង សម្រាប់មនុស្សគ្រប់គ្នា នៅគ្រប់ទីកន្លែងបានទេ។ ប៉ុន្តែយើងអាចជ្រើសរើសធ្វើរឿងមួយចំនួន សម្រាប់មនុស្សមួយចំនួន នៅកន្លែងមួយចំនួនបាន។ យើងមិនអាចផ្លាស់ប្តូរពិភពលោកទាំងមូលបាន យើងមិនអាចផ្លាស់ប្តូរអតីតកាលបាន យើងមិនអាចទាយដឹងពីអនាគតបានទេ។ ប៉ុន្តែយើងអាចជ្រើសរើសផ្លាស់ប្តូរខ្លួនយើងបាន និងយើងក៏អាចព្យាករណ៍ថាយើងនឹងក្លាយទៅជានរណាពេលអនាគតបានដែរ។ មានឆន្ទៈបង្កើតក្តីសុបិន គង់នឹងមានក្តីសុបិន។ ការមានក្តីសុបិន គឺជាជំហានដំបូងនៃការសម្រេចជោគជ័យ។ ក្តីសុបិនដែលអាចសម្រេចទៅបាន លុះត្រាណាតែយើងរក្សាក្តីសុបិនដោយភាពស្មោះត្រង់ តាំងចិត្ត អត់ធ្មត់ និងតស៊ូ

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Wednesday, July 3, 2019

មិនបាច់ល្អគ្រប់រឿងទេ !!



រឿងចម្លែកៗក្នុងលោកមានច្រើន គ្រាន់តែយើងពុំទាន់ជួប ។ ជីវិតរុញយើងទៅមុខរហូត មានរឿងរ៉ាវជាច្រើនបានប្រែប្រួល ។ មនុស្សនៅក្បែរគ្នា និយាយជាមួយគ្នារាល់ថ្ងៃសុខៗក៏ចាកចេញគ្មានថ្ងៃត្រឡប់ ។ មិត្តភក្ដិជិតស្និទ្ធិសុខៗ ក៏ឈ្លោះគ្នាលែងមើលមុខគ្នា ។ អ្នកខ្លះមានលុយចាយមិនអស់ រស់នៅស្រណុកសុខស្រួល សុខៗក៏ទៅចោលទ្រព្យសម្បត្តិ ។ ការងារកំពុងដំណើរការសុខៗក៏រអាក់រអួល ។ រកស៊ីកំពុងកាកកប ស្រាប់តែដួលរលំ ។ មានរឿងជាច្រើនទៀតដែលយើងជួបទៅថ្ងៃមុខ ។ សួរថា តើគេចបានទេ ? ចម្លើយគឺមិនបានទេ ព្រោះសូម្បីតែស្អែកមានអ្វីខ្លះកើតឡើង ក៏យើងមិនបានដឹងផង ។ យើងគ្រាន់តែរស់តាមដំណើរធម្មជាតិទៅបានហើយ មានឱកាសធ្វើល្អក៏ធ្វើទៅ ។ បើមានក្ដីស្រឡាញ់ក៏ព្យាយាមថែរក្សាទៅ បើមានមនុស្សល្អចូលមកក្នុងជីវិតត្រូវចេះតបស្នងគេឱ្យបានល្អ ។ យើងគ្រាន់តែរក្សាអ្វីដែលយើងមាននៅចំពោះមុខតាមលទ្ធភាពទៅបានហើយ ។ ការរស់នៅមិនគួរឱ្យមានវិប្បដិសារីច្រើនពេកទេ ក៏មិនបាច់រំពឹងលើអ្វីមួយខ្លាំងពេកដែរ ព្រោះការពិតរបស់យើងគឺបច្ចុប្បន្ន ។ មានជីវិតត្រូវប្រឹងរស់ មិនថាជួបរឿងខកចិត្តច្រើនប៉ុនណាទេ សំខាន់ដួលហើយចេះក្រោក ជីវិតពិតជាមានល្វីងមានផ្អែមខ្លះហើយ យ៉ាងណាយើងក៏បានខំប្រឹងហើយ យើងបានព្យាយាមហើយដែរ ប៉ុន្ដែជីវិតវាបានតែប៉ុណ្ណឹង រំពឹងខ្លាំងខកចិត្តក៏ខ្លាំងដែរ ៕

Cr. ប្រាជ្ញាជីវិត

Tuesday, July 2, 2019

តើអ្នកណាដែលឈឺចាប់ក្នុងរឿងស្នេហា?



រឿងមនោសញ្ចេតនា វាគឺជារឿងដែលពិបាកនឹងយល់ ឬមិនអាចនឹងពាល់បានផងក៏មាន។ អ្នកខ្លះអះអាងថាយល់ពីសេក្តីស្រឡាញ់ តែបែរជាពាល់តិចតួចបំផុតអំពីរឿងនៃសេចក្តីស្រឡាញ់។ ទ្រឹស្តីខ្លះនិយាយថា ស្រឡាញ់តិច ឈឺចាប់ក៏មានតិច តែបើស្រឡាញ់ច្រើន ឈឺចាប់ក៏មានច្រើនដែរ។ ពេលខ្លះសូម្បីតែខ្ញុំខ្លួនឯងដែលកាលពីប៉ុន្មានឆ្នាំមុន ក៏យល់ស្រដៀងនឹងការលើកឡើងបែបនេះដែរ។ ខ្ញុំពិតជាយល់ខុសមែនហើយ។

សេចក្តីស្រឡាញ់ខ្លះ គឺពោរពេញទៅដោយការជាប់ជំពាក់។ នេះបើនិយាយនៅក្នុងសេចក្តីស្រឡាញ់បែបលោកិយ ឬលោកសម្ភារ ឬ Material World។ មនុស្សជាច្រើន យុវវ័យ និងយុវជនខ្លះដែលពុំយល់ពីតម្លៃនៃសេចក្តីស្រឡាញ់ បានផ្តល់ភាពសំខាន់ខ្លាំងទៅលើសម្បកកាយដែលកើតរលត់ៗ វង្វេងនឹងសម្រស់ខាងក្រៅ ឈ្លក់នឹងរូបខ្លួនឯង កើតចិត្តជាប់ជំពាក់គួរឱ្យសង្វេគ។ នេះបើនិយាយក្នុងផ្លូវចិត្តវិញ្ញាណ ឬ Spiritual World។ តើអ្នកណាដែលឈឺចាប់ក្នុងរឿងស្នេហា?

ខ្ញុំធ្លាប់អានទស្សនៈមួយពីអ្នកប្រាជ្ញម្នាក់ដែលលោកនិយាយថា ភ្លើងនៃវិជ្ជាដុតកម្ទេចចិត្តជំពាក់ខាងលោកសម្ភារ។ រីចំណែកឯភ្លើងនៃសេចក្តីស្រឡាញ់ពិតវិញ វាដុតកម្ទេចជំងឺព្រលឹង។ ជីវិត គឺមានកើត និងមានស្លាប់ វិលជុំជារង្វង់ ប្រៀបដូចជាកាក់តែមួយដែលមានពីរខាង។ វាពិតជាសច្ចភាពដែលបដិសេធមិនបាន ពីព្រោះឱ្យតែមានស្លាប់ គឺត្រូវមានរស់ ហើយឱ្យតែមានរស់ គឺត្រូវមានស្លាប់។ ជីវិតមនុស្សតែងមានជំងឺពីរសំខាន់ៗ៖ ជំងឺទី១. គឺជាជំងឺផ្លូវកាយ ឬជំងឺផ្លូវក្រៅ, ជំងឺទី២. គឺជំងឺព្រលឹង ឬជំងឺផ្លូវក្នុង។ សេចក្តីស្រឡាញ់ វាអាចព្យាបាលជំងឺផ្លូវក្នុងបាន។ នេះបានហៅថា សេះដាច់យកសេះតាម ហើយរនាបបាក់ ត្រូវយករនាបជួស

ចុងក្រោយយើងអាចកំណត់ត្រឹមតែម្យ៉ាងថា ស្រឡាញ់តិច ឈឺចាប់ច្រើន ហើយស្រឡាញ់ច្រើន ឈឺចាប់តិច ឬស្រឡាញ់ពិត ឥតឈឺចាប់អ្វីទាំងអស់។ ជោគជ័យក្នុងរឿងស្នេហា គឺបើយើងស្រឡាញ់គេ ហើយគេព្រមតបសេចក្តីស្រឡាញ់របស់យើងវិញ នោះចាត់ទុកជារឿងល្អ។ ប៉ុន្តែបើខាងណាម្នាក់ស្រឡាញ់គេតែម្ខាងទេ គឺចាត់ទុកថាជារឿងឈឺចាប់។ បើត្រូវឈឺចាប់ដោយសារតែសេចក្តីស្រឡាញ់ ចូរយើងស្រឡាញ់ឱ្យខ្លាំងជាងមុន។ បើស្រឡាញ់ខ្លាំងហើយ នៅតែឈឺចាប់ទៀត ចូរស្រឡាញ់ឱ្យខ្លាំងលើសដើម...ស្រឡាញ់រហូតដល់ពាល់ និងរហូតដល់ចិត្តលែងឈឺចាប់។ ចូរសាកល្បងនៃក្បួនជីវិតបែបនេះ ហើយរស់នៅឱ្យស្រួល។ សូមឱ្យចិត្តបានរួចរំដោះ៕
កំណត់ចំណាំ
តើប្រិយមិត្តអ្នកអានយល់ពីគោលគំនិតថា ស្រឡាញ់តិច ឈឺចាប់ច្រើន ហើយស្រឡាញ់ច្រើន ឈឺចាប់តិច ឬស្រឡាញ់ពិត ឥតឈឺចាប់អ្វីទាំងអស់ នេះយ៉ាងម៉េចដែរ?

Cr. Lam Lim

Monday, July 1, 2019

សាងកម្លាំងចិត្តឱ្យខ្លួនឯង



ខ្ញុំមិនអីទេ ខ្ញុំនៅតែអាចញញឹមបានសម្រាប់ជីវិតមួយនេះ!

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែចង់នៅម្នាក់ឯង ដោយភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ ។

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែចង់សង្ងំយំឱ្យអស់ ហើយបំភ្លេចនូវរឿងគ្រប់យ៉ាងដែលជាគ្រឿងសៅហ្មងនៃចិត្ត ។

ខ្ញុំមិនអីទេ ខ្ញុំគ្រាន់តែដួលនៅលើវិថីជីវិតមួយនេះតែប៉ុណ្ណោះ តែបន្តិចទៀតខ្ញុំងើបបន្តដំណើរទៅមុខទៀតហើយៗជំហានជីវិតថ្មីរបស់ខ្ញុំនឹងដើរដោយភាពក្លាហានបំផុត។

ខ្ញុំមិនអីទេ គ្រប់យ៉ាងនឹងល្អប្រសើរឡើង៕

Cr. ស្រមោលដួងចន្រ្ទ

Saturday, June 29, 2019

រៀនដោយគ្មានការគិតនិងគិតដោយគ្មានការរៀន



ខុង ជឺ (Confucius) ពោលថា បើបណ្តោយឱ្យជនណាម្នាក់រៀនដោយគ្មានការគិត គឺជាការខាតពេលវេលា តែបើឱ្យជននោះគិតដោយគ្មានការរៀន គឺជាការខាតបង់ធនធានមនុស្ស។ ចំណេះវិជ្ជាងាយស្រួលរកនិងងាយស្រួលផ្តល់ឱ្យ តែបើសាបព្រោះចំណេះដឹងខុស សាបព្រោះលើមនុស្សខុស គឺជាការខាតបង់ទាំងពេលវេលា ព្រមទាំងបំផ្លាញឬបានសាបព្រោះគ្រោះកាចដល់សង្គមទៀតផង។

គំនិតល្អនាំឱ្យមានអារម្មរណ៍ល្អ។ អារម្មណ៍ល្អនាំឱ្យធ្វើសកម្មភាពល្អ។ បើធ្វើសកម្មភាពល្អនាំឱ្យទទួលផលល្អទាំងយើងទាំងគេឬក៏ថាឈ្នះ-ឈ្នះ។ មានគំនិតអស្ចារ្យនឹងបង្កើតភាពអស្ចារ្យ រីឯគំនិតអស្ចារ្យកើតចេញពីប្រឹងប្រែងរៀនសន្សំយ៉ាងអស្ចារ្យ។ បើគ្មានការសិក្សាទ្រឹស្តី និងការពិសោធទេ គឺមនុស្សខ្វះព័ត៌មាន។

បើកាលណាខ្វះព័ត៌មាន គឺស្មើនឹងគ្មានចំណេះដឹងការចងចាំបូកនឹងយល់ គឺស្មើនឹងចេះ។ ប៉ុន្តែបើយល់ហើយមិនចងចាំ ស្មើនឹងមិនចេះ ឬបើចងចាំ តែមិនយល់ ក៏ស្មើនឹងមិនចេះដូចគ្នាដែរ។ អ្នកប្រាជ្ញម្នាក់និយាយថា ការអប់រំមិនអាចឱ្យយើងគ្រប់គ្នាក្លាយជាអ្នកដឹកនាំបានមែនពិត តែវាពិតជាអាចប្រាប់យើងឱ្យដឹងថាតើបុគ្គលប្រភេទណាដែលយើងគួរដើរតាម។ បើយើងយល់ថាភាពល្ងង់ខ្លៅ ឬអវិជ្ជាគ្មានតម្លៃ នោះចូរយើងប្រឹងប្រែងសំដៅទៅរកវិជ្ជាដែលមានតម្លៃកាត់ថ្លៃពុំបាននោះចុះ
__
 Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ

Thursday, June 27, 2019

អ្នកហ៊ានស្បែកដាចអ្នកខ្លាចស្បែកជា



បើនិយាយពីជីវិត គឺគ្មានអ្វីទៀងទាត់ទាល់តែសោះ ដ្បិតសូម្បីតែសម្បកកាយកាលពីដប់ឆ្នាំមុន ក៏វាបានប្រែក្លាយផ្លាស់ប្តូរកាយថ្មីនៅថ្ងៃនេះដែរ។ នៅក្នុងរាងកាយមនុស្សយើងគ្រប់ៗគ្នា គឺគ្មានធម្មធាតុណាមួយដែលនៅនឹងថ្កល់នោះទេ (ច្បាប់រំញ័រ - The Law of Vibration)។ លើសពីនេះ ជីវិតយើងក៏ពុំអាចរស់នៅដដែលៗ គ្មានការផ្លាស់ប្តូរថ្មីដែរ។ រីឯចំពោះខ្ញុំវិញ ពីមុនខ្ញុំជាអ្នកស្រែ ហើយខ្ញុំបន្តដំណើរជីវិតជាអ្នកស្រែផង ព្រមទាំងធ្លាប់បម្រើការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលផង និងរហូតដល់ពេលនេះ អ្នកខ្លះចាត់ទុកខ្ញុំជាស្មេរ។ មួយជីវិតនេះ ខ្ញុំធុញទ្រាន់នឹងភាពដដែលៗ រហូតកំណត់ជីវិតនេះថាគួរតែប្រែប្រួលខ្លះៗ ដោយកុំដដែលៗ។ នេះជាច្បាប់សកលនៃជីវិត

នៅលើលោកយើងនេះ គ្មានអ្វីដែលមិនប្រែប្រួលទេ តែមានតែការប្រែប្រួលប៉ុណ្ណោះ ដែលមិនប្រួលប្រួលទៅណាសោះ។ ការផ្លាស់ប្តូរដ៏តូចមួយ វានឹងធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំមួយ។ នៅក្នុងអង្គភាពមួយ បើមិនចេះច្នៃ មិនចេះបត់ខ្លួនផ្លាស់ប្តូរឱ្យទាន់កាលៈទេសៈនិងរបត់ទេ គឺនឹងបរាជ័យ។ ការបរាជ័យក្នុងការប្រថុយប្រថានដើម្បីការផ្លាស់ប្តូរអ្វីមួយឱ្យល្អប្រសើរជាងមុន គឺវាប្រសើរជាងបរាជ័យដោយពុំបានធ្វើអ្វីសោះ។ សុភាសិតខ្មែរពោលថា កំហុស រមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើ បានអ្វីនឹងខុស។ ក្នុងបរិបទសង្គមដែលរីកចម្រើន គេបានឱ្យនិយមន័យ កំហុស ស្មើនឹង មេរៀន តែក្នុងបរិបទខ្មែរយើងវិញ បើខុស គឺខុសហើយ។ ទស្សនវិទូក្រិកបុរាណ សូក្រាត បានឱ្យកំណត់តម្លៃជីវិតដែលមានន័យថាជា ការពិសោធ។ នេះមានន័យថាមនុស្សរស់នៅត្រូវក្លាហានហ៊ានពិសោធលើជីវិតខ្លួនឯង កុំខ្លាច កុំកំសាក កុំចាំតែថាដោយមិនព្រមធ្វើ កុំចាំតែបន្ទោសអ្វីៗនៅខាងក្រៅខ្លួន ដោយមិនព្រមប្រឹងខ្លួនឯង។

យើងត្រូវប្រើជីវិតជាមួយនឹងសេចក្តីក្លាហានដ៏ត្រឹមត្រូវ ត្រូវកាលៈទេសៈ និងដឹងពេលវេលាត្រូវក្លាហាន។ បើកាលៈទេសៈមិនអំណោយផលសម្រាប់សេចក្តីក្លាហានរបស់យើងទេ គឺយើងត្រូវចេះលះបង់។ ការលះបង់ត្រូវឈរលើប្រយោជន៍រួម។ ត្រង់ចំណុចនេះ ខ្ញុំចង់ឆ្លុះបញ្ចាំងបន្តិចពីរឿងសង្គម។ សង្គមយើងសម្បូរអ្នកចេះដឹងណាស់ តែអ្នកខ្លះមិនសូវចេញមុខទេ។ អ្នកខ្លះទៀត បែរជាហ៊ាននិយាយពីបញ្ហាសង្គមរបស់ប្រទេសជិតខាង ប៉ុន្តែបែរជាខ្លាចរអារលាតត្រដាងនិយាយពាក្យពិតពីបញ្ហាសង្គមដែលខ្លួនកំពុងរស់នៅទៅវិញ ហើយមិនព្រមបើកវាំងននបង្ហាញការពិតឱ្យយុវជនរៀនគិតពីចំណុចខ្លាំងចំណុចខ្សោយរបស់សង្គមទេ។ អ្នកខ្លះទៀត គឺជាអ្នកបង្កាច់បង្ខូចសច្ចភាពសង្គមតែម្តង ដ្បិតនិយាយបាតដៃជាខ្នងដៃ និងខ្នងដៃជាបាតដៃ។ នេះជាវិបត្តិសង្គមបច្ចុប្បន្នមួយ ដែលក្នុងនាមជាយុវជនត្រូវដឹង ត្រូវឈ្វេងយល់ដោយខ្លួនឯង និងត្រូវរៀនធ្វើមនុស្សដែលចេះមើលឃើញចំណុចខ្មៅរបស់សង្គម ចំណុចភ្លឺរបស់សង្គម និងដំណោះស្រាយសម្រាប់សង្គមរីកចម្រើន។ល។ តើមួយណាល្អជាង រវាងភាពខ្លាចនិងភាពក្លាហាន?

អ្នកស្នេហាសច្ចភាព និងការពិត (សច្ចវិញ្ញូ) - Love of Truth គួរត្រូវចេះលះបង់ ប្រៀបដូចជាសូក្រាតលះបង់ខ្លួន សុខចិត្តស្លាប់ដើម្បីពង្រឹងច្បាប់ប្រទេសក្រិកអ៊ីចឹង។ ទស្សនវិទូក្រិក អារីស្តូត (Aristotle) ពោលថា សូមកុំកំសាករហូតដល់រត់គេចពីគ្រប់គ្រោះថ្នាក់ តែក៏សូមកុំក្លាហានរហូតដល់ធ្វើឱ្យយើងជួបគ្រោះថ្នាក់ដែរ។ ភាពក្លាហានដោយស្គាល់កាលៈទេសៈ គឺជាភាពឆ្លាតវៃមួយ។ ប៉ុន្តែបើរង់ចាំកាលៈទេសៈស័ក្ដិសម រង់ចាំហើយរង់ចាំទៀត នៅតែមិនទាន់ដល់កាលៈទេសៈស័ក្ដិសមទេ ហើយស្ថិតក្នុងសភាពចាំបាច់បំផុតនោះ គឺត្រូវការសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ សង្គ្រោះប្រយោជន៍រួមមួយ។ កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប។ លើសពីនេះ ទ្រឹស្តីពុទ្ធនិយមក៏បានលើកឡើងដែរថា ភាពភ័យខ្លាចនឹងមិនមានដល់បុគ្គលដែលមានចិត្តមិនទទឹកជោគសើមដោយរាគៈឬទោសៈប្រទូសសារ៉ាយ ហើយក៏មិនមានដល់បុគ្គលដែលមានសតិដឹងនូវបុណ្យបាបនោះឡើយ ខ្ញុំសូមបកស្រាយនូវទ្រឹស្តីពុទ្ធនិយមដោយសង្កត់ធ្ងន់ទៅលើពាក្យ បុណ្យ និងពាក្យ បាប។ ត្រង់ចំណុចនេះ គឺចង់បង្ហាញពី ប្រយោជន៍ដែលត្រូវធ្វើ ហៅថាបុណ្យ ហើយការនៅស្ងៀមរង់ចាំស្លាប់ដោយមិនធ្វើអ្វីសោះ គឺហៅថា បាប។ នេះជាគុណធម៌បណ្ឌិតជន និងអ្នកចេះដឹង។

តាមទស្សនៈខ្ញុំ សេចក្តីក្លាហាន វាគឺជាគុណធម៌មួយ ហើយសេចក្តីក្លាហានប្រកបទៅដោយស្មារតីលះបង់ខ្ពស់ គឺជាឥរិយាបថវីរបុរស។ ខ្ញុំបានប្រឆាំងទស្សនៈរបស់ទស្សនវិទូបារាំង វ៉ុលទ័រ (Voltaire) ដែលលោកលើកឡើងថា សេចក្តីក្លាហាន គឺពុំមែនជាគុណធម៌ទេ។ នៅក្នុងកូនសៀវភៅតូចមួយដែលនិយាយអំពី មហាគុណធម៌ និងការប្រើប្រាស់ទស្សនវិជ្ជាសម្រាប់ជីវិតប្រចាំថ្ងៃ បានលើកឡើងថា ជនកំសាកមាននៅគ្រប់ទីកន្លែង ហើយអ្នកសម្តែងសេចក្តីក្លាហាន ក៏មាននៅគ្រប់ទីកន្លែងដូចគ្នាដែរ។ សង្គមនីយមួយៗតែងមានអ្នកខ្លាចនិងអ្នកហ៊ាន។ ភាពខុសគ្នារវាងអ្នកខ្លាចនិងអ្នកហ៊ាន គឺត្រង់ថាអ្នកហ៊ានចេះលាក់សេចក្តីភ័យខ្លាចទុកក្នុងខ្លួន (មិនបង្អើលអ្នកដទៃឱ្យខ្លាច)។ គំនិតនេះ វាក៏មិនខុសពីការយល់ឃើញរបស់មេដឹកនាំភូមា អ្នកស្រី អ៊ុងសាន ស៊ូជី ដែលថា នរណាដែលថាមិនចេះខ្លាចនោះ តែយើងត្រូវមានរបៀបគ្រប់គ្រងភាពភ័យខ្លាច និងត្រូវចេះលាក់ភាពភ័យខ្លាចទុក។ ពេលនិយាយពីរឿងបែបនេះ វាធ្វើឱ្យខ្ញុំនឹកឃើញនូវការសន្ទនាមួយរវាងខ្ញុំ និងអ៊ំប្រុសម្នាក់ដែលខ្ញុំគោរពបំផុត។

ថ្ងៃមួយខ្ញុំបានជូនសៀវភៅដែលជាស្នាដៃរបស់ខ្ញុំទៅគាត់ ហើយគាត់មានប្រសាសន៍ថា ក្មួយពូកែទាំងនៅវ័យក្មេង ហើយអ៊ំមិនចេះអ្វីទេ ព្រមទាំងគ្មានសមត្ថភាពអាចធ្វើបានដូចក្មួយឡើយ។ ពាក្យសម្តីនេះធ្ងន់ណាស់សម្រាប់ខ្ញុំ ហើយធ្វើឱ្យខ្ញុំអាក់អន់ចិត្តបន្តិច។ ខ្ញុំបណ្តោយឱ្យគាត់មានប្រសាសន៍រហូតដល់ចប់។ ក្រោយមក ខ្ញុំបានតបថា ជម្រាបប្រសាសន៍លោកអ៊ំ! ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំគោរពឱ្យតម្លៃមនុស្សចេះដឹងពីរប្រភេទ៖ មនុស្សចេះដឹងប្រភេទទី១. ចំណេះដឹងដែលបំពាក់នូវសីលធម៌និងគុណធម៌, និងទី២. ការយកចំណេះដឹងទៅសាបព្រោះឱ្យកើតជាផ្លែផ្កាសម្រាប់សង្គម (យកចំណេះដឹងទៅប្រើ)។ ខ្ញុំមិនមែនជាអ្នកចេះដឹងទេ តែខ្ញុំគ្រាន់តែជាអ្នកចែករំលែកប៉ុណ្ណោះ

[...] លោកអ៊ំជាអ្នកសិក្សាស៊ីជម្រៅម្នាក់ ហើយអ៊ំប្រហែលជាស្គាល់ទស្សនវិទូអន្យតិរ្ថិយនិយម - Nihilism [អានថា អន់-ដេរ-ថី], ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) ដែលជាបុគ្គលម្នាក់ពុំហ៊ានបោះពុម្ពសៀវភៅដែលខ្លួនបាននិពន្ធក្នុងពេលខ្លួនមានជីវិតរស់នៅ សុខចិត្តរក្សាសៀវភៅទុកនៅក្បាលដំណេក រហូតដល់ខ្លួនស្លាប់បាត់បង់ជីវិត ទើបមានប្អូនរបស់ខ្លួនសម្រេចបោះពុម្ពផ្សាយ។ ខ្ញុំយល់ច្បាស់ពីគំនិតនិងចេតនារបស់ទស្សនវិទូ នីហ្សឺ។ នីហ្សឺ គឺជាទស្សនវិទូម្នាក់ដែលមានគំនិតប្រឆាំងព្រះ និងមិនជឿថាមានអត្ថិភាពរបស់ព្រះ (Existence of God)។ ថ្វីត្បិតែនិហ្សឺ មិនមែនជាមនុស្សក្លាហាន តែនិហ្សឺមិនអាក្រក់ទេ។ អ្នកដែលគ្រោះថ្នាក់ជាងគេ គឺជាអ្នកដែលនិយាយពីរឿងសាសនានិងនយោបាយ។ អ្នកឆ្លាតដើរជាមួយនឹងទឹកសន្សើម តែអ្នកខ្លះត្រូវបង្ខំដើរជាមួយនឹងទឹកជំនន់ ដែលអាចនឹងជន់លិចខ្លួនគ្រប់ពេល។ ខ្ញុំសុំបញ្ចប់រឿងនេះត្រឹមតែប៉ុននេះ។ សូមពិចារណាតាមការគួរផងចុះ៕ 

រូបភាព៖ FBP

Wednesday, June 26, 2019

បើហ៊ានឆ្ងល់ ហ៊ានសួរ ជាប្រភពថាមពលជីវិតនៃមនុស្សឆ្លាត



លោក រ៉ូបឺត គីយូសាគី បាននិយាយថា " «មនុស្សដែលជោគជ័យបំផុតគឺមនុស្សដែលពូកែឆ្ងល់ ។ ពួកគេទាំងនោះតែងតែរៀនសូត្រ តែងតែរីកចម្រើន និងតែងតែខ្លាំងក្លាទៅមុខ » ជានិច្ច ។ សុភាសិតមួយទៀតបានអះអាងថា " អ្នកហ៊ានសួរ គេនឹងលែងល្ងង់ អ្នកមិនហ៊ានសួរ គេនឹងល្ងង់រហូត " ។ ត្រង់ន័យនេះគឺបង្ហាញថា ការដោះស្រាយចម្ងល់ គឺជាការបង្កើតថាមពលបញ្ញាញាណ ។ រៀនពីជីវិតឲ្យបានច្រើន នោះយើងនឹងខ្លាំង ។ បិតាទស្សនវិទូ សូក្រាត បានអះអាងថា " ចម្ងល់ គឺជាប្រភពនៃការបង្កើតបញ្ញាញាណ " ។ ហ៊ានឆ្ងល់ ហ៊ានសួរ គឺជាប្រភពថាមពលជីវិតរបស់មនុស្សឆ្លាត ៕

Tuesday, June 25, 2019

និយាយបង្ខូចគេ



ព្រោះតែយើងច្រណែនគេ ទើបយើងព្យាយាមនិយាយបង្កាច់បង្ខូចគេពីក្រោយខ្នង ។ ព្រោះតែយើងមិនត្រូវជាមួយគេ ទើបយើងព្យាយាមសម្ដែងធ្វើជាមនុស្សល្អតាមរយៈការនិយាយដើមគេ ។ ដោយសារតែយើងស្អប់គេ យើងក៏ព្យាយាមដឹកនាំអ្នកដទៃឱ្យស្អប់គេជាមួយយើងដែរ ។ ធម្មតាទេមនុស្សជាសត្វដែលផ្គាប់ចិត្ដមិនត្រូវស្រាប់ទៅហើយ ហើយសូម្បីតែខ្លូនឯង ពេលខ្លះក៏ផ្គាប់ខ្លួនឯងមិនត្រូវដូចគ្នាដែរ ចុះទម្រាំអ្នកដទៃលែងអីនឹងខុស ?

យើងតែងនិយាយក្រោយខ្នងគេ ថាគេជាមនុស្សអាក្រក់ មនុស្សពុំត្រឹមត្រូវ ឬមនុស្សបែបណាក៏បាន ស្រេចតែយើងថា ប៉ុន្ដែតើយើងធ្លាប់គិតទេ ខណៈពេលដែលយើងកំពុងនិយាយបង្កាច់បង្ខូចគេហ្នឹង តើយើងពិតជាបានធ្វើជាមនុស្សល្អលើសគេហើយមែនទេ បើនៅទេ សូមឈប់ទៅ វាគ្មានប្រយោជន៍ទេ ។ យើងគ្មានភារកិច្ចអ្វីទៅចាត់ចែងជីវិតគេឡើយ គេធ្វើអី ល្អឬអាក្រក់ជាសិទ្ធិគេ ជាជីវិតគេ បើយើងមិនពេញចិត្ដយើងគ្រាន់តែដើរចេញទៅបានហើយ ។

នៅលើលោកនេះ គ្មានមនុស្សល្អឯណាគេដើរនិយាយដើមអ្នកដទៃទេ ហើយក៏គ្មានមនុស្សច្រណែនអ្នកដទៃឯណារស់នៅបានសុខដែរ គឺមានតែមនុស្សចរិតចឹកគេពីក្រោយខ្នងប៉ុណ្ណោះ ដែលចូលចិត្ដធ្វើរឿងពុំត្រឹមត្រូវ ហើយតាំងខ្លួនជាមនុស្សត្រឹមត្រូវ ។ រស់នៅកុំសាងសត្រូវអី ព្រោះវាធ្វើឱ្យយើងគ្មានក្ដីសុខជីវិតប្រៀបដូចជាការឆ្លុះកញ្ចក់ដូច្នេះដែរ បើយើងញញឹមដាក់កញ្ចក់ កញ្ចក់ក៏ញញឹមដាក់យើងវិញ ។ បើយើងឱ្យអ្វីទៅគេ គេក៏ឱ្យនោះមកវិញ ។ យើងឱ្យស្នាមញញឹម និងសន្ដិភាពទៅអ្នកដទៃ ជីវិតក៏បានសុខ ។ យើងឱ្យភាពក្ដៅក្រហាយទៅអ្នកដទៃ អ្នកដទៃក៏ឱ្យរឿងឈឺក្បាលត្រឡប់មកវិញដែរ ។ យើងពុំគួរសួរថាហេតុអ្វីបានជាជីវិតខ្លួនឯងចួបតែទុក្ខកង្វល់ ហើយគេចេះតែបានសុខឡើយ យើងគួរសួរខ្លួនឯងថា តើបានសាងរឿងអាក្រក់ធ្វើអ្វីខ្លះហើយ នាពេលកន្លងមក ?

Cr. Sun Veasna

Monday, June 24, 2019

ជីវិតស្នេហា



ពេលខ្លះដោយសារតែយើងឈ្លក់វង្វេងនឹងសម្រស់ខ្លួនឯង ទើបយើងយល់ថាខ្លួនឯងស្អាតសង្ហាលើសគេ ។ ដោយសារតែយើងយល់ថាខ្លួនលើសគេ ទើបយើងមើលមិនឃើញភាពល្អរបស់អ្នកដទៃ ។ ជីវិតស្នេហាខ្លះគឺបែបនេះ ពេលខ្លះដោយសារតែចរិតតួឯកនេះហើយ ទើបធ្វើឲ្យមនុស្សល្អៗដែលព្យាយាមចូលមកក្នុងជីវិតយើងត្រូវរសាត់ទៅបាត់ម្ដងមួយៗ ។ តាមពិតយើងបានស្គាល់មនុស្សស្អាតៗសង្ហាៗច្រើនណាស់ តែអ្វីដែលយើងមិនដែលចួបនោះ គឺមនុស្សពិតប្រាកដ ។ ពេលខ្លះដោយសារតែយល់ច្រឡំថាខ្លួនឯងលើសគេ ទើបមើលរំលងមនុស្សជាច្រើន រហូតបាត់បង់មនុស្សពិតប្រាកដមួយចំនួនដែលព្យាយាមតាមស្រឡាញ់យើង ។ មនុស្សដែលល្អដូចក្នុងសុបិន គឺមានតែម្នាក់ប៉ុណ្ណោះ ម្នាក់នោះគឺនៅក្នុងសុបិនគ្មានការពិតរបស់យើង ។ ហើយបើយើងមិនព្រមដើរចេញពីសុបិននេះទេ នោះយើងនឹងស្ដាយក្រោយចំពោះពេលវេលាជាច្រើនដែលយើងបានបាត់បង់ទៅ ។

ក្នុងលោកនេះគ្មានមនុស្សល្អឥតខ្ចោះទេ សូម្បីតែយើងខ្លួនឯង ។ ចុះហេតុអ្វីបានជាយើងរើសច្រើនម៉្លេះ ?  អ្នកខ្លះ រើសពេករហូតមុខចាស់ អាយុច្រើនទៅហើយ ។ បើអង្គុយតែខ្លាចមុខខ្លាចក្រោយ តើពេលណាទើបយើងដើរទៅមុខ ? បើអង្គុយតែចង់បានមនុស្សក្នុងសុបិន តើពេលណាបានសាងគ្រួសារនឹងគេ ? បើរវល់តែឈ្លក់នឹងសម្រស់ខ្លួនឯង តើពេលណាយើងអាចរកឃើញមនុស្សល្អពិតប្រាកដទៅ ? បើបេះដូងរបស់យើងនៅតែចង្អៀតចង្អល់ តើពេលណាយើងទៅដល់ត្រើយជីវិតគូ ? គ្មាននរណាម្នាក់ល្អបំផុតទេ សំខាន់រស់នៅជាមួយគ្នាត្រូវចេះអប់រំគ្នា មើលថែគ្នាទៅវិញទៅមកប៉ុណ្ណឹងគឺបានហើយ 

រឿងមាសប្រាក់ទ្រព្យសម្បត្តិជារឿងក្រោយទេ កុំសម្លឹងឃើញតែលុយពេក ដ្បិតមានមាសប្រាក់ច្រើន ក៏មិនប្រាកដថាមានក្ដីសុខ ដ្បិតមានក្ដីសុខក៏ដោយសារតែការខិតខំប្រឹងប្រែងតស៊ូជាមួយគ្នាជីវិតគូ មិនស្រួលដូចការគិតឡើយ បើខ្វះភក្ដីភាព ទោះមានទ្រព្យច្រើន តើមានន័យអ្វីទៅ ? ជីវិតប្ដីប្រពន្ធ ពុំគ្រាន់តែស្មោះនឹងគ្នាទេ សំខាន់គឺសាងសុភមង្គលរួមគ្នា កាន់ដៃគ្នាឆ្លងកាត់វាលជីវិតដ៏ល្វឹងល្វើយ ឆ្លងកាត់សំណើចសំណោកជាមួយគ្នា ។ បើស្រឡាញ់គ្នា ត្រូវចេះអធ្យាស្រ័យគ្នា ហើយអ្វីៗទាំងនេះវាបានកើតឡើងលើជីវិតគូច្រើនរាប់មិនអស់ទៅហើយ ។ ដ្បិតការរៀបការមិនអាចធានាថាត្រូវតែនៅជាមួយគ្នាមួយជីវិត តែក្ដីស្រឡាញ់ដែលពេញដោយភក្ដីភាព អាចធ្វើឲ្យមនុស្សរស់នៅជាមួយគ្នាបានយូរ ។ កុំរើសច្រើនពេក ព្រោះបើរើសពេក យើងអាចនឹងបាត់បង់ជម្រើសល្អៗបាន ៕

Cr. ប្រាជ្ញាជីវិត

Friday, June 14, 2019

ខណៈពេលដែលយើងឯកា



សម្រស់ជីវិត គឺផ្សំឡើងពីភាពស្មោះត្រង់ មានភាពស្មោះត្រង់ ទើបបង្កើតបានមិត្តភាព មានមិត្ដភាព ទើបបង្កើតបានទំនុកចិត្ត មានទំនុកចិត្តទើបបង្កើតបានភាពកក់ក្ដៅ មានភាពកក់ក្ដៅទើបបង្កើតបាននូវក្ដីស្រឡាញ់ ក្ដីស្រឡាញ់នោះហើយ គឺជាសម្រស់ជីវិត ។ ការរស់នៅមិនអាចខ្វះក្ដីស្រឡាញ់បានទេ ដ្បិតជីវិតដែលមានតម្លៃ គឺផ្សាភ្ជាប់ជាមួយភាពកក់ក្ដៅ ។

ស្រឡាញ់មាតាបិតា ស្រឡាញ់លោកគ្រូអ្នកគ្រូ ស្រឡាញ់បងប្អូន ស្រឡាញ់មិត្តភក្ដិ ស្រឡាញ់មនុស្សជុំវិញខ្លួន ។ យើងអាចដឹងរសជាតិនៃក្ដីស្រឡាញ់ តាមរយៈទង្វើរបស់មនុស្សដែលស្រឡាញ់យើង ។ ខណៈពេលដែលយើងមានអារម្មណ៍ឯកា ឬពេលដែលយើងមានសេចក្ដីទុក្ខ គ្មាននរណាម្នាក់មកឱបយើងក្រៅពីមនុស្សដែលស្រឡាញ់យើងទេ ។ គ្មាននរណាម្នាក់នៅក្បែរយើងគ្រប់ពេល ក្រៅពីមនុស្សដែលស្រឡាញ់យើងឡើយ ហើយក៏គ្មាននរណាម្នាក់ដែលអាចផ្ដល់ភាពកក់ក្ដៅឲ្យយើង ក្រៅពីមនុស្សដែលស្រឡាញ់យើងនោះដែរ ។ គ្រប់យ៉ាងដែលគេអាចលះបង់ដើម្បីយើង វាមិនមែនជារបស់ដែលយើងអាចទិញនៅតាមផ្សារ ឬជួលនរណាមកសម្ដែងបានឡើយ គ្រប់យ៉ាងទាំងនោះ គឺកើតចេញពីទឹកចិត្ត ហើយវាមានតម្លៃលើសពីលុយទៅទៀត ។ មនុស្សទាំងនោះ អាចជាគ្រួសារ ឬមិត្តភក្ដិរបស់យើងជាដើម ។

សូមឲ្យស្នាមញញឹម និងភាពកក់ក្ដៅទៅពួកគេ ប្រសិនបើយើងគ្មានអ្វីឲ្យគេ ។ សូមឲ្យទំនុកចិត្ត និងក្ដីស្រឡាញ់ទៅពួកគេ ទាន់ពេលដែលនៅមានពួកគេ ។ ពេលវេលាដើរទៅមុខលឿនណាស់ គ្រប់យ៉ាងអាចនឹងប្រែប្រួលដោយមិនឲ្យយើងដឹងមុន ម្លោះហើយការរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ វាគួរតែល្អប្រសើរតាមដែលអាចធ្វើបាន ៕

Cr. Sun Veasna

Thursday, June 13, 2019

ធ្វើជាប្រធានលើខ្លួនឯង



ទស្សនវិទូអាល្លឺម៉ង់ ហ្វ្រីឌ្រិច និហ្សឺ (Friedrich Nietzsche) និយាយថា ធ្វើជាមនុស្ស កុំចេះតែដើរតាម ស្តាប់តាម ឬធ្វើតាមខ្ញុំ តែត្រូវចេះយកខ្លួនឯងជាប្រធាន

និហ្សឺ ជាទស្សនវិទូដែលមិនជឿថាមានព្រះ (អទេវនិយម)។ ប៉ុន្តែនិហ្សឺបានលើកទឹកចិត្តឲ្យមនុស្សជឿលើខ្លួនឯងច្រើនជាង។ មនុស្សគ្រប់ៗរូបកើតមកលើផែនដីនេះសុទ្ធតែមានភាពស្មើគ្នា តែការអប់រំបានធ្វើឲ្យមនុស្សមានភាពខុសគ្នា។ ក្នុងជីវិតរស់នៅ យើងម្នាក់ៗត្រូវមានម្ចាស់ការឯករាជ្យលើខ្លួនឯង កុំរស់នៅក្រោមឆន្ទៈអ្នកដទៃ កុំផ្ញើវាសនាខ្លួនឯងនឹងអ្នកដទៃ កុំចេះតែដើរតាមអ្នកដទៃទាំងងងឹតងងុល ហើយដាច់ខាតត្រូវមានគោលការណ៍និងជំហរខ្លួនឯងឲ្យច្បាស់

ព្រះពុទ្ធសម្តែងថា ធម្មទានឈ្នះអស់ទានទាំងពួង។ ក្នុងនាមយើងជាអ្នកចេះដឹង បើបានស្គាល់មនុស្សដែលគ្មានម្ចាស់ការឯករាជ្យលើខ្លួនឯង យើងត្រូវចេះជួយជ្រោមជ្រែងបុគ្គលនោះតាមដែលអាចធ្វើទៅបាន។ តើត្រូវជ្រោមជ្រែងយ៉ាងដូចម្តេចបានត្រឹមត្រូវ? កុំឲ្យត្រី តែត្រូវបង្រៀនឲ្យចេះស្ទូចត្រី។ ទីណាងងឹត មាននរណាម្នាក់រកផ្លូវចេញមិនឃើញទេ យើងមិនត្រូវធ្វើជាអ្នកភ្លឺ រួចហើយដឹកដៃអ្នកនោះចេញពីទីងងឹតទេ។ ប៉ុន្តែយើងត្រូវផ្តល់បញ្ញាឲ្យដល់មនុស្សនោះភ្លឺ ហើយឲ្យគេដើរចេញដោយខ្លួនឯង។ របៀបនេះហៅថា បង្រៀនមនុស្សឲ្យធ្វើជាប្រធានលើខ្លួនឯង ដូចព្រះពុទ្ធដីកាមួយឃ្លាបានបង្រៀនតាំងពី២៥៦២ ឆ្នាំមុនថា ខ្លួនជាទីពឹងរបស់ខ្លួន

Cr. ប្រតិទិនទស្សនៈ៣៦៥ថ្ងៃ