រឿងធម្មៈនាំសាងប្រាក់សល់រក្សាទុក
ធម្មៈនិងជីវិត
រឿងធម្មៈនាំសាងប្រាក់សល់រក្សាទុក … ប្រិយមិត្តអ្នកអានទាំងឡាយ
ប្រហែលជាធ្លាប់បានដឹងឮពាក្យមួយឃ្លាឬអត់ថា “ការងារគឺប្រាក់
ប្រាក់គឺការងារ បណ្ដាលសុខ” ពាក្យស្លោកមួយឃ្លានេះ
សរបញ្ជាក់ឲ្យដឹងច្បាស់ថា ប្រាក់មានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្សយើង ។
បញ្ហាជាច្រើនកើតឡើងដោយសារតែរឿងប្រាក់គឺ ការមានចំណូលទាបជាងចំណាយ
ហើយនោះក៏ជាមូលហេតុដែលនាំឲ្យគ្មានចំណូលបានសល់រក្សាទុកដែរ ។ វិធីដោះស្រាយបញ្ហានេះ
មានលោកអ្នកចេះដឹងទាំងឡាយបានចែករំលែកលក្ខគោលក្នុងការអនុវត្តគួរឲ្យចាប់អារម្មណ៍ទុក ៧
ប្រការ ដូចមានខាងក្រោម៖
១)
ឲ្យកាត់ចំណែកលើស មានន័យថា ឲ្យកាត់វត្ថុដែលមិនសូវចាំបាច់ចំពោះជីវិតចេញ ដូចជា
គ្រឿងស្រវឹង បារី ជាដើម បើសិនកាត់ចំណែកលើសនេះចោលបាន ក៏ធ្វើឲ្យយើងមានប្រាក់សល់ខ្លះ
ពីចំណែកទាំងអស់នេះបាន ។
២)
កុំភ្លើភ្លេចចាយវាយ ពេលណាមានចំណូល ដូចជា ពេលបានទទួលប្រាក់បៀវត្សរ៍ ឬប្រាក់ខែមកថ្មីៗនោះ
កុំប្រញាប់ប្រញាល់ចាយវាយដោយសេចក្ដីចង់ ប៉ុន្តែត្រូវសួរខ្លួនឯងសិនថា
ចាំបាច់ឬមិនចាំបាច់ទេ ការមិនប្រញាប់ទិញរបស់របរ ឬពន្យាពេលមួយរយៈ ក្រោយពីការចង់
ហើយចំណងនោះនឹងថយចុះទៅសន្សឹមៗដោយឯកឯង ។
៣)
ឲ្យត្រេកអរក្នុងវត្ថុដែលខ្លួនបាន ពេញចិត្តក្នុងវត្ថុដែលខ្លួនមាន
វត្ថុអ្វីសព្វបែបយ៉ាងដែលខ្លួនកំពុងមាន បើសិនវានៅសភាពអាចល្មមប្រើប្រាស់បាន
ក៏ប្រើប្រាស់បណ្ដើរៗសិនទៅ កុំមានចិត្តខ្មាសឬអាម៉ាសមុខ ព្រោះតែវាចាស់ឬហួសសម័យកាលនិយម
វាអាចគ្រាន់បើជាងមនុស្សប្រើរបស់ទាន់សម័យនិយម តែជំពាក់បំណុលគេវន់កដែរ ។
៤)
ឲ្យធ្វើបញ្ជីចំណូល-ចំណាយប្រចាំខែ ឲ្យធ្វើរបាយការណ៍ចំណូលចំណាយរាល់ខែឲ្យជាប្រព័ន្ធ
ដើម្បីត្រៀមទុកដាស់តឿនសតិថា វានៅសល់ប៉ុណ្ណេះប៉ុណ្ណោះ
កុំឲ្យយើងមានការភ្លេចខ្លួនក្នុងចាយវាយ ដោយមិនដឹងក្បាលដឹងកន្ទុយ ។
៥)
កុំភ្លេចពាក្យបង្រៀនរបស់ព្រះបរមគ្រូជាម្ចាស់នៃយើង ទ្រង់អប់រំដាស់តឿនថា
ភាពក្រីក្រជាទុក្ខក្នុងលោក ការជាប់ជំពាក់បំណុលគេក៏ជាទុក្ខក្នុងលោក ។
៦)
គ្រប់ខណៈឲ្យមានលុយកាក់ជាប់តាមខ្លួនខ្លះ បើមិនច្រើន
តែក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ក៏អាចមានសល់ជាប់តាមខ្លួនទៅតាមសភាពចាំបាច់ បួកជាមួយលុយបម្រុងទុកដែលចាំបាច់ត្រូវដោះស្រាយ
កាលបើមានបញ្ហាភ័យអាសន្នចំពោះមុខកើតឡើង ។ ការប្រតិបត្តិដូចនេះ
ក៏ជាការហ្វឹកហាត់ឲ្យមានច្បាប់ទម្លាប់ក្នុងកាយចាយវាយបានមួយផ្នែកទៀត ។
៧)
ឲ្យមានសល់ពីចំណាយរាល់ខែ មានន័យថា ក្នុងមួយខែៗ ក៏ឲ្យមានសល់លុយកាក់សន្សំទុកខ្លះ
ឬមានចំណូលលើស ហើយការដែលមានចំណូលលើសនោះ គ្រាន់តែខ្លួនអនុវត្តតាមពាក្យណែនាំទាំង ៦
ខាងដើមជាក់លាក់ ក៏អាចទទួលបានលទ្ធផលហើយ ។
ការពិតណាស់ថា
លុយកាក់ដែលខ្លួនបានមក មានវិធីរកមកបាននោះសែនលំបាកណាស់ តែបែរជាចាយវាយទៅវិញយ៉ាងធូរ
ឬអាចនិយាយម្យ៉ាងទៀតបានថា រកមកបានឪម៉ែអាមហាតឹង តែដល់ចាយវាទៅវិញធូរខ្សុយ ។
បើសិនយើងមានវិធីទាំង ៧ ខាងដើម ដែលជាបទបញ្ញត្តិចាំឃុំគ្រងចិត្ត
ចាំដាស់តឿនចិត្តជាប់ជារឿយៗ សង្ឃឹមថា យ៉ាងហោចណាស់ វាក៏ធ្វើឲ្យយើងមានល្មមប្រើ
មានល្មមស៊ី និងមានសល់សន្សំទុកបានខ្លះ មិនច្រើនក៏តិចដែរ ៕
ប្រែ.គ.វ
រូបភាព៖
Google.com