Sunday, December 17, 2017

ទ្រឹស្ដីអប់រំដ៏មានតម្លៃ៩ឃ្លាពីអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា


ទ្រឹស្ដីអប់រំដ៏មានតម្លៃ៩ឃ្លាពីអ្នកប្រាជ្ញក្នុងព្រះពុទ្ធសាសនា

“សត្វលោកពេលកើតមករមែងនាំសេចក្ដីទុក្ខជាប់តាមខ្លួនមកផងដែរ ដរាបណាដែលគេមិនទាន់រលាស់ចោសសេចក្ដីពេញចិត្តក្នុងសង្ខារចេញទេ សេចក្ដីទុក្ខរមែងជាប់ទៅតាមជានិច្ច ឧបមាដូចជាគោដែលមាននឹមរទេះជាប់នៅលើក កងរទេះរមែងជាប់ទៅតាមគ្រប់ជំហានក៏យ៉ាងនោះដែរ ព្រះពុទ្ធ

អ្នកដទៃមិនបានធ្វើចិត្តរបស់យើងឲ្យសៅហ្មង ឬផូរផង់ យើងខ្លួនឯងទៅវិញទេ ដែលជាអ្នកធ្វើឲ្យចិត្តសៅហ្មង អ្នកដទៃជួយមិនបាន សូម្បីតែព្រះពុទ្ធជាម្ចាស់ក៏ជួយមិនបាន ព្រះអង្គគ្រាន់តែជាអ្នកត្រុសត្រាយផ្លូវឲ្យប៉ុណ្ណោះតេជ. អនាលយោ

តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?


តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?

និទានធម្មៈគតិអប់រំចិត្ត តើអ្នកបានអ្វីពីពេលវេលាដែលកន្លងផុតទៅមួយថ្ងៃៗនេះដែរទេ?...មនុស្សយើងម្នាក់ៗ បើចេះគិតថ្លឹងថ្លែងពីពេលវេលាដែលកន្លងផុតទៅ គិតពិចារណាឲ្យបានច្បាស់លាស់ហើយ យើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងពីពេលវេលានេះ ដូចជា៖

យើងត្រូវរកវត្ថុដ៏ល្អមកដាក់ក្នុងចិត្តយើង



យើងត្រូវរកវត្ថុដ៏ល្អមកដាក់ក្នុងចិត្តយើង

បាប..មិនធ្លាប់ជាទីពឹងដល់បុគ្គលណា
បាបនោះ.. តាមបំផ្លិចតាមបំផ្លាញ
សព្វសារពើដែលរុញច្រាល
ឲ្យយើងត្រូវមកជួបក្ដីក្ដៅក្រហាយ
ផ្ទុយពីបុណ្យ សព្វគ្រប់ប្រការ
នឹងញ៉ាំងឲ្យយើងកើតមានក្ដីសុខសប្បាយ
លោកទើបប្រៀបធៀបគ្នាថា
ការធ្វើបុណ្យនេះទុកដូចជាការបង្កើតទឹកស្អាត
លាងកំចាត់បង់ទឹកអាក្រក់

ធម្មៈមុនចូលដេក ស្តីពីដឹងថាមិនដឹង


ធម្មៈមុនចូលដេក ស្តីពីដឹងថាមិនដឹង

ចំណេះដឹងជាបច្ច័យដ៏សំខាន់ដែលជួយរុញច្រានមនុស្សឲ្យជួបប្រសព្វភាពជោគជ័យក្នុងជីវិត ផ្គួបផ្សំជាមួយសមត្ថភាព និងចរិយាការប្រព្រឹត្តល្អ ហើយពិសេសជាងនោះ ប្រសិនបើដឹងថា ខ្លួនឯងនៅមិនទាន់ចេះដឹងទេ ក៏នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃចំណេះដឹង សមត្ថភាព និងចរិយាការប្រព្រឹត្តក្នុងផ្លូវល្អតាមកាយ វាចា និងចិត្តផងដែរ ។

ក្នុងសម័យពុទ្ធកាលមានចោរ ២ នាក់ ណាត់គ្នាចូលទៅលួចទ្រព្យសម្បត្តិរបស់អ្នកស្រុក ដែលនាំគ្នាទៅធ្វើបុណ្យនៅឯតាមវត្តអារាម ។ ពេលទៅដល់ ចោរម្នាក់ ចន្លោះពេលដែលរង់ចាំឱកាសចាប់ផ្ដើមធ្វើសកម្មភាពនោះ ក៏អង្គុយស្ដាប់ទេសន៍ក្នុងពេលនោះទៅ ធ្វើឲ្យខ្លួនកើតនូវសេចក្ដីភ្ញាក់រលឹកដឹងបាបបុណ្យគុណទោស ក៏ផ្លាស់ប្ដូរចិត្តលែងធ្វើអំពើអាក្រក់តទៅទៀត ។ ចំណែងខាងចោរម្នាក់ទៀត មិនចាប់អារម្មណ៍អ្វីឡើយ ពេលមានឱកាសល្អដែលអ្នកដទៃភ្លេចខ្លួន ក៏លូកកាបូបយកទ្រព្យគេទៅបាន ។ ពេលត្រឡប់ទៅដល់កន្លែងសម្រាកវិញ ក៏និយាយសួរទៅកាន់ចោរម្នាក់ដែលផ្លាស់ប្ដូរចិត្តថា ត្រង់ដែលមិនបានអ្វីមកជាប់ដៃជាប់ជើងមកនេះ ព្រោះល្ងង់ណាស់។ ចោរដែលបានផ្លាស់ប្តូរចិត្តគិតថា មិត្តម្នាក់នេះ សម្គាល់ថាខ្លួនជាមនុស្សឆ្លាត ព្រោះតែភាពល្ងង់ខ្លៅដោយពិត។ ថ្ងែបន្ទាប់មក គេមានឱកាសចូលទៅក្រាបទូលសួរព្រះពុទ្ធបរមគ្រូជាម្ចាស់ ព្រះអង្គទ្រង់ត្រាស់ថា បុគ្គលល្ងង់ ហើយដឹងថា ខ្លួនជាមនុស្សល្ងង់ បុគ្គលនេះឯងជាមនុស្សឆ្លាតបាន ព្រោះតែការដឹងដូច្នេះ ចំណែកបុគ្គលណាល្ងង់ តែសម្គាល់ខ្លួនថា ឆ្លាត បុគ្គលនោះជាមនុស្សល្ងង់ដោយពិត

ជាទូទៅ មិនមានអ្នកណាដែលនឹងដឹងទៅគ្រប់រឿងទេ បើមិនដឹងហើយ ដឹងខ្លួនថាមិនដឹង ។ ការមិនដឹងនោះ ក៏មិនដល់ថ្នាក់បង់ខូចប្រយោជន៍យ៉ាងណាមួយ ព្រោះនៅមានច្រកផ្លូវដែលនឹងឲ្យកើតមានចំណេះដឹងពិតៗឡើងបាន ប៉ុន្តែបើមិនដឹងហើយគិតថាដឹង ចំណេះដឹងពិតក៏នឹងកើតឡើងមិនបាន សមត្ថភាព និងការប្រព្រឹត្តក៏ហុចផលទៅតាមនោះផងដែរ ។ ការមិនដឹងថា មិនដឹង ទើបជាគុណសម្បត្តិមួយយ៉ាងរបស់បុគ្គលឆ្លាតទាំងឡាយ ៕




Saturday, December 16, 2017

ភរិយា ៧ ប្រភេទ (កាព្យ) តចប់


ភរិយា ៧ ប្រភេទ (កាព្យ) តចប់
                       
ភរិយាទី ៣                  ឥតចិត្តមេត្រី
អាសូរភស្ដា                 គិតតែខាងខ្ជិល
ច្រអូសកាយា               ខ្ជិលថែរក្សា
រៀបចំទុកដាក់ ។            ចិត្តសោតតក់ម៉ក់
សំដីអាក្រក់                  ច្រាសឆ្អេះឥតអាក់
កំហែងគំហក                ដាក់ស្វាមីភ័ក្តិ
ឲ្យស្វែងរកប្រាក់            ចិញ្ចឹមអាត្មា ។
ដំកើងខ្លួនឯង                មិនមានកោតក្រែង
ខ្លាចចិត្តភស្ដា                 ធ្វើឫកដូចម្ចាស់
ចៅហ្វាយឧកញ៉ា            បើប្ដីស្ដីថា
សំឡក់ក្រោធខឹង ។        ភរិយាទី ៤

ភរិយា ៧ ប្រភេទ (កាព្យ)


ភរិយា ៧ ប្រភេទ (កាព្យ)

ខ្ញុំម្ចាស់សូមក្រាប          សិរោទន់ទាប
ប្រណម្យវន្ទា                ឆ្ពោះរត្នទាំងបី
ដោយក្ដីសទ្ធា               សូមមានជយា
សិរីសុខា    ។               រួចប្រែភាសិត
រិះដោយគំនិត               សម្រាប់បណ្ដា
ជនដែលសិក្សា             រៀនមើលស្រួលមាត់ ។
តែចាំកាលណា             ងាយអានងាយថា
មិនសូវជ្រួសភ្លាត់           ព្រោះពាក្យជួនៗ
ឆ្លើយគ្នាតាមបទ            ប្រាំពីរវគ្គគត់
ជាមួយល្បះឃ្លា ។          នឹងថ្លែងពីស្រី
នៅក្នុងលោកិយ            ចិត្តស្មើខុសគ្នា
ស្មើមួយគួរយក            ស្មើមួយគួរលា
ស្មើមិនដូចគ្នា                មានពីរចំណែក ។

Friday, December 15, 2017

ចិត្តបរិសុទ្ធហើយ សុគតិគួរគប្បីប្រាថ្នាចុះ


ចិត្តបរិសុទ្ធហើយ សុគតិគួរគប្បីប្រាថ្នាចុះ

"កាលបើចិត្តបរិសុទ្ធហើយ សុគតិគួរគប្បីប្រាថ្នាចុះ" ។ សេចក្ដីថា អ្នកណាមួយ ទោះបព្វជិតក្ដី គ្រហស្ថក្ដី កាលបើបានធ្វើចិត្តខ្លួនឱ្យស្អាតបរិសុទ្ធហើយ អ្នកនោះ នឹងត្រូវបាននូវសុគតិ ។ ឯសុគតិនោះ ប្រែថា ដំណើរល្អ" មានពីរយ៉ាងគឺ៖

ក) ដំណើរល្អក្នុងការប្រតិបត្តិ ។ សេចក្ដីថា អ្នកដែលមានចិត្តស្អាតបរិសុទ្ធ តែងប្រតិបត្តិធ្វើតែអំពើល្អ អំពើសុចរិត ។

ខ) ដំណើរល្អក្នុងគតិ គឺកំណើត ។ សេចក្ដីថា អ្នកដែលបានប្រតិបត្តិត្រឹមត្រូវតាមសុចរិតធម៌ហើយ លុះធ្វើមរណកាលទៅ នឹងបានទៅកើតក្នុងកំណើតមនុស្សខ្លះ កំណើតទេវតាខ្លះ ។

អប់រំចិត្ត


អប់រំចិត្ត 

ចិត្តវិវេក ចិត្តស្ងប់ ចិត្តបរិសុទ្ធ
ចិត្តសូន្យប្រកាន់ សូន្យកង្វល់
ចិត្តសូន្យនិម្មិត សូន្យជំពាក់
ចិត្តសូន្យកិលេស ស្មើនឹងសូន្យសៅហ្មង
គឺរស់នៅស្រាលៗ គ្មានទម្ងន់ រស់នៅធូរៗគ្មានចំណងរួបរឹត ។

មានសីលបរិសុទ្ធ ស្មើនឹងមានទីពឹង
មានវិបស្សនាបញ្ញា ស្មើនឹងមានទីរលឹក
មានទិដ្ឋិវិមុត្ត ស្មើនឹងមានទីបង្អែក ។

បុណ្យបានមកដោយសារការទូន្មានអប់រំ អត់ធ្មត់ សង្កត់ចិត្តឲ្យស្ងប់
បានដល់ការចម្រើនសតិប្បដ្ឋាន សមាធិ វិបស្សនា
ដើម្បីធ្វើចិត្តឲ្យស្ងប់ឋិតនៅនឹងធឹង ស្ងប់រម្ងាប់ បរិសុទ្ធស្អាត ចាកបាបអកុសល
រាល់ទង្វើអាក្រក់ផ្សេងៗ ដែលនាំឲ្យចិត្តកករល្អក់ សៅហ្មង
ឯទង្វើអាក្រក់ដែលធ្វើឲ្យចិត្តមិនស្ងប់មាន ៣ យ៉ាងគឺ៖

១) អភិជ្ឍា គិតសំឡឹងរំពៃ លួច ឆក់ ប្លន់ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ ។
២) ព្យាបាទ ការខឹងក្រោធ ច្រណែនឈ្នានីស គំនុំគុំគួន ចងអាឃាត ព្យាបាទអ្នកដទៃ ។
៣) មិច្ឆាទិដ្ឋិ ការយល់ខុសចាកពីហេតុផលពិត ជាក់ស្ដែងដូចយល់ឃើញថា ឪពុកម្ដាយមិនមានគុណ
គ្មានបុណ្យ គ្មានបាប គ្មានជាតិមុន គ្មានជាតិក្រោយ ជាដើម ។

ការអប់រំទូន្មានគ្រប់សង្កត់ចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចធ្វើអ្វីផ្សេងៗ
ឬពោលស្ដីនិយាយាអ្វីបាន ក៏ដោយសារចិត្ត ជាអ្នកបង្គាប់បញ្ជាមក ទើបធ្វើ ឬនិយាយស្ដីទៅកើត
បើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោលក្ដី និយាយក្ដី ធ្វើក្ដី
ក៏សុទ្ធតែអាក្រក់ទៅតាមចិត្តនោះទាំងអស់អ៊ីចឹងដែរ តែបើចិត្តគិតរឿងល្អ រឿងបុណ្យកុសល
ទោះធ្វើក្ដី និយាយក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសលទាំងអស់ទៅតាមនោះដែរ ។

ដូច្នេះត្រូវខំប្រឹងប្រែងព្យាយាមទូន្មាន អប់រំគ្របសង្កត់ចិត្ត
គឺធ្វើឲ្យចិត្តគិតតែក្នុងរឿងល្អៗតែម្យ៉ាងប៉ុណ្ណោះ ។
មួយវិញទៀត ការអប់រំទូន្មាន គ្របសង្កត់ចិត្តនេះទៀតសោត
ក៏ជាចំណុចសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាផងដែរ
ដែលអាចជួយឲ្យបានទៅដល់គោលដៅចុងក្រៅនោះ
ពោលគឺព្រះនិព្វាន ។

អប់រំដោយ
ឆៃ សុផល្លី ភាវនាមយ ភាគ ៣ បោះពុម្ពផ្សាយទី១
ព.ស. ១៥៥៧ ទំ.៧១-៧៣
រូបភាព៖ google.com

Thursday, December 14, 2017

រឿង បុរសកាប់ឈើមិនសំលៀងប៉ូវថៅ


រឿង បុរសកាប់ឈើមិនសំលៀងប៉ូវថៅ

នៅក្នុងភូមិជនបទដាច់ស្រយាលពីក្រុងមួយ មានបុរសដែលមានសន្ដានចិត្តល្អម្នាក់ រាងកាយក៏សែនរឹងមាំស្វាហាប់ ខ្លួនគេនោះមានមុខរបរជាអ្នកកាប់ឈើក្នុងព្រៃ​ នាំយកមកធ្វើជាអុស ដើម្បីនាំយកទៅលក់ឲ្យម្ចាស់ហាងលក់អុសមួយជាប្រចាំ និងដើម្បីដោះដូរជាមួយប្រាក់ដែលបានមកពីការបញ្ចេញកម្លាំងញើសឈាមនោះ មកចិញ្ចឹមគ្រួសាររបស់ខ្លួន ។

Wednesday, December 13, 2017

សមត្ថភាព និងជីវិតសម្បត្តិផ្សេងគ្នា


សមត្ថភាព និងជីវិតសម្បត្តិផ្សេងគ្នា

បានពោលមកហើយ ជីវិតសម្បត្តិ និងសមត្ថភាព តោងអាស្រ័យគ្នានូវគ្នា តែមិនគួរនឹងចូលចិត្តថា មានសេចក្ដីដូចគ្នា ។ អាការដែលដៃលើកដាក់អ្វីបាន ភ្នែកឃើញរូប ត្រចៀកស្ដាប់សំឡេងដូច្នោះជាដើម ដែលប្រព្រឹត្តទៅតាមហេតុរបស់ខ្លួនឯងដោយធម្មតា ឈ្មោះថា ជីវិតសម្បត្តិ មិនមែនសមត្ថភាព ។ អាការដែលអាស្រ័យធម្មតានោះឯង គិតប្រកបធ្វើករណីយកិច្ចផ្សេងៗ ឲ្យសម្រេចផលដែលល្អតាមត្រូវការ ឈ្មោះថា សមត្ថភាពតួយ៉ាងដែលនឹងលើកឲ្យឃើញ ដូចយ៉ាងដៃ សម្រាប់លើកដាក់អ្វីៗបានតាមធម្មតាកាលមានសេចក្ដីចេះដឹងឡើង អាចប្រើសរសេរអក្សរក៏បាន ប្រើធ្វើការឯទៀតៗ ដែលទាក់ទាមដោយដៃក៏បាន ។ ភ្នែកមានមុខការសម្រាប់មើលរូប ដែលមិនហួសវិស័យរបស់ភ្នែក កាលមានសេចក្ដីចេះដឹងឡើង អាចនឹងធ្វើកែវឆ្លុះពង្រីក សម្រាប់ប្រើឆ្លុះមើលរូបដែលល្អិត សូម្បីហួសវិស័យភ្នែកទទេក៏បាន ។ ត្រចៀកមានមុខការសម្រាប់ស្ដាប់សំឡេង ដែលមិនហួសវិស័យរបស់ត្រចៀក លុះមានសេចក្ដីចេះដឹងឡើង ក៏អាចនាំយកធាតុផ្សំបញ្ចូលគ្នា គិតចាត់ធ្វើវត្ថុផ្សេងៗ ដូចយ៉ាងវិទ្យុជាដើម សម្រេចជាគ្រឿងកំចាយសំឡេងឲ្យបានឮ ទៅក្នុងទៅឆ្ងាយៗ ខុសនឹងសំឡេងប្រក្រតីក៏បាន រហូតដល់ទៅចេះគិតធ្វើគ្រឿងស្លៀកដណ្ដប់ អាហារ ទីលំនៅ យានពាហនៈជាគ្រឿងផ្លូវឆ្ងាយឲ្យជិតបាន ឲ្យសេចក្ដីស្រួលដល់អ្នកទៅមកជាអាទិ៍ ។

សេចក្ដីបំណងនៃសមត្ថភាព
សមត្ថភាពនោះ ដោយសេចក្ដីគឺ សេចក្ដីជាអ្នកអាច ក្នុងករណីយកិច្ចតូចធំទាំងឡាយ គឺប្រកបដោយសេចក្ដីពិចារណាស្ទង់មើល ដោយឧបាយដ៏លែបខាយ ហើយទើបចាត់ទុកធ្វើដំណើរកិច្ចានុកិច្ចនោះៗ ឲ្យដុះដាលជាផលល្អ តាមត្រូវការរបស់ខ្លួន របស់អ្នកដទៃ រហូតដល់ទៅជាតិសាសនា ព្រះមហាក្សត្រ ស្រុកទេសរបស់ខ្លួន ។
បើនឹងពោលជាបុគ្គលាធិដ្ឋាន គួរលើកយកព្រះអានន្ទត្ថេរ ជាឧទាហរណ៍ មានរឿងដំណាលថា លោកគិតធ្វើតួយ៉ាងចីវរឡើង ត្រូវតាមព្រះបរមពុទ្ធាធិប្បាយ ហើយបានសេចក្ដីសរសើរ អំពីព្រះបរមសាស្ដា, ចាប់ដើមអំពីនោះមក ព្រះអង្គបានទ្រង់អនុញាតត្រៃចីវរគឺ សំឃាដី ឧត្តរាសង្គ អន្តរាវាសក ជាសំពត់កាត់តាមសណ្ឋាននោះ ឲ្យព្រះភិក្ខុសង្ឃប្រើដរាបមកដល់ឥឡូវនេះ នេះជាឧទាហរណ៍នៃសមត្ថភាពដោយឯកទេស ទោះនឹងលើកយកបុគ្គលដទៃៗ មកជាឧទារហណ៍ ក៏គប្បីធៀបដោយន័យនេះ ។
គុណខនេះ កាលមានក្នុងបុគ្គលណា រមែងធ្វើឲ្យបុគ្គលនោះ ឲ្យឧស្សាហ៍ខ្មីឃ្មាតអត់ធន់ ធ្ងន់ មិនស្រើបស្រាលហេវហាវ អង់អាច ក្លាហាន មិនខ្ជិលច្រអូសរួញរា ក្នុងករណីយកិច្ចតូចធំទាំងពួង អាចញ៉ាំងកិច្ចការនោះៗ ឲ្យសម្រេចស្រេចទៅបាន ដោយមិនទិសទាក់ជំពាលវីមវាម ឬស្ញប់ស្ញែងក្នុងកិច្ចការនោះ, ហេតុនោះ សមត្ថភាព ទើបជាគុណត្រូវតែប្រាថ្នាទាំងក្នុងផ្លូវលោកទាំងក្នុងផ្លូវធម៌, បើមានសមត្ថភាពហើយ ខ្លាចថ្វីរឿងការធម្ងន់ កុំថាតែធ្ងន់ម្យ៉ាងឡើយ ទោះក្រីក្រលំបាកយ៉ាងណា ក៏គង់មិនផុតវិស័យសមត្ថភាពទូទៅ គង់អាចចាត់ធ្វើឲ្យសម្រេច រួមយកសេចក្ដីជ័យជំនះ ទុកក្នុងកណ្ដាប់ដៃទាល់តែបានជាប្រាកដ, តែសមត្ថភាពនេះ មានសេចក្ដីទូលាយណាស់ ទើបគួររួបរួមកំណត់ទុក ឲ្យនៅក្នុងរង្វេងតាមដែលត្រូវការដូច្នេះ
១. អាចសមតាមអត្តភាព
២. អាចសមតាម ដំណែងមុខងារ
៣. អាចសមតាមពួកគណៈ
៤. អាចសមតាមធម៌ ។

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ២០៤-២០៦

សមត្ថភាពកើតឡើងពីការសិក្សា និងធ្វើតាម



សមត្ថភាពកើតឡើងពីការសិក្សា និងធ្វើតាម

ដែរពិត សមត្ថភាពនេះមាននៅសព្វទូទៅ ក្នុងជីវិតកើតជាគូសាងមកជាមួយគ្នា នឹងចម្រើនឡើងតាមសេចក្ដីចម្រើននៃជីវិត រហូតដល់ទៅសំដែងអាការៈចេញមកឲ្យឃើញជាក់ស្ដែង ដូចយ៉ាងអាចចាត់ចែងធ្វើអ្វីៗបាន វិសេសជាងរបស់ដែលធម្មតាតាក់តែងមក និងអាចនឹយាយរំលឹកដាស់តឿនក្រើនប្រដៅតតបប្រកបដោយតឹកតាង អាងមកជាគោលឲ្យអ្នកស្ដាប់ឃើញសមពិត កើតចិត្តក្លាហានទទួលជឿស្ដាប់ កាន់យកធ្វើតាមពាក្យនោះៗគ្រប់ប្រការ តែគ្មានការសិក្សាការបង្វឹកពត់ផ្សំក្នុងខាងដើម ក៏ដូចជាអាហារដែលគ្មានអ្នកផ្សំគ្រឿង នឹងសម្រេចជាអាហារដ៏ត្រកាលមានប្រភេទផ្សេងៗ ដូចម្ដេចបាន ឬដូចជាភ្នែក តាមធម្មតា ភ្នែកតោងឃើញរូប បើគ្មានភ្នែក នឹងឃើញអ្វីបាន។ ហេតុនេះ សមត្ថភាព នឹងលោតលេចចេញមកឲ្យឃើញ លុះតែបានសន្សំបន្ទុំមកដោយការសិក្សា ។ ការសិក្សានោះ និយាយដោយន័យម្យ៉ាងមាន ២ គឺ៖
១. ការសិក្សាអំពីគ្រូ
២. ការសិក្សាអំពីធម្មតា
១ . ការសិក្សាអំពីគ្រូ គឺការរៀនសូត្រតាមស្ថានទី រៀនសូត្រទាំងឡាយ ដូចយ៉ាង សាលារៀន វត្ត ភូមិ ផ្ទះជាដើម ។ ការសិក្សាជាន់នេះ ជាហេតុឲ្យបុគ្គលបាននូវសេចក្ដីចេះដឹង និងសេចក្ដីអាចក្នុងករណីយៈតាមកម្លាំង ។
២ . ការសិក្សាអំពីធម្មតា គឺការរៀនចេះដឹងរឿងធម្មតារបស់លោកខាងក្រៅ និងលោកខាងក្នុងគឺកាយ និងចិត្តរបស់យើងនេះ ដោយវិធីស្រាវជ្រាវរកហេតុផល គឺស្រាវជ្រាវរកដើមហេតុចុងហេតុរបស់ធម្មតា ដែលបានឃើញ បានស្ដាប់ បានធុំក្លិន បានបរិភោគ បានប៉ះពាល់ត្រូវ បានដឹងមកដូចម្ដេច, ការសិក្សាជាន់នេះ ដោយហេតុធ្វើឲ្យបុគ្គលអ្នកសិក្សា ឲ្យបានជ្រួតជ្រាបសព្វគ្រប់ដល់រឿងធម្មតាទាំងឡាយទាំងខាងក្នុងខាងក្រៅថា មានហេតុផលទាក់ទង់គ្នាទៅមកដូចម្ដេច ជួយជ្រោមជ្រែងឲ្យកើតសេចក្ដីចេះដឹងឆ្លៀវឆ្លាស ទាល់តែអាចបង្អោនមកគិតចាត់ធ្វើ ឲ្យសម្រេចជាទ្រព្យ មាសប្រាក់ របស់ផ្សេងៗជាច្រើនយ៉ាង ច្រើនប្រភេទ តាមតម្រូវការ នឹងអាចនាំមកជាគតិប្រដៅចិត្ត បង្វឹកសន្ដានខ្លួនឲ្យប្រព្រឹត្តទៅតាម ទាល់តែបានជាអ្នកសម្បូណ៌ស្តុកស្ដម្ភសមតាមភូមិ ។
មានរឿងដំណាលថា មនុស្សសម័យព្រេងនាយឯណោះ ឃើញជាងពត់កូនសរ អាចបង្អោនមកពត់ខ្លួនឲ្យស្លូតត្រង់សុចរិតទៅក៏បាន ឃើញភ្លើងឆេះព្រៃ ព្រិញថ្ងៃ ពពុះទឹក ជាដើម ហើយនាំមកពិចារណាប្រៀបធៀបនឹងកាយ-ចិត្តនេះ ទាល់តែអាចទំលាយគ្រឿងសៅហ្មងចិត្ត គ្រឿងរុំរឹតចិត្តឲ្យជាប់នៅក្នុងលោក សឹងត្រានៅក្នុងចិត្តឲ្យរលត់សូន្យសោះទៅ បានសុខកាយសប្បាយចិត្តស្មោះស្មាន គ្មានទុក្ខលាយឡំផង ទើបជាអ្នកមានអំណាចធំក្រៃលែងលើលោក លោកមិនអាចរួបរឹតឲ្យជាប់នៅបានឧទាហរណ៍ អម្បាលនេះលើកមកឲ្យឃើញថា លោកខាងក្នុង ខាងក្រៅ ជាស្ថានទីរៀនសិក្សាដ៏ធំទូលាយពេញដោយវិជ្ជាសព្វសារពើ ហើយជាគោលសំខាន់យ៉ាងណា បើត្រូវការចេះដឹងក៏គ្មានអ្នកណាហាមប្រាមឡើយ វៀរតែខ្លួនឯងមិនត្រូវការប៉ុណ្ណោះ ។
ហេតុនោះ សេចក្ដីចេះដឹងដែលកើតអំពីសិក្សា បើមិនធ្វើតាមដែលចេះដឹងហើយ សេចក្ដីចេះដឹងនោះ ក៏មិនជាការអស្ចារ្យអ្វី ចូលបែបពាក្យបូរាណថាមនុស្សក្បាលទំពែក បានក្រាស, មនុស្សកំបុតម្រាមដៃបានចិញ្ចៀនដូច្នោះ ថាបើយកសេចក្ដីចេះដឹងទៅប្រើក្នុងផ្លូវដែលខុស ដែលមិនមែនជាប្រយោជន៍ផងហើយ ក៏នឹងប្រព្រឹត្តទៅដើម្បីទុក្ខទោសភ័យមួយម្យ៉ាង ហេតុនោះ ក្នុងព្រះពុទ្ធសាសនា ព្រះបរមសាស្ដា ទ្រង់សំដែងបរិយត្តិ គឺការសិក្សា ព្រោះអត្ថថា ត្រូវរៀនសូត្រជាខាងដើម  ទើបទ្រង់សំដែងបដិបត្តិ គឺការដំណើរតាម ជាសេចក្ដីរៀងលំដាប់គ្នា, ដោយមានព្រះពុទ្ធបំណងឲ្យប្រព្រឹត្តទៅ ទាំងដើម្បីរៀនចេះដឹង ទាំងដើម្បីធ្វើតាមឲ្យសមគួរ អំពីនោះក៏នឹងបានទទួលផលសម្រេច តាមបំណងដែលធ្វើមក ទើបទ្រង់សំដែងបដិវេធជាខបរិយោសាន រួមគោលធម៌ដែលត្រឹមត្រូវមាន ៣ ប្រការដូច្នេះ ។
ដោយន័យនេះ ការសិក្សាដែលអាចឲ្យកើតសេចក្ដីចេះដឹង សេចក្ដីយល់ចូលចិត្តនោះ ទុកដូចជាមនុស្សនាំផ្លូវ ។ ការធ្វើតាមទុកដូចជាមនុស្សដើរផ្លូវ ដែលខ្លួនបំណងនឹងទៅ ។ ការដើរទៅតាមផ្លូវនោះ មិនត្រឡប់ក្រោយ ក៏នឹងបានលុះដល់ស្ថានទីនោះ តែអស់វេលាតិចឬច្រើន ស្រេចហើយតែថ្វីជើងដើរលឿនឬយឺត ព្រោះហេតុនោះ សេចក្ដីចេះដឹងដែលកើតអំពីការសិក្សា នឹងបានសម្រេចផលដូចបំណង ក៏ត្រូវតែធ្វើតាមឲ្យសមគួរ ។ ការរួមសេចក្ដីចេះដឹង ទាំងសេចក្ដីធ្វើតាមចូលផងគ្នា ក៏ជាកម្លាំងដ៏មហិមា ក្នុងការដែលនឹងឲ្យកើតសមត្ថភាព គឺអង់អាចក្លាហានគ្រប់គ្រាន់ ដល់ករណីយកិច្ចធំបានគ្រប់ផ្លូវជាប្រាកដ ។

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ៨២-៨៥

សមត្ថភាព ស្ទួយជីវិតសម្បត្តិ


សមត្ថភាព ស្ទួយជីវិតសម្បត្តិ

សមត្ថភាព (សេចក្ដីអាច) នេះ កាលជីវិតសម្បត្តិនៅមាន នៅដោយល្អហើយ រមែងធ្វើការជ្រោមជ្រែងជីវិតឲ្យឡើងថ្លៃបាន តែបើដាច់ជីវិតសម្បត្តិកាលណា កាលនោះ សមត្ថភាពក៏តោងឈប់អំពីមុខការមួយរំពេច ហេតុនោះ ជីវិតសម្បត្តិ និងសមត្ថភាព ទើបតោងអាស្រ័យគ្នានូវគ្នាប្រព្រឹត្តទៅ ។ ជីវិតសម្បត្តិនឹងមានតម្លៃតិចច្រើនយ៉ាងណា ស្រេចហើយតែកម្លាំងសមត្ថភាពរឹងប៉ឹង ឬទន់ទាប បើសមត្ថភាពមានកម្លាំងទុព្វលភាព ជីវិតសម្បត្តិក៏តោងអាប់ឱនអន់ចុះតាមគ្នា ។ ជីវិតសម្បត្តិប្រៀបដូចជាទារក ដែលកើតអំពីមាតាបិតា សមត្ថភាពប្រៀបដូចមាតាបិតា ឬពហ៍លៀងជាអ្នកប្រកបដោយសេចក្ដីចេះដឹង និងសេចក្ដីប្រព្រឹត្តល្អចាប់ដើមតាំងពីយល់ ក្នុងវិធីព្យាបាលរក្សាត្រូវតាមអនាម័យ និងសុខវិទ្យា ក៏អាចនឹងទំនុកបម្រុងទារកនោះ ឲ្យមានកម្លាំងកាយមាំមួន និងធំធាត់សមប្រកបចម្រើនវ័យឡើង ដោយលំដាប់កាល ។ បើមាតាបិតាចេះដឹងទំនៀមទម្លាប់ របៀបបែបផែនដែលល្អទូទៅ ឬចំពោះតែក្នុងវង្សត្រកូលរបស់ខ្លួន ទាំងដែលជាអ្នកមានកិរិយាមារយាទរៀបរយល្អ មុខគួរឲ្យស្រឡាញ់ មុខគួរឲ្យរាប់អាន សោត ក៏អាចនឹងបង្វឹកបង្ហាត់ទារកនោះ ឲ្យទៅជាក្មេងល្អ រហូតដល់ទៅអាចគ្រប់គ្រងខ្លួនឯងបាន ទៅថ្ងៃក្រោយ ។

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ៧៩-៨០

ត្រូវចេះប្រើជីវិតឲ្យជាប្រយោជន៍


ត្រូវចេះប្រើជីវិតឲ្យជាប្រយោជន៍

ជីវិតរបស់មនុស្សនេះ ដែលមានតម្លៃខ្ពស់បំផុត លុះតែចេះប្រើឲ្យជាប្រយោជន៍មែនៗផង បើមិនចេះប្រើ ទោះបីជីវិតជារបស់មានតម្លៃមកអំពីដើម (វៀរតែជីវិតរបស់ជនពាល) ក៏តោងថយតម្លៃមួយរំពេច ខនេះសូមឲ្យមើលតួយ៉ាង អ្នកដែលមានទ្រព្យដើមទុននៅស្រាប់ហើយ បើមិនចេះប្រើ មិនយល់ក្នុងវិធីជំនួញ ហើយធ្វើការចេញជួញ ក៏នឹងខាតបង់ទាំងទុនទាំងកម្រៃ ឬដល់នូវការរលំរលាយទៅតែម្ដងក៏មាន ហេតុនេះ ទើបតោងចេះប្រើជីវិតឲ្យជាប្រយោជន៍ មានដើមថា ទំនុកបម្រុងរាងកាយឲ្យមានកម្លាំងរឹងប៉ឹង ប្រាសចាករោគាពាធ មានកល្យាណមិត្តទុកជាគូជីវិត មានអាហារគ្រឿងសប្បាយ ប្រាសចាកទោស មានស្ថានទីនៅជាទីសប្បាយ ត្រូវតាមអនាម័យនិងសុខវិទ្យា មានធម៌ជាគោលជំរះ និងទំនុកបម្រុងចិត្តឲ្យជ្រះស្រឡះ ជាសុខសប្បាយ ។ នូវមានធម្មតាប្រចាំនៅក្នុងលោក ១ ពួកទៀត ដែលហៅថាលោកធម៌ ៨ គឺ មានលាភ និងឥតលាភ ១ គូ មានយស និងឥតយស ១ គូ និន្ទា និងសរសើរ ១ គូ សុខ និងទុក្ខ ១ គូ ឲ្យកើតត្រេកអរ និងស្អប់តាមពេល ដែលមកប្រសពត្រឡប់ទៅត្រឡប់មកជាធម្មតា ។ លោកធម៌នោះ លោកប្រៀបដូចជាខ្យល់ព្យុះ សេចក្ដីត្រេកអរ និងស្អប់ ប្រៀបដូចរលកក្នុងមហាសមុទ្រ ជីវិតប្រៀបដូចភេត្រា ។ លោកធម៌នេះជាគូជីវិត ដល់វេលាបានលាភ យស សរសើរ សុខ ក៏នាំឲ្យត្រេកអរ ចូរមកធ្វើចិត្តឲ្យប៉ោងឡើង និងទ្រោមចុះ ទំនងដូចជាភេត្រា ដែលនៅក្នុងកណ្ដាលមហាសមុទ្រ សឹងត្រូវខ្យល់ព្យុះ និងរលកបោកបក់ឲ្យខ្ពស់ៗឲ្យទាបៗ ហេតុនោះ កាលប្រាថ្នានឹងឲ្យជីវិតនៅជាសុខសប្បាយ ទើបគួរប្រើសតិសម្បជញ្ញៈឲ្យចូលជួយឧបត្ថម្ភ ទោះបីត្រូវលោកធម៌មករំអុកក្ដី ក៏នឹងបានផាត់ទាត់ឲ្យឆ្ងាយទៅ  សមតាមសុភាសិតថា “កុំរេតាមខ្យល់ កុំវល់តាមរលក” ដូច្នេះ ។

រួមសេចក្ដីចំពោះបទ

ជីវិតជារបស់មានតម្លៃ


ជីវិតជារបស់មានតម្លៃ

ព្រោះហេតុអ្វី មនុស្សទើបតោងស្រឡាញ់ជីវិតរបស់ខ្លួនគ្រប់រូប ក្រៅអំពីសេចក្ដីដែលពោលមកហើយ ក៏គួរជាឃើញថា ព្រោះជីវិតរបស់មនុស្សនេះ រកបានដោយក្រ បណ្ដាលរបស់ផ្សេងៗ ដែលមាននៅក្នុងលោកនេះ ដែលនិយមថាជារបស់មានតម្លៃ ក៏នូវមិនស្មើនឹងតម្លៃរបស់ជីវិតនេះនៅឡើយ ព្រោះរបស់តម្លៃទាំងនោះកាលសាបសូន្យទៅហើយ បើមានជីវិតរស់នៅទាំងមានទ្រព្យផង អាចនឹងរកថ្មីជំនួសក៏បាន ព្រោះហេតុនេះជីវិតរបស់មនុស្ស ទើបជារបស់មានតម្លៃជាងតម្លៃនៃវត្ថុផ្សេងៗ ក្នុងលោកនេះ លោគិតមើល ឧបមាថា យើងស្លាប់ហើយ ទទួលមានអ្នកវិសេសជប់ឲ្យត្រឡប់រស់មកវិញ ហើយទារយកបំណាច់អំពីយើងយ៉ាងច្រើនបំផុត បើយើងគ្មានទ្រព្យរបស់នឹងឲ្យគេ ក៏គង់ជានឹងយកខ្លួនទៅបំរើអ្នកនោះ ជាការតបគុណគេ កុំថាឡើយដល់ទៅស្លាប់ សូម្បីតែអវយវៈឯណានីមួយពិការ ដូចភ្នែកខ្វាក់ ត្រចៀកថ្លង់ ។ល។ បើជាមានគ្រូពេទ្យវិសេសអាចរក្សាឲ្យត្រឡប់សះជាដូចដើមវិញ ហើយទាមទារយកបំណាច់តាមត្រូវការ ជឿថា អ្នកសាមីខ្លួនគង់ជាសុខចិត្តឲ្យដោយស្រួល ទាំងអំណរគុណគេយ៉ាងច្រើនទៀតផង ឧទាហរណ៍ប៉ុណ្ណេះ ក៏ល្មមឃើញបានហើយថា ជីវិតជារបស់មានតម្លៃយ៉ាងណា បើចេះប្រើឲ្យជាប្រយោជន៍ពិតប្រាកដ ក៏នឹងទ្វេតម្លៃផុតវិស័យនឹងត្រារាប់បាន ។

ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ១៨៩-១៩០


សីលានុស្សតិ


សីលានុស្សតិ

សត្វទាំងឡាយបានទៅកាន់ឋានសួគ៌ក៏ព្រោះសីល, សត្វទាំងឡាយបរិបូណ៌ដោយភោគសម្បត្តិក៏ព្រោះសីលនិងសត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ក៏ព្រោះសីល មកប៉ុណ្ណេះ ជាដើម

ជីវិតជាសម្បត្តិក្នុងខ្លួនដ៏សំខាន់


ជីវិតជាសម្បត្តិក្នុងខ្លួនដ៏សំខាន់

ដូចពោលហើយថា មនុស្សយើងនេះនឹងរស់នៅបានព្រោះជីវិត ប៉ុណ្ណោះក៏ល្មមបានហើយថា ជីវិតជាសម្បត្តិក្នុងខ្លួនដ៏សំខាន់យ៉ាងណា កាលណាជីវិតរស់នៅ នឹងត្រូវការធ្វើខ្លួនយើងឲ្យមានចំណេះវិជ្ជា ឲ្យមានគុណធម៌ សេចក្ដីល្អឆ្លាសក្នុងវីធីប្រើវោហារ យល់ក្នុងវិធីគិតអានឲ្យវិសេសឡើងទៅ ឬនឹងឲ្យជាអ្នកសម្បូណ៌ដោយទ្រព្យដោយយសស័ក្ដិ ។ល។ សោត ក៏មានអំណាចនឹងធ្វើបាន ទាំងមានអំណាចនឹងទំនុកបម្រុងខ្លួនឲ្យបានសុខ ប្រាសចាកទុក្ខទាំងពួងក្នុងលោកនេះ ពោលយ៉ាងសម្បត្តិខាងក្រៅ ទាំងជាចលនវត្ថុ ទាំងជាអចលនវត្ថុ ជារបស់កណ្ដាលនៅសម្រាប់ក្នុងលោក បើត្រូវកាន់យកជាកម្មសិទ្ធិរបស់ខ្លួន ដោយត្រឹមត្រូវតាមគន្លងធម៌ និងកាន់កាប់តាមច្បាប់ ឬនឹងគិតចាត់ធ្វើឡើងប្រើក៏បាន គ្មានអ្នកហាមប្រាម រួមសេចក្ដីថា សម្បត្តិខាងក្រៅ ដែលជារបស់មាននៅក្នុងលោក ដែលមនុស្សធ្វើឡើង រហូតទៅដល់សម្បត្តិខាងក្នុង គឺសេចក្ដីល្អផ្សេងៗ ទាំងអស់ កើតមានឡើងព្រោះជីវិតសម្បត្តិ តែអ្នកខ្លះមិនបានដឹងថា ខ្លួនមានជីវិតជាសម្បត្តិនៅក្នុងកណ្ដាប់ដៃ បើចេះប្រើឲ្យត្រូវកបកលឲ្យជាប្រយោជន៍មែនទែនហើយ អាចនឹងមានអំណាចភ្ជាប់សម្បត្តិខាងក្រៅ និងខាងក្នុងមកជាសម្បត្តិរបស់ខ្លួនបាន គេច្រើនតែល្អបង់ចោល ទើបតោងឱនថយជាងសាធុជនទាំងឡាយ ដែលបានធ្វើដូច្នោះ ព្រោះហេតុនោះ ជីវិតសម្បត្តិទើបប្រៀបដូចដើមទុន ដែលគ្រឿងសម្រាប់ប្រកបកិច្ចឲ្យកើតផលចំណេញ សមគួរណាស់តែនឹងដឹងថា ជីវិតរបស់មនុស្សយើងនេះជាសម្បត្តិក្នុងខ្លួនដ៏សំខាន់តែម្ដង បណ្ដាលអ្នកមានជីវិតរស់នៅហើយ គួរជាសាទរឲ្យសមតាមភូមិរបស់ខ្លួនដោយពិត ។


ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ.១៨៧-១៨៩

Tuesday, December 12, 2017

មនុស្សរស់នៅបានព្រោះជីវិត


មនុស្សរស់នៅបានព្រោះជីវិត

មួយបរិយាយទៀត កាយរបស់យើងដែលមើលឃើញច្បាស់ជារូបជារាងនេះ មានគ្រោងឆ្អឹងផ្គុំចូលគ្នា ជាន់ក្រៅមានស្បែកស្រោបស្ដើងខ្លះ ក្រាស់ខ្លះ សមតាមភាពរបស់រាងកាយ ដែលត្រូវប្រើធ្វើការស្រាលខ្លះ ធ្ងន់ខ្លះ ឆ្អឹងអំបាលនេះជាកំណាត់ៗ ភ្ជាប់គ្នាតាមវែងខ្លី មានសាច់និងសរសៃធំតូច រុំរីតយឹតទុកឲ្យបត់ទៅបត់មក នឹងប្រែប្រួលទៅបានផ្សេងៗ តាមត្រូវការ តាមសន្លាក់ដំណមានខ្លាញ់ហាក់ដូចជាយន្ដនៅខាងក្នុង ធ្វើឲ្យកំរើកទៅមកបាន មានសរសៃលោហិត ដាស់ទាំងខ្លួន អប់កាយឲ្យក្ដៅអ៊ុនៗ និងស្រស់នៅជានិច្ច នៅក្បាលមានខួរនិងសរសៃប្រសាទខ្វាត់ខ្វែងទាក់ទាមទូទៅទាំងសព៌ាង្គកាយ សម្រាប់នាំសេចក្ដីដឹងផ្សេងៗមក ។ ក្នុងផ្ទៃមានគ្រឿងសម្រាប់លំអិតអាហារ ដែលបរិភោគចូលទៅរាល់ៗថ្ងៃ អាហារថ្មីចូលទៅជំនួសអាហារចាស់ អាហារចាស់ក៏ក្លាយទៅជាឧច្ចារៈនិងបស្សាវៈទៅ ។ អវយវៈនៃរាងកាយនៅមានច្រើនជាងនេះ កាលនឹងពណ៌នាឲ្យល្អិតល្អសព្វគ្រប់ ក៏ហួសត្រូវការទៅ និងជាការលំបាកផង គួរកំណត់ដឹងតាមដែលអ្នកប្រាជ្ញលោកពោលទុកថា ក្នុងចំណែកអំបាលនេះ ចំណែកឯណាដែលមានលក្ខណៈរឹងទំនងដូចជាដី ដូចយ៉ាងសក់ រោម ក្រចក ធ្មេញ ស្បែក សរសៃ ឆ្អឹង ជាដើម ចំណែកនោះលោកតាំងឈ្មោះហៅថា ធាតុដី ។

មនុស្សគឺអ្វី?


មនុស្សគឺអ្វី?

មនុស្សយើងនេះ តាមដែលគេយល់ដោយច្រើន ក៏គឺស្រី ប្រុស ទាំងក្មេង ទាំងចាស់ ដែលមានចិត្តខ្ពស់ មានរូបរាងខ្ពស់បញ្ឈរឡើងទៅលើ ហៅថា មនុស្ស ។ តែសេចក្ដីយល់ត្រឹមប៉ុណ្ណេះនូវមិនទាន់ល្មម គួរនឹងបន្ថែមសេចក្ដីយល់ឲ្យល្អិតចេញទៅទៀត ដើម្បីជាឧបាយឲ្យភ្លឺក្នុងបញ្ញាថា បណ្ដាលភាវៈទាំងឡាយ រមែងកើតអំពីហេតុ បើគ្មានហេតុជាអ្នកតាក់តែង នឹងកើតឡើងមិនបាន សឹងប្រៀបដូចផ្ទះ បើគ្មានអ្នកធ្វើ នឹងសម្រេចជាផ្ទះឡើងពុំបាន ។ មនុស្សនេះក៏ជាសភាវៈមួយយ៉ាង ទើបតោងមានហេតុជាដែនកើត ។ ឯហេតុដែលកើតមនុស្សឡើងនោះគឺអ្វី បើកាន់តាមគោលព្រះពុទ្ធសាសនាលោកថា អវិជ្ជា តណ្ហា ឧបាទាន កម្ម ហេតុអំបាលនេះឯងមិនមែនដទៃ តែងឲ្យកើតធម្មតា ២ យ៉ាងគឺ ធម្មតាខាងទាប ១ ធម្មតាខាងខ្ពស់ ១ ។
ធម្មតាខាងទាបលោកថា បានដល់រូបធម៌ ដែលមានចិត្តគ្រប់គ្រងគឺ រូបកាយ ។ ធម្មតាខាងខ្ពស់លោកថា បានដល់នាមធម៌ ដែលមិនអាចឃើញដោយភ្នែក មិនអាចស្តាប់បានដោយត្រចៀក មិនអាចធុំក្លិនដោយច្រមុះ មិនអាចភ្លក់រសដោយអណ្ដាត មិនអាចប៉ះពាល់បានដោយកាយ បើនឹងថាឲ្យខ្លីក៏គឺចិត្ត ដែលអាស្រ័យខាងក្នុងនៃរូបកាយ ។ រាងកាយរស់នៅបានដោយសារអាហារ នឹងខ្យល់ដង្ហើមចេញចូល បើមិនបានបរិភោគអាហារ នឹងដាច់ខ្យល់ដង្ហើមកាលណាហើយ កាលនោះ រាងកាយក៏តោងដេកស្ដឹងស្ដូកលើផែនដី ដូចជា កំណាត់ឈើដែលប្រាសចាកប្រយោជន៍ ។ ភាគផ្សេងៗ ដែលមករួមគ្នា ក៏បែកខ្ញែកចេញពីទីទៃពីគ្នា ភាគដែលរួមគ្នា មានប្រភេទជាធាតុដី ក៏ត្រឡប់ក្លាយទៅជាធាតុដីទៅ ភាគដែលរួមជាធាតុទឹក ក៏ត្រឡប់ក្លាយទៅជាធាតុទឹកទៅ។ល។...
តាមធម្មតារបស់រូបកាយ ដែលត្រូវតែដូច្នេះ ដូចគ្នាគ្រប់រូប ហើយក្នុងវេលានោះ នឹងប្រើធ្វើអ្វីក៏មិនបាន ។ មួយយ៉ាងទៀត ចំពោះតែកាយមួយយ៉ាងគ្មានចិត្ត នឹងធ្វើពុំបាន ដោយន័យនេះ លោកទើបប្រៀបថា ចិត្តជាចៅហ្វាយនាយ កាយដូចជាខ្ញុំ ឈ្មោះថា ខ្ញុំត្រូវធ្វើតាមបង្គាប់របស់ចៅហ្វាយ ចៅហ្វាយប្រើឲ្យធ្វើអ្វី តោងធ្វើតាមគ្រប់យ៉ាងទទឹងមិនបាន ហេតុនេះ កាយទើបបានឈ្មោះធម្មតាខាងទាប ។
នៅមានគោលបាលីថា បណ្ដាលធម្មតាទាំងឡាយ មានចិត្តជាប្រធាន មានចិត្តជាធំ សម្រេចបានដោយចិត្ត បើចិត្តខឹងក្រោធហើយ នឹងធ្វើ នឹងនិយាយអ្វីក៏ដោយ សេចក្ដីទុក្ខរមែងជាប់តាមទៅដូចជាកង់រទេះ ទៅតាមជើងគោដូច្នោះ ។ បើចិត្តថ្លាបរិសុទ្ធហើយ នឹងធ្វើអ្វីនឹងនិយាយអ្វីក៏ដោយ សេចក្ដីសុខរមែងជាប់តាមទៅ ដូចជាស្រមោលអន្ទោលទៅតាមខ្លួនដូច្នេះ ។ ដោយន័យនេះ មនុស្សយើងនឹងបានទុក្ខបានសុខ ក៏ព្រោះចិត្ត នឹងអាក្រក់ឬល្អក៏ព្រោះចិត្ត ចិត្តទើបជាចៅហ្វាយនាយរបស់កាយ ព្រោះហេតុនោះ ចិត្តទើបបានឈ្មោះថា ធម្មតាខាងខ្ពស់ ។
ធម្មតា ២ យ៉ាងនេះឯង រមែងទីកត់សំគាល់ចូលចិត្តជារាល់គ្នាថា មនុស្សគឺស្រី ប្រុសជាដើម ហើយអាចសម្រុតមនុស្សឲ្យធ្លាក់ថោកទាប ដូចយ៉ាងធ្វើសេចក្ដីអាក្រក់ផ្សេងៗ ជាផ្លូវខូចខាតក៏បាន ស្ទួយមនុស្សឲ្យឡើងខ្ពស់ជាភាវៈដើម ដូចយ៉ាងធ្វើសេចក្ដីល្អ ទាល់តែបានលើកឲ្យជានេះជានោះ ដែលផ្លូវចំរើនក៏បាន ព្រោះហេតុនោះលោកទើបឲ្យឈ្មោះថា ធម្មតាខាងទាប និងធម្មតាខាងខ្ពស់ មួយបរិយាយទៀត ។


ចម្លងចេញពីសៀវភៅ កម្ពុជសុរិយា បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត
ភ្នំពេញ គ.ស. ១៩៣៨ ភាគ ១ ទំ. ១២៥-១២៨
ដោយ ចាន់

Monday, December 11, 2017

រឿង ស្ដេចចាប តចប់(៣)


រឿង ស្ដេចចាប តចប់(៣)

ដូចជាមនុស្សខ្លះ ដែលយើងឃើញជាតួយ៉ាងច្រើនគ្នាណាស់ក្នុងមួយថ្ងៃៗ ថាវារៈចុងក្រោយក៏មិនមានផ្លូវដែលផែនដីនឹងកើតកប់លុបមុខទៀតហើយក្នុងជាតិនេះ ។ ហើយកប់បាំងបែបនេះ ដើម្បីអប់រំប្រៀនប្រដៅខ្លួនឲ្យស្គាល់ការលះបង់ឲ្យអ្នកដទៃ ជាការកាត់បន្ថយសេចក្ដីកំណាញ់ សេចក្ដីលោភ និងជាផ្លូវនាំទៅរកភាពជាមនុស្ស ក្នុងផ្លូវព្រះពុទ្ធសាសនានោះ យើងទាំងអស់គ្នាមានជំនឿថា អានិសង្សផលបុណ្យដែលយើងបានធ្វើក្នុងជាតិនេះ និងជាការសន្សំទុកជាស្បៀងបុណ្យដើម្បីនាំយកទៅប្រើក្នុងគ្រាដែលត្រូវការ ដែលខ្លួនចាកចេញពីលោកនេះទៅ ។
ន័យមួយទៀតគឺ ពេលដែលយើងគ្រប់គ្នាចេះរកទ្រព្យសម្បត្តិហើយ ក៏គួរនឹងចេះរក្សាទុក ចេះរកសេចក្ដីសុខពីការចេះចាយទ្រព្យឲ្យបានត្រឹមត្រូវស័ក្ដិសមផងដែរ ព្រោះការស្វែងរក ឬការគ្រប់គ្រងទ្រព្យសម្បត្តិ ដែលមិនបានធ្វើអ្វីម្យ៉ាង ទ្រព្យសម្បត្តិនោះនឹងមិនអាចសាងសេចក្ដីសុខ និងមិនអាចធ្វើអ្វីឲ្យកើតជាបុណ្យជាកុសលបាន ស្មើនឹងការមិនបានចាយវាយទ្រព្យសម្បត្តិនោះ ធ្វើឲ្យមានគុណតម្លៃដោយពិត ចំពោះជីវិត និងអ្នកដទៃ ។

Saturday, December 9, 2017

រឿង ស្ដេចចាប ត(២)


រឿង ស្ដេចចាប ត(២)

ស្ដេចចាបឆ្លើយតបថា
“ត្រង់ខ្លួនខ្ញុំប្រាប់ថា ស្រូវគួរទី ១ ត្រូវយកទៅប្រើដោះបំណុលចាស់គឺ ខ្ញុំត្រូវយកគួរស្រូវនេះត្រឡប់ទៅចិញ្ចឹមម្ដាយឪពុក ព្រោះក្នុងពេលនេះ លោកទាំងពីរចាស់ជរាណាស់ទៅហើយ ពេញមួយជីវិតរបស់លោក បានទទួលការលំបាកមករហូត លោកទាំងពីរជាអ្នកមានព្រះគុណដ៏លើសលុប រកអ្វីមកប្រៀបផ្ទឹមស្មើពុំបានឡើយ ។
លោកទាំងពីរជាអ្នកផ្ដល់កំណើត ឲ្យជីវិត បញ្ចុកចំណីអាហារ បញ្ចុកទឹក និងមើលថែទាំខ្ញុំមករហូតដល់ធំ រាប់ថា ខ្ញុំជាកូនបំណុលរបស់លោក ហើយខ្លួនខ្ញុំនេះ នឹងរកអ្វីមកតបស្នងសងគុណលោកក្នុងជាតិនេះ យ៉ាងណាក៏មិនមានថ្ងៃរួចអស់ដែរ ទើបសមគួរដែលជាកូនដូចជាខ្ញុំត្រូវយកចំណីអាហារ និងវត្ថុល្អៗតាមដែលខ្ញុំអាចរកមកបាន ជាចំណែកមួយទៅប្រើដោះបំណុលចំពោះលោកអ្នកដ៏មានព្រះគុណទាំងពីរ និងធ្វើយ៉ាងនេះ គង់លោកទាំងពីរនៅមានជីវិតរស់ ។

Friday, December 8, 2017

រឿង ស្ដេចចាប


រឿង ស្ដេចចាប

ក្នុងសម័យមួយដ៏យូរលង់ណាស់មកហើយ មានចាបមួយហ្វូង មួយហ្វូងនោះមានសត្វចាបប្រមាណជា ៥០០ ក្បាល ។ ពួកវារស់នៅអាស្រ័យក្នុងព្រៃរកាលើកំពូលភ្នំមួយកន្លែង តែដល់កាលវេលាដែលត្រូវចេញទៅរកស៊ី ហ្វូងសត្វចាបទាំងនេះនីមួយៗក៏នាំគ្នាហើរសំដៅទៅស៊ីស្រូវសាលី ក្នុងស្រែរបស់ប្រជាកសិករម្នាក់ ដែលនៅឯនាយអាយ ជាកន្លែងប្រភពចំណីអាហារដ៏សម្បូណ៌បែបបំផុត ។
ពិតមែនហើយ ស្រូវសាលីដែលចេញគួរនៅក្នុងទីកន្លែងនោះ មិនមែនកើតឡើងចេញឯកឯងតាមធម្មជាតិទេ មានកសិករម្នាក់ជាម្ចាស់ស្រែដែលបានដកស្ទូងបុកដាំឲ្យកើតឡើង ។ ពេលគេឃើញហ្វូងសត្វហើរមកខាំចឹកស៊ីយ៉ាងសប្បាយរីករាយដូច្នេះ ទើបគេព្យាយាមលួចក្លំមើលសត្វចាបមួយហ្វូងនោះ ទៅដោយការសោកស្ដាយស្រូវ ជាពិសេសអស្ចារ្យនោះ នឹកឃើញដល់ដំណក់ញើស កម្លាំងការងារដែលខំប្រឹងធ្វើមកនោះ ត្រូវពពួកសត្វចាបហើរមកចឹកស៊ីអស់នៅចំពោះភ្នែកខ្លួនដូចនោះ ។
គេទើបគិតរកដាក់ផែនការទុកក្នុងចិត្តថា គេនឹងធ្វើអ្វីម្យ៉ាង ដើម្បីចាត់ការជាមួយហ្វូងចាបទាំងអស់នេះឲ្យបាន ។ អស់រយៈកាលទៅជាច្រើនថ្ងៃ ដែលគេលួចចាំក្លំមើលហ្វូងចាបទាំងនោះ ។
គេរកឃើញអ្វីម្យ៉ាង ដែលមានការខុសប្រក្រតីជាងធម្មតាទូទៅ ។

Thursday, December 7, 2017

រឿង កង្កែបទទួលបានជ័យលាភី (តចប់)


រឿង កង្កែបទទួលបានជ័យលាភី (តចប់)

តើហេតុអ្វីយើងត្រូវយកត្រចៀកទៅស្ដាប់សំឡេងរបស់ក្រុមមនុស្សបរាជ័យ សូម្បីតែនឹងគិត ក៏គិតចុះចាញ់បាត់ទៅហើយ តាំងពីមិនទាន់បានចាប់ផ្ដើមធ្វើមកម្ល៉េះ?

មនុស្សដែលមិនព្រមចុះចាញ់ចំពោះមុខជោគជតាឧបសគ្គ គេគិតតែពីផ្នែកខាងវិជ្ជមានប៉ុណ្ណោះថា យើងត្រូវតែធ្វើបាន និងធ្វើបានប៉ុណ្ណោះ សូម្បីតែថា ត្រូវជួបប្រសព្វជាមួយឧបសគ្គរារាំងមុខធំប៉ុនណាក៏ដោយ ឧបសគ្គដែលកើតមានឡើងគ្រាន់តែមកពិសោធចិត្តក្លាហានរបស់យើងប៉ុណ្ណោះឯង ។

ចៅកង្កែបគ និងត្រចៀកថ្លង់មួយក្បាលនោះ វាបានជឿជាក់លើខ្លួនឯង និងស្ដាប់សំឡេងបេះដូងរបស់ខ្លួនឯងប៉ុណ្ណោះ ហើយអាចដោះស្រាយបញ្ហាប្រកបដោយភាពក្លាហាន ទើបវាជួបប្រសព្វនូវភាពជោគជ័យដ៏ធំធេង ដែលរង់ចាំនៅខាងមុខ ដូចជាអ្នកទទួលជ័យលាភីអ៊ីចឹងដែរ។

Wednesday, December 6, 2017

រឿង កង្កែបទទួលបានជ័យលាភី


រឿង កង្កែបទទួលបានជ័យលាភី

យូរលង់ណាស់មកហើយ នៅក្បែរមាត់ត្រពាំងមួយកន្លែង មានហ្វូងកង្កែបមួយហ្វូងធំ បានកំពុងអាស្រ័យរស់នៅ និងក្នុងថ្ងៃដែលមានអាកាសធាតុភ្លឺស្រឡះល្អ ហ្វូងកង្កែបមានការរៀបចំការប្រគួតឡើងដើមឈើធំមួយដើម នៅក្បែរមាត់ត្រពាំងទឹកនោះ ។

កតិកានៃការប្រគួតដែលមានខ្លឹមសារថា បើសិនកង្កែបមួយណាក៏ដោយ ដែលអាចឡើងទៅដល់ចុងឈើបាន និងទទួលបានរង្វាន់ដោយការប្រគល់ឲ្យទីតំបន់ដែលមានទីអាស្រ័យជាក់លាក់ ដែលមានសត្វល្អិតៗច្រើនកកកុញនៅក្នុងបរិវេណនោះ អាចហៅបានថា កង្កែបណានីមួយអាចឈ្នះការប្រគួតនោះ នឹងមានចំណីស៊ីដ៏សម្បូណ៌គ្រប់យ៉ាង អាចចាប់ស៊ីចំអែតផ្ទៃទៅអស់មួយជីវិតតែម្ដង ។

ដោយរង្វាន់ដ៏ពោរពាសហូរហៀរនេះ ទើបមានហ្វូងកង្កែបតូចធំ កម្លោះក្រមុំ ក្មេង ចាស់យ៉ាងកុះករមកដាក់ពាក្យសុំចូលរួមកម្មវិធីប្រគួតនេះ ក្នុងចំណោមសំឡេងហ៊ោបន្ទរឮសូរយ៉ាងលាន់រំពងនៃហ្វូងកង្កែបសុំចូលរួមទស្សនាការប្រគួត ដែលពួកខ្លួនមិនហ៊ានចុះក្នុងទីលានប្រគួតនឹងគេ ។

ខ្នើយពិសេស តចប់(៥)


ខ្នើយពិសេស តចប់(៥)

ទោះបីជាថ្ងៃនេះ ចិត្តយើងកំពុងកើតទុក្ខ ព្រោះអាចនឹងជាចំណែកមួយក្នុងមនុស្សដែលកំពុងជួបក្ដីវិបត្តិគ្រោះធម្មជាតិ ឬវិបត្តិណានីមួយក៏ដោយ សូមអ្នកសាកល្បងងាកបែរមកមើលសេចក្ដីទុក្ខរបស់មនុស្សដទៃខ្លះៗ ជឿថា នៅមានមនុស្សដែលមានទុក្ខលំបាកជាងយើងច្រើនណាស់ ដែលពួកគេត្រូវវិនាសបាត់បង់ខូចខាតច្រើនជាងយើង ប៉ុន្តែហេតុអ្វីគេនៅតែមានស្នាមញញឹម គេនៅតែស៊ូបាន ។
ក្នុងអំឡុងពេលជួបក្ដីវិបត្តិ យើងត្រូវតាំង “សតិ” ឲ្យបានច្រើនឡើងជាងមុនបន្តិច សាកមកអានពាក្យអប់រំរបស់ព្រះគ្រូ ផៃសាល វិសាលោ ជាព្រះគ្រូដ៏សំខាន់មួយអង្គ ដែលបានចេញមកផ្ដល់កម្លាំងចិត្ត និងមានគោលគំនិតល្អៗ ក្នុងពេលប្រជាជន ឬប្រជាបរិស័ទជួបប្រទះនូវគ្រោះធម្មជាតិ មានពាក្យអប់រំច្រើនឡើង ដែលនាំមកកែលំអប្រើជាមួយស្ថានការណ៍បច្ចុប្បន្ន ។ រឿងនេះកើតឡើង ព្រោះមានស្រ្តីម្នាក់តាំងសំនួរសួរដល់លោក ក្នុងបណ្ដាញសង្គម Facebook ដែលពោលពណ៌នាអំពី “ការភ័យខ្លាច”